Ad Code

ស្រវឹងស្រា​បើក​រថយន្ដ​បុក​ចូល​យានដ្ឋាន​និង​ផ្ទះ​លក់​គ្រឿងសំណង់​ស្លាប់​ក្មេងស្រី​ម្នាក់ ​និង​របួស​៦​នាក់



ភ្នំពេញ ៖ ក្មេងស្រី​ជំទង់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយ​កៀប​ជាប់​ជា​មួយ​រថយន្ដ​បន្ទាប់ពី​មាន​រថយន្ដ​កុងតឺន័រ​មួយ​គ្រឿង​ អ្នកបើកបរ​ស្រវឹង​ហើយ​ងោក​មួយភាំង​ ក៏​បុក​ចូល​យានដ្ឋាន​ជួសជុល​រថយន្ត​និង​ចូល​ផ្ទះ​លក់​គ្រឿងសំណង់​នៅ​ជាប់​គ្នា​នោះ​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល​ចំនួន​៦​នាក់​ ហើយ​រថយន្ដ​រង​ការខូចខាត​ចំនួន​បី​គ្រឿង​ផង​ដែរ ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៨ ​នៅ​ត្រង់​ចំណុច​ជិត​បន្ទាយ​កងពលតូច ង ៧០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



សព​ក្មេង​ស្រី​មានឈ្មោះ ហុក គីម​ឆាយ អាយុ​១៤​ឆ្នាំ​មុខរបរ​សិស្សសាលា​វិទ្យាល័យ ហ៊ុន សែន​ជម្ពូ​វ័ន ថ្នាក់​ទី​៧ ស្នាក់នៅ​កន្លែង​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ ខ្ចៅ​ទី​៣​ឃុំ​ខ្ចៅ ស្រុក​កង មាស ខេត្តកំពង់ចាម​។​ ឪពុក​ឈ្មោះ ហូ ប៉ុន​ថុល មុខរបរ ជាង​ឡាន​ម្តាយ​មានឈ្មោះ ស្រេង ស​ក្ខិ​ណា មុខរបរ​នៅផ្ទះ​រស់នៅ​កន្លែង​កើត​ហេតុ​ខាងលើ។ ​ចំណែក​អ្នក​រងរបួស​ធ្ងន់​និង​ស្រាល​ចំនួន​៦​នាក់ ​នោះ​មាន​ស្រី​៣​នាក់ ប្រុស​៣​នាក់។



តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​កុងតឺន័រ​ក្បាល​ពណ៌​ស មាន​ស្លាក​លេខ ព្រះសីហនុ​4A-1183 និង​ខាង​កន្ទុយ​មាន​ស្លាក​លេខ​ព្រះសីហនុ​3A-2588 ​យ៉ាង​លឿន​ដោយ​ស្ថានភាព ស្រវឹង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុច​កើតហេតុ​ក៏​ងោក​មួយភាំង​ទើប​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​ចូល​យានដ្ឋាន​ជួសជុល​រថយន្ត​និង​ជ្រុល​បុក​ចូល​ដល់​ផ្ទះ​លក់​គ្រឿងសំណង់​មួយទៀត​នៅ​ជាប់​គ្នា​នោះ​បណ្តាល​ឲ្យ​ខ្ទេច​រថយន្ត​ចំនួន​៣​គ្រឿង​ដែលជា​របស់​ភ្ញៀវ​យក​មក​ជួសជុល រថយន្ត​ទីមួយ​ម៉ាក​ម៉ា​សឺ​ដេ​ស SLK 230 ​ពណ៌​លឿង​ មាន​ស្លាក​លេខ ភ្នំពេញ​2AI-6163 រថយន្ត​ទី​២ ម៉ាក តា​កុមារ ពណ៌ទឹកប្រាក់ ​មាន​ស្លាក​លេខ​ភ្នំពេញ​2-AR1907 ​និង​រថយន្ត​ទី​៣​ម៉ា​កកូ​ឡា​ ពណ៌​ទឹកប្រាក់ ​មាន​ស្លាក​លេខ ភ្នំពេញ​2M-8719 ​និង ​ខូចខាត​សម្ភារៈ​មួយចំនួនធំ​។



ចំណែក​មនុស្ស​ស្លាប់​ក្មេងស្រី​ម្នាក់​និង​រង​របួស​ចំនួន​៦​នាក់ ស្រី​៣​ប្រុស​៣ ដែល​ពួកគាត់​កំពុង​អង្គុយលេង​ជុំគ្នា​នៅក្នុង​ផ្ទះ​ហើយ​ក៏​មាន​រថយន្ត​បើក​បុក​ចូល​ទាំង​កំរោល​តែម្ដង។ ភ្លាមៗ​នោះ​មាន​រថយន្ដ​សង្គ្រោះ​មក​ដឹក​យក​អ្នករងរបួស​ទៅ​មន្ទី​ពេទ្យ​ដើម្បី​ជួយសង្គ្រោះ​។ ខណៈនោះ​តៃកុងរថយន្ត​ប​ង្ក​បម្រុង​រត់​ តែ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់បាន​យក​មក​ប៉ុ​ស្តិ៍​នគរបាល​ចោមចៅ​ទី​២។



ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរ​ក្រុង​បាន​ចុះទៅ​វាស់វែង​យក​រថយន្ត​បង្ក​និង​តៃកុង​ឡាន​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​នីតិ​វិធី​។ ចំណែក​សាកសព​ក្មេងស្រី​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​សំណុំ​បែបបទ​ប្រគល់​ឲ្យ​ឪពុក​ម្តាយ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

     



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu