Ad Code

សមាជិក​សមាជិកា​រដ្ឋ​សភា ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ជូនពរ​ស​ម្តេច​ប្រធានរដ្ឋសភា​ក្នុងឱកាស​ចម្រើន​ជន្មាយុ​គម្រប់ ៨៤ ឈានចូល ៨៥​ឆ្នាំ



ភ្នំពេញ​ ៖ សមាជិក​រដ្ឋសភា ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ដឹកនាំ​ដោយ​លោក យូ ហុកគ្រី អនុប្រធាន​ទី​១​រដ្ឋសភា លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា កាលពីព្រឹក​ថ្ងៃទី​២៥ ខែឧសភា បាន​ចូល​គោរព​ជូនពរ​សម្តេច​ប្រធានរដ្ឋសភា ជា​បន្តបន្ទាប់ នៅឯ​គេហដ្ឋាន​សម្តេច​ផ្ទាល់​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ចម្រើន​គម្រប់​ជន្មាយុ​៨៤​ឆ្នាំ ឈានចូល​៨៥​ឆ្នាំ​របស់​សម្តេច​។

ពិធី​បែប​ព្រះពុទ្ធសាសនា បានរៀបចំ​ធ្វើឡើង ក្នុង​ការ​ចម្រើន​សិរី​សួស្តី​ជូន​សម្តេច​ចក្រី ហេង សំរិន គម្រប់ ៨៤ ឈានចូល ៨៥​ឆ្នាំ​។ ក្នុង​ឱកាស​ដ៏​នក្ខត្តឫក្ស​នេះ សារលិខិត​ជូនពរ​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា ប្រធាន​ស្ថាប័ន​ធំៗ​របស់​ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាន​ផ្ញើ​សព្ទសាធុការពរ​ជូន​សម្តេច​ជា​បន្តបន្ទាប់​ផងដែរ​។

ជាមួយ​កន្ត្រក​ផ្កា អម​ដោយ​សារលិខិត​ជូនពរ​របស់​សមាជិក​សមាជិកា​រដ្ឋសភា បាន​គូស​បញ្ជាក់​ថា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​លះបង់​កម្លាំងកាយ​និង​ប្រាជ្ញា​ដ៏​ខ្ពង់ខ្ពស់ ចូល​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​រំដោះ និង​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​។ “​យើងខ្ញុំ​ទាំងអស់គ្នា​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​លើ​លោក តាម​ជួយ​បីបាច់​ថែរក្សា​ប្រទាន​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល​គ្រប់ប្រការ​ជូន​សម្តេច​ប្រធាន​មាន​ជន្មាយុ​យឺនយូរ និង​មាន​សុខមាលភាព​ពេញបរិបូរណ៍ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ក្នុងការ​ចូលរួម​ដឹកនាំ​នាវា​កម្ពុជា និង​ប្រជាពលរដ្ឋ​ឆ្ពោះទៅកាន់​វឌ្ឍនភាព ក្នុង​សុខសន្តិភាព ស្ថិរភាព​រឹងមាំ​តរៀង​ទៅ​”៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu