Ad Code

នៅមុខ​ស្ថានទូត​បិតា​ប្រជាធិបតេយ្យ​នា​ព្រឹក​នេះ នឹង​មាន​អតីត​បុគ្គលិក​ធ្វើបាតុកម្ម​តវ៉ា ដើម្បី​ទាមទារ​សំណង​តាមច្បាប់​ការងារ



ភ្នំពេញ ​៖ អតីត​​​បុគ្គលិក​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ដែល​មាន​គ្នា​ប្រមាណ​៣២​នាក់ គ្រោង​នឹង​ធ្វើ​បាតុកម្ម ចាប់ពី​ម៉ោង​៨​ព្រឹក ទៅដល់​ម៉ោង​១២​ថ្ងៃត្រង់ ដើម្បី​ទាមទារ​សំណង​តាមច្បាប់​ការងារ ក្រោយពី​ស្ថានទូត​បាន​បញ្ឈប់​ពួកគេ​ដោយ​បង្ខំ និង​អយុត្តិធម៌ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ជួន អ៊ី​ម។

លោក ជួន អ៊ី​ម បាន​ប្រាប់​កម្ពុ​ជាថ្មី​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​ថា ពួកគាត់​គ្រោង​ធ្វើការ​តវ៉ា​មួយ​នៅមុខ​ស្ថានទូត​អាមេរិក នៅ​រាជធានី​ភ្នំពេញ ដោយមាន​គ្នា​ប្រមាណ​ជាង២០នាក់ ជា​អតីត​បុគ្គលិក​ស្ថានទូត និង​ក្រុមគ្រួសារ​។ តាម​លោក ជួន អ៊ី​ម មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការតវ៉ា​នោះ គឺ​ភាព​អយុត្តិធម៌​នៅក្នុង​ការបញ្ឈប់​ការងារ ដោយ​គ្មាន​ហេតុផល​ទាក់ទង​ការ​លេង facebook messenger group ហើយ​មូល​ហេតុ​ដែល​ពន្យារ​ពេល​នៃ​ការតវ៉ា​នេះ ដោយសារ​តែ​ពួកគាត់​ចង់​ដោះស្រាយ​បញ្ហា​ខាងក្នុង តែ​ទីបំផុត​ស្ថានទូត​មិន​រក​ដំណោះស្រាយ​ដដែល​។

តាម​លិខិត​ដែល​ដាក់​ជូន​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដែរ​ថា ពួកគាត់​ទាំងអស់​កើតទុក្ខ​មិន​សុខចិត្ត ដោយសារតែ​ការិយាល័យ​ធនធានមនុស្ស​របស់​ស្ថានទូត​អាមេរិក​បាន​បញ្ឈប់​ពួកគាត់​ពី​ការងារ ដោយ​អយុត្តិធម៌​ពាក់ព័ន្ធ នឹង​ការចោទប្រកាន់​ពី​បញ្ហា facebook messenger group ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ ហើយ​ការ​តវ៉ា​នេះ ដើម្បី​ទាមទារ​ចំណុច​មួយចំនួន​រួមមាន ទី​១, ទាមទារ​រក​យុត្តិធម៌​ពី​ការបញ្ឈប់​ពួកគាត់​ពី​ការងារ​ដោយ​បង្ខំ​និង​មិន​បង្ហាញ​ភស្តុតាង ទី​២, ទាមទារ​កែ​ពាក្យ​ពី​បណ្ដេញចេញ មកជា​ការកាត់បន្ថយ​បុគ្គលិក​វិញ ទី​៣, ទាមទារ​សំណង​៦​ខែ ទៅតាម​ច្បាប់​កាត់បន្ថយ​បុគ្គលិក ទី​៤, សុំ​ប្ដឹង​ពីបទ​ល្មើស​រំលោភសិទ្ធិ​បុគ្គល ដោយ​ដក​ហូត​យក​ទូរស័ព្ទ​ទៅ​ឆែក​រកមើល​រូបភាព និង​ឯកសារ​ផ្សេងៗ ព្រមទាំង​រឹបអូស​យក​ទូរស័ព្ទ​របស់​ពួកគាត់​មួយចំនួន​ទៅ​រក្សាទុក​មួយ​រយៈ​ទៀត​ផង ទី​៥, សូម​ឲ្យ​ទូទាត់​លុយ​មូលនិធិ​ឧបត្ថម្ភ (​ប្រាក់​១២​ភាគរយ​) ក្នុង​ខែ​នេះ​តែម្ដង ព្រោះ​រយៈពេល​បី​ខែ​មក​ហើយ​ មិនទាន់​ទូទាត់​ឲ្យ​ទេ ទី​៦, ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ទៅលើ​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​ពួ​ក​គាត់​ទាំងអស់គ្នា ដោយសារតែ​ចោទប្រកាន់​គ្មាន​ភស្តុតាង​ច្បាស់លាស់​និង​ទី​៧, សូម​ឲ្យ​សមាគម​បុគ្គលិក​ខ្មែរ​មាន​សិទ្ធិ​ចូល​រួម​ដោះស្រាយ រាល់​បញ្ហា​បញ្ឈប់​បុគ្គលិក​ខ្មែរ ដែល​មាន​ភាព​អយុត្តិធម៌ និង​មិន​ត្រឹមត្រូវ​តាមច្បាប់​នៃ​សៀវភៅ​ការងារ​។

សូម​រំលឹក​ថា នៅ​ប្រទេស​កម្ពុ​ជាមា​ន​ស្ថាប័ន​មួយចំនួន តែងតែ​អះអាង​ថា ជា​ស្ថាប័ន​មួយ ដែល​គោរព​សិទ្ធិមនុស្ស ប្រកាន់យក​នូវ​លទ្ធិប្រជាធិបតេយ្យ ហើយ​បាន​វាយប្រហារ​កម្ពុជា​កប់ៗ​មាត់ ថា​ ជា​ប្រទេស​មិន​គោរព​សិទ្ធិមនុស្ស មិន​ប្រកាន់យក​នូវ​លទ្ធិប្រជាធិបតេយ្យ​ជាដើម និង​មិន​គោរព​ច្បាប់​ការងារ​ជាដើម ប៉ុន្តែ​ស្ថាប័ន​ទាំងនោះ​បែរជា​លេចចេញ​នូវ​ការ​តវ៉ា​ពី​បុគ្គលិក​របស់​ខ្លួន​ជា​ញឹកញយ​ថា​ មិន​បាន​គោរព​សិទ្ធិមនុស្ស មិន​គោរព​ច្បាប់​ការងារ និង​បញ្ហា​មួយចំនួន​ទៀត​ហើយ​ស្ថាប័ន​ទាំងនោះ​មាន​ដូច​ជា​វិទ្យុ​អាស៊ីសេរី ដែល​វិទ្យុ​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ប្រទេស​បិតា​លទ្ធិប្រជាធិបតេយ្យ បិតា​សិទ្ធិមនុស្ស គឺ​អាមេរិក និង​កាសែត​ឌឺ​ខេ​ម​បូ​ឌា​ដេលី ជាដើម ហើយ​ពេលនេះ ក៏​លេចចេញ​ស្ថានទូត​អាមេរិក​ថែមទៀត​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu