កាលពីថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសកូរ៉េខាងជើង បានប្រគល់អដ្ឋិធាតុទាហានអាមេរិកចំនួន២០០នាក់ ដែលបាត់ខ្លួនចាប់តាំងពីសង្គ្រាមកូរ៉េមក បើទោះបីជាមិនមានការបញ្ជាក់ជាផ្លូវការអំពីប្រគល់នេះពីអាជ្ញាធរយោធាក៏ដោយ។
លោកត្រាំបានប្រាប់អ្នកគាំទ្រក្នុងអំឡុងពេលការជួបជុំមួយនៅទីក្រុង Duluth នៃរដ្ឋ Minnesota ថា “យើងបានទទួលវីរបុរសដែលបានស្លាប់របស់យើងមកវិញហើយ អដ្ឋិធាតុត្រូវបានបញ្ជូនត្រឡប់មកវិញនៅថ្ងៃនេះ អដ្ឋិធាតុចំនួន២០០នាក់ត្រូវបានបញ្ជូនមកវិញរួចទៅហើយ”។
មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា នៅប៉ុន្មានថ្ងៃខាងមុខទៀត កូរ៉េខាងជើងនឹងប្រគល់អដ្ឋិធាតុក្នុងចំនួនដ៏ធំទៅឲ្យបញ្ជាការសហរដ្ឋអាមេរិកនៅប្រទេសកូរ៉េខាងត្បូងហើយបន្ទាប់មកពួកគេនឹងត្រូវបញ្ជូនទៅមូលដ្ឋានកងទ័ពអាកាស Hickam នៅកោះហាវ៉ៃ។
លោកត្រាំបានជួបជាមួយមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុននៅក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រកាលពីសប្តាហ៍មុននៅប្រទេសសិង្ហបុរីហើយបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយមកថា លោកគីមបានយល់ព្រមប្រគល់អដ្ឋិធាតុទាហានអាមេរិកមកវិញ។
ទិន្នន័យយោធាអាមេរិកបានបង្ហាញថា យោធាអាមេរិកប្រហែល៧,៧០០នាក់នៅតែបាត់ខ្លួនចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣មក។
គួរបញ្ជាក់ថា កងទ័ពអាមេរិកជាង៣៦,៥០០នាក់បានស្លាប់នៅក្នុងជម្លោះនោះ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments