សៀមរាប ៖ ក្រុមអ្នកលេងល្បែងយូគីដុះស្លែ ប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្លក្រាម ចាប់ឃាត់ខ្លួន ខណៈបើកលេងចំហជាប្រចាំ ហើយក្នុងនោះក៏មានអ្នកញៀនល្បែងខ្លះរត់រួចខ្លួនផងដែរ។
ហេតុការណ៍ឃាត់ខ្លួនជនខាងលើ ធ្វើឡើងនារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចលើផ្លូវលំស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលឃាត់ខ្លួនទី១-ឈ្មោះ គឹម សូ ភេទប្រុស អាយុ ២៦ ឆ្នាំ។ ទី២-ឈ្មោះ ឡុង គីមហុង ភេទស្រី អាយុ ២៩ ឆ្នាំ។ ទី៣ ឈ្មោះ ឡុង សុខឡៃ ភេទស្រី អាយុ៣៥ឆ្នាំ និងទី៤-ឈ្មោះ ចាន់ ឯម ភេទស្រី អាយុ៦៣ឆ្នាំ ពួកគេស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម។ ពួកគេខាងលើនេះ ជាមេល្បែង(យូគី)។
ចំពោះវត្ថុតាងដកហូតរួមមាន ធុងដាក់គ្រាប់យូគីចំនួន០១បិទស្គុត ពណ៌ក្រហម, គ្រាប់យូគី ១២គ្រាប់ស្មើនឹង២៤គូ,កញ្ច្រែងពណ៌ក្រហម ចំនួន០៣,កម្រាលមានលេខពីមួយដល់១២ ចំនួន០១,លុយខ្មែរចំនួន២៧០០០៛ (ពីរម៉ឺន ប្រាំពីរពាន់រៀល)។
សមត្ថកិច្ចបន្តថា ចំពោះមេល្បែងយូគីដែលឃាត់ខ្លួននេះ មានគ្នាច្រើនទៀត តែបានរត់គេចខ្លួនក្នុងពេលសមត្ថកិច្ចចុះទៅដល់ ហើយការដែលឈានដល់ដាក់ខ្នោះ ព្រោះជននេះមិនសហការ ហើយបម្រុងតដៃសមត្ថកិច្ច។
នៅក្នុងគ្រានេះដែរ អធិការនគរបាលក្រុងសៀមរាប លោកវរសេនីយ៍ឯកទេព ចាន់ណា បានប្រាប់តាមទូរស័ព្ទថា ខណៈនេះកំពុងសាកសួរនៅឡើយ។ ចំពោះនីតិវិធីថា ត្រូវអប់រំឬបញ្ជូនទៅតុលាការ លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។
ក្នុងការបង្ក្រាបល្បែងខាងលើនេះ ក្រុមពលរដ្ឋដែលរស់នៅក្បែរខាង សម្តែងការសាទរយ៉ាងខ្លាំង ដោយលើកឡើងថា សុំសមត្ថកិច្ចអនុវត្តច្បាប់។ កុំចាប់លែងៗ មិនចឹងទេល្បែងក្នុងក្រុងទេសចរណ៍មួយនេះ អាចនឹងរីកដូចផ្សិត។ ម្យ៉ាងវិញទៀត មួយរយៈនេះ ត្រឹមល្បែងយូគី ធ្វើមានការចាញ់ឈ្នះ រាប់ពាន់ដុល្លាររហូតមានអំពើហិង្សាក្នុងគ្រួសារ។ ចុះបើទុកតទៀតវាអាចបង្កឲ្យមានអំពើចោរកម្មកាន់តែច្រើនក៏អាចថាបាន។ គេរំពឹងថា សមត្ថកិច្ច មិនអាចគោះទឹកបង្អើលត្រីនោះឡើយ ហើយក្រុងសៀមរាប នឹងមានសុវត្ថិភាព ជាបន្តទៀត។ ដោយឡែកមួយរយៈពេលខ្លីនេះគេសង្កេតឃើញមានសកម្មភាពអ្នកលេងចាក់បាល់ទាត់ពិភពលោកបានស្ទុះឡើងយ៉ាងគំហុក។ រហូតមានអ្នកខ្លះសើចអ្នកខ្លះយំទៀតផង៕
Source: Kampuchea Thmey Daily
0 Comments