ភ្នំពេញ ៖ កាលពីថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងទី២២ ខែមិថុនា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់សេវាប័ណ្ណបើកបរ នៅផ្សារទំនើប អ៊ីអន ២ នៅ សាលធំ AEON HALLជាន់ទី៣ នៃផ្សារទំនើបអ៊ីអន សែនសុខ ដោយមានការអញ្ជើញចូលរួមពីស្ថាប័ន ពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការនានារបស់ក្រសួង។
ការបង្កើតមណ្ឌលផ្តល់សេវាប័ណ្ណបើកបរទី២នេះ គឺដើម្បីពង្រីក និងបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពដែលប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេស អាចមកទទួលសេវាប្តូរ ពន្យារប័ណ្ណបើកបរ និងប្រឡងយកប័ណ្ណបើកបរយានយន្តបានផងដែរ ហើយមណ្ឌលផ្តល់សេវានេះបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង០៩និង០០នាទីព្រឹក រហូតដល់ម៉ោង១០និង០០នាទីយប់។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ការផ្តល់សេវាសាធារណៈនេះធ្វើឡើងយោង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ធ្វើឲ្យបានលឿន ធ្វើឲ្យមានប្រសិទ្ធភាព និងធ្វើឲ្យមានតម្លាភាព ដើម្បីកាត់បន្ថយ ការចំណាយថវិកាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ និងចំណាយពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះ ប្តូរប័ណ្ណបើកបរបាន ទាំងអ្នកមានសញ្ជាតិខ្មែរ និងបរទេស។
ឆ្លៀតក្នុងឱកាសនោះផងដែរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសដាក់ឲ្យដំណើរការ មណ្ឌលប្រឹក្សាយោបល់សេវាសាធារណៈ ដែលមានទីតាំងឋិតនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអាចផ្តល់ ព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋអំពីសេវាសាធារណៈ ដោយមិនចាំបាច់ពឹងពាក់ឈ្មួញកណ្តាលដែលត្រូវចំណាយពេលយូរ និងអស់ថវិកាច្រើន។
ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការដាក់ឲ្យប្រើប្រាស់បន្ថែមនូវម៉ាស៊ីនត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តចល័តនៅទូទាំងប្រទេស មានគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ សម្រួលដល់ការផ្តល់សេវាសម្រាប់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស និងបង្ខិតសេវានេះឲ្យជិតប្រជាពលរដ្ឋជាមួយនឹងម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្ត។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តាំផ្ញើ ក៏ដូចជាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអ្នក បើកបរយានយន្តគ្រប់ប្រភេទ សូមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន ម្ចាស់យានដ្ឋានមិន ត្រូវកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស បង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិត ហើយម្ចាស់អាជីវកម្មនៃយានយន្តដឹកទំនិញ មិនត្រូវផ្ទុកលើសទម្ងន់កម្រិតកំណត់ ដែលជាហេតុនាំឲ្យ បំផ្លាញផ្លូវថ្នល់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ឡើយ។
ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងពង្រីកបណ្ដាញផ្លូវថ្នល់បន្ថែមទៀតពីពីរគន្លងទៅ បួនគន្លង ដើម្បីឲ្យស្របទៅនឹងស្ថានភាពនៃការកើនឡើងចំនួនយានយន្តជារៀងរាល់ថ្ងៃ ដែលបណ្ដាល មកពីកំណើនសេដ្ឋកិច្ចក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃសុខសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា បានផ្ដល់ឱកាសឲ្យរាជរដ្ឋាភិបាលយើងអាចទាក់ទាញអ្នកវិនិយោគ ឲ្យមកកម្ពុជា បង្កើតការងារជូនប្រជាពលរដ្ឋ អាចទាក់ទាញអ្នកទេសចរណ៍មកលេងកម្ពុជា និងផ្តល់ ឱកាសរកទីផ្សារលក់កសិផលនៅបរទេសផងដែរ។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានបន្តខិតខំប្រឹង ប្រែងកសាងផ្លូវ និងបណ្តាញតភ្ជាប់បន្ថែមទៀត ដែលក្នុងនោះរួមមានគម្រោងជាច្រើនទៀតដូចជា គម្រោងសាងសង់ផ្លូវពី បាត់ដំបងទៅខេត្តកោះកុង ដើម្បីកាត់បន្ថយពេលវេលានៃដឹកជញ្ជូនពីខេត្តប៉ៃលិន សំឡូត ទៅកាន់កំពង់ផែ ទឹកជ្រៅ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទីបី គម្រោងសាងសង់ផ្លូវរថភ្លើងលើ អាកាស (AGT) ការដាក់ឲ្យដំណើរការបណ្តោះអាសន្ននូវផ្លូវដែកប៉ែកខាងជើងពីប៉ោយប៉ែតមកដល់ខេត្ត ពោធិ៍សាត់ ហើយនៅថ្ងៃទី០៤ ខែកក្កដាខាងមុខនេះ នឹងដាក់ឲ្យដំណើរការបណ្តោះអាសន្នផ្លូវដែកពី ភ្នំពេញតភ្ជាប់ទៅខេត្តពោធិ៍សាត់ ដើម្បីអបអរសាទរការដាក់ឲ្យដំណើរការផ្លូវដែកឡើងវិញ ដែលត្រូវបាន កាត់ផ្តាច់ដោយសារសង្គ្រាមអស់ រយៈជាង៤៥ឆ្នាំកន្លងមកហើយ៕
Source: Kampuchea Thmey Daily
0 Comments