ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសម្ដែងការសាទរចំពោះសមិទ្ធផលនានាជាច្រើនក្នុងវត្តស្វាយជ្រំរួមជាមួយបណ្ណាល័យថ្មីស្រឡាងមួយខ្នងសម្រាប់ជូនដល់សិស្សានុសិស្ស។
លោកជំទាវថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សមិទ្ធផលនៅវត្តស្វាយជ្រំ និងសម្ពោធដាក់ឲ្យប្រើប្រាស់នូវបណ្ណាល័យនៅក្នុង សាលាបឋមសិក្សា ហ៊ុន សែន ស្វាយជ្រំ ស្ថិតនៅភូមិបឹងវែង ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែល ជានិច្ចកាលសម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួម សុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែប យ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
លោកជំទាវបានបន្តទៀតថា សមិទ្ធផលដាក់សម្ពោធឲ្យប្រើប្រាស់នាថ្ងៃនេះ គឺជាការបញ្ជាក់ឲ្យឃើញពីប្រទេសជាតិ ដែលមានសុខសន្តិភាព និងការរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យយើងទាំងគ្នាបានរួមគ្នាធ្វើបុណ្យទាំងអស់គ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។
ថ្លែងក្នុងពិធីនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំង អស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រូវចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាបានបន្តដឹកនាំប្រទេសឆ្ពោះទៅរក ការអភិវឌ្ឍន៍បន្ថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments