Ad Code

សិស្សសាលា​ពីរ​នាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍​មាន​ស្លាប់​ និង​របួស ​ដោយសារ​រថយន្ត​បែក​កង​រេ​ចង្កូត​បុក​ត្រូវ



តាកែវ ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​ទី​២០ ខែ​មិថុនា ២០១៨ នៅ​កំណាត់​ផ្លូវ​ខេត្ត​លេខ​១២A ស្ថិតនៅ​ភូមិ​ចុង​ថ្នល់ សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ និង​បាន​ធ្វើ​សិស្សសាលា​ពីរ​នាក់​ ដែល​ចេញពី​រៀន​នៅ​វេលា​ម៉ោង​១៩​យប់​ត្រឡប់​មកផ្ទះ​វិញ​រងគ្រោះ​មាន​ស្លាប់​និង​របួស។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​ទិស​គ្នា បែក​កង់​មុខ​រេ​​ចង្កូត​ចូលមក​បុក​​ម៉ូតូ​យ៉ាង​ពេញទំហឹង​នៅ​ចិញ្ចឹម​ផ្លូវ បណ្តាល​ឲ្យ​សិស្សសាលា​ពីរ​នាក់ ​រង​របួស​​បាក់ដៃ បាក់ជើង និង​បែកក្បាល​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត​រងរបួស​ស្រាល ដេក​សម្រាក​ព្យាបាល​នៅផ្ទះ។

​លោក ឥន្ទ មណ្ឌល អធិការរង​នគរបាល​ក្រុង​ដូន​កែវ បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ហេតុ​នោះ​ម៉ាក កា​មរី ឆ្លាម ពណ៌​ដី​ឥត ពាក់​ស្លាក​លេខ​ព្រៃវែង 2A-0879 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ​បាន​រត់​គេចខ្លួនបាត់។

ចំណែក​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង សេ​៥០ ពណ៌​ទឹក​ប៊ិច ពាក់​ស្លាក​លេខ​តាកែវ 1I-9801 បើកបរ​ដោយ​ឈ្មោះ ង៉ែត ប៊ុន​ហុង ភេទ​ប្រុស​អាយុ ១៧​ឆ្នាំ មុខរបរ​ជា​សិស្ស រស់នៅ​ភូមិ​ឃុំ​កើតហេតុ ខាងលើ រង​របួស​ស្រាល​ និង​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ ឆាន់ ខុ​ឌុន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស បើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1B-4774 រង​របួស​ធ្ងន់ ក្រោយពេល​កើតហេតុ ក្រុមមន្ត្រី​ជំនាញ​បាន​ឲ្យ​រថយន្ត​សាមុយ​ដឹក​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ តែ​ដោយមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ត្រូវបាន​គ្រូពេទ្យ​បញ្ជូន​បន្តទៅ​រាជធានី​ភ្នំពេញ។ ​ជា​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​ភ្នំពេញ។​

អ្នកឃើញ​ហេតុការណ៍​នៅ​ទី​នោះបាន​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​បើកបរ​មកពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង រីឯ​ម៉ូតូ​ទាំងពីរ​គ្រឿង​នោះ​បើកបរ​ពី​ទិស​ត្បូង​ទៅ​ទិស​ខាងជើង មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បង្ក​​នោះ​បែក​កង់​មុខ រួច​រេ​ចង្កូត​ចូលមក​បុក​ម៉ូតូ​ពីរ​គ្រឿង​នៅ​ចិញ្ចឹម​ផ្លូវ​នេះ​តែម្តង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ទាំងពីរ​គ្រឿង​នោះ​ម្នាក់​ខ្ទាត​ចេញទៅ​ចិញ្ចឹម​ផ្លូវ ម្នាក់ទៀត​បុក​ផ្ទុប​ជាមួយនឹង​កញ្ចក់​រថយន្ត​តែម្តង។ ​ក្រោយមក​ម្ចាស់​រថយន្ត​ក៏បាន​នាំ​ប្រពន្ធ និង​កូន​រត់គេចខ្លួន​ទៅ​បាត់​តែម្តងទៅ​។​

បច្ចុប្បន្ន​រថយន្ត​បង្ក​​ត្រូវបាន​យក​មក​រក្សា​ទុកជា​វត្ថុ​តាង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ ចំណែក​សព​ក្មេងរងគ្រោះ​ត្រូវបាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu