Ad Code

នៅ​ថ្ងៃទី​២៣ ខែមិថុនា នេះ នឹងមាន​ការ​ចល័ត​ទ័ព ចេញពី​បញ្ជាការដ្ឋាន​អង្គរក្ស



ភ្នំពេញ​ ៖ នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ នេះ នឹង​មាន​ការ​ចល័ត​កងទ័ព និង​យោធបរិក្ខារ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ដោយ​ចេញពី​បញ្ជាការដ្ឋាន​អង្គរក្ស (​ទួល​ក្រសាំង​) ដើម្បី​ទៅ​ចូលរួម​ក្នុង​ព្យុហយាត្រា នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ ថ្ងៃកំណើត​យោធភូមិភាគ​ទី​៥ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខ​។

តាម​សេចក្តី​ជូនដំណឹង​របស់​បញ្ជាការដ្ឋាន​អង្គរក្ស ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា សូម​ជម្រាប​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ឲ្យ​បាន​ជ្រាប​ថា បញ្ជាការដ្ឋាន​អង្គរក្ស នឹង​ធ្វើ​ការ​ចល័ត​កងកម្លាំង និង​យោធបរិក្ខារ ចេញពី​ទីបញ្ជាការដ្ឋាន​អង្គរក្ស នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៥ (​ទី​រួម​ខេត្តបាត់ដំបង​) ដែល​គ្រោង​នឹង​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ថ្ងៃកំណើត​យោធភូមិភាគ​ទី​៥ នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​។ ក្រោយ​បញ្ចប់​កម្មវិធី ត្រូវ​ចល័ត​កម្លាំង និង​យោធបរិក្ខារ​ត្រឡប់មក​ទីបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស​នៅ​តាខ្មៅ ខេត្តកណ្ដាល​វិញ​។



បញ្ជាការដ្ឋាន​អង្គរក្ស​សម្តែង​ក្តី​សង្ឃឹមថា អាជ្ញា​ធរមាន​សមត្ថកិច្ច តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល នឹង​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តាម​ដងផ្លូវ កុំ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល ជាពិសេស​ក្រែង​មាន​ជន​អគតិ​មួយចំនួន​យក​ទៅ​ឃោសនា​បំភាន់​ខុសពី​ការពិត ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច នៅ​តាម​បណ្ដោយ​ផ្លូវ​ទាំងអស់ នឹង​ជួយ​សម្រួល និង​បង្ក​លក្ខណៈ​ងាយស្រួល​ចំពោះ​ការ​ចល័ត​កងទ័ព និង​យោធបរិក្ខារ​កងទ័ព​នេះ។



សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន សេង មេបញ្ជាការ​រង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បាន​ចុះ​ត្រួតពិនិត្យ​ការរៀបចំ​ទីតាំង​សម្រាប់​ពិធី​ព្យុហយាត្រា ថ្ងៃ​បង្កើត​យោធភូមិភាគ​ទី​៥ (២៨ មិថុនា ១៩៨៨-២៨ មិថុនា ២០១៨) រួចហើយ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu