Ad Code

ក្រុមហ៊ុន LION AIR របស់​ឥណ្ឌូនេស៊ី​មានបំណង​ហោះហើរ​ត្រង់​មក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ



ភ្នំពេញ​ ៖​ លោក ស៊ូ​ឌី​ម៉ាន ហា​សេង Sudiman Haseng ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ប្រចាំ​កម្ពុជា​ បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា មាន​ក្រុមហ៊ុន ឡាយ​អិន អ៊ែរ LION AIR របស់​ប្រទេស​ឥណ្ឌូនេស៊ី​មាន​គម្រោង​ហោះហើរ​ត្រង់​មកកាន់​កម្ពុជា។

តាមរយៈ​នេះ លោក ហា​សេង បាន​ជម្រាបជូន​សម្តេច​ថា លោក​នឹង​ខិតខំ​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់នេះ​ឲ្យ​បាន​ឆាប់​បំផុត​ទៅតាម​អ្វីដែល​អាចធ្វើ​បាន។



លោក Sudiman Haseng បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ឱកាស​ដែល​រូបលោក​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលជួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃទី ២២ មិថុនា នៅ​វិមាន​សន្តិភាព។

យោង​តាម​ការ​ឲ្យ​ដឹង​របស់ លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន លោក​Sudiman Haseng មានប្រសាសន៍​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា លោក​ពិត​ជា​មាន​ការ​រីករាយ​ ដែល​ត្រូវ​បានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី ប្រចាំ​កម្ពុជា​។ តាមរយៈ​បេសកកម្ម​ការទូត​នេះ លោក​ប្តេជ្ញា​ចិត្ត​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​ឈាន​ដល់​ចំណុច​ថ្មី​ទៀត​តាម​រយៈ​ការ​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ស្អិត​រមួត​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ឥណ្ឌូណេស៊ី។ ជាពិសេស​ឈរ​លើ​មូលដ្ឋាន​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ ដែល​មាន​ស្រាប់​ទាំង​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ពហុភាគី តំបន់ និង អន្តរជាតិ​។



លោក​មានប្រសាសន៍​ជម្រាប​ជូន​សម្តេច​តេ​ជោ​ដែរ​ថា ពាក់ព័ន្ធ​ទៅ​និង​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ពេលនេះ​មាន ក្រុម ហ៊ុន អាកាសចរណ៍ ឡាយ​អ៊ិន​អ៊ែរ របស់​ឥណ្ឌូនេស៊ី​មានបំណង​បើក​ជើងហោះហើរ​ត្រង់​មកកាន់​ប្រទេស​កម្ពុជា​។ តាមរយៈ​នេះ​លោក នឹង​ខិតខំ​ជួយ​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​ឲ្យ​បាន​ឆាប់រហ័ស​បំផុត តាម​អ្វី​ដែល​អាចធ្វើ​ទៅបាន​នៅពេល​ខាងមុខ​។

ជា​ការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​ ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ កម្ពុជា ឥណ្ឌូណេស៊ី មាន​ភាព​ល្អ​ប្រសើរ​ខ្លាំង​ណាស់​ហើយ​ឆ្នាំ ២០១៨ នេះ​ទៀត សោត គឺជា​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ន័យ​នេះ​យើង​គប្បី​ណា​ពិនិត្យមើល​សកម្មភាព​ផ្សេងៗ​ដើម្បី​ប្រារព្ធ​ខួប​រួមគ្នា​ក្នុងន័យ​ឆ្លុះបញ្ចាំង​នូវ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។



សម្តេច​តេ​ជោ​បន្ត​ថា ​ទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ គឺមាន​សារសំខាន់​ខ្លាំងណាស់​ក្នុង​ន័យ​នេះ​សម្តេច​បានស្នើ​ឲ្យ​លោក​ឯកអគ្គរដ្ឋទូត​ពិនិត្យមើល លើ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​នៃ​វិស័យ​ទាំងអស់​នោះ និង វិស័យ​ផ្សេងៗ​ទៀត ដែល​អាច​ផ្តល់​លទ្ធភាព​ជំរុញ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ។

ពាក់ព័ន្ធ​និង​ការហោះហើរ​ត្រង់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ស្វាគមន៍​និង​ចាត់ទុកថា​វា​គឺជា​ជ្រុង​មួយ​នៃ​ការពង្រីក​វិសាលភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា ឥណ្ឌូណេស៊ី៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu