Ad Code

ពលរដ្ឋ​ខ្មែរ​២១​នាក់ ត្រូវ​បាន​ជួយសង្គ្រោះ​ពី​ប្រទេស​ចំនួន​៣ និង​បញ្ជូនមក​កម្ពុជា​វិញ



ភ្នំពេញ ​៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ថា ពលរដ្ឋ​ខ្មែរ​ចំនួន​២១​នាក់ ត្រូវបាន​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ជួយសង្គ្រោះ​ពី​ប្រទេស​ចំនួន​៣ ហើយ​បាន​បញ្ជូនមក​កម្ពុជា​វិញ ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​។

តាម​លោក ជុំ សុន្ទរី ករណី​ទី​១. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​សិង្ហ​បូរី បាន​ជួយ​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពល​ការិនី ខ្មែរ​ចំនួន​២​នាក់ មកពី​ខេត្តកំពង់ចាម និង​ខេត្តកំពង់ឆ្នាំង ដែល​បាន​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​សិង្ហ​បូរី កាលពី​ខែមេសា និង​ខែឧសភា ឆ្នាំ​២០១៨ តែ​មិនអាច​ទ្រាំទ្រ​ការងារ​លំបាក​នៅ​ទីនោះ​បាន និង​ដោយសារ​មានធុរៈ​ក្នុង​គ្រួសារ​។

ស្ថានទូត បានផ្តល់​កន្លែង​ស្នាក់នៅ អាហារ​បរិភោគ ព្រមទាំង​ជួយ​ទាមទារ​លិខិតឆ្លងដែន និង​សំបុត្រ​យន្តហោះ​ពី​ភ្នាក់ងារ​នាំ​ពលករ ហើយ​ពល​ការិនី​ទាំងពីរ​នាក់​បានមក​ដល់​កម្ពុជា​វិញ ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​០៨ និង​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ។

ករណី​ទី​២. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី ដោះស្រាយ​បញ្ហា​និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​១២​នាក់ មកពី​ខេត្តកណ្តាល កំពត កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ ព្រះវិហារ និង​រាជធានី​ភ្នំពេញ ក្នុង​នោះ​ពលករ​មាន​ចំនួន​២​នាក់ និង​ពល​ការិនី​៧​នាក់ ដែល​បាន​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី និង​៣​នាក់​ជា​កុមារ (​កូន​របស់​ពល​-​ការិនី​ម្នាក់​)​។ ពលរដ្ឋ​ខ្មែរ​ទាំង​១២​នាក់​នោះ បាន​មកដល់​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ ចន្លោះ​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។

ករណី​ទី​៣. ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ចិន បាន​អន្តរា​គម​ជួយសង្គ្រោះ​និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ស្ត្រី​ខ្មែរ​ចំនួន​៧​នាក់ មកពី​ខេត្តកណ្តាល កំពង់ចាម តាកែវ បាត់ដំបង ពោធិ៍សាត់ ព្រៃវែង និង​ស្វាយរៀង ដែល​ត្រូវ​បាន​មេខ្យល់​នាំ​ធ្វើដំណើរ​ពី​កម្ពុជា ទៅ​រៀបការ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​ចិន កាលពី​ខែធ្នូ ឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៨​។

លោក ជុំ សុន្ទរី អះអាងថា ស្ថាន​អគ្គ​កុងស៊ុល បានផ្តល់​កន្លែង​ស្នាក់នៅ អាហារ​បរិភោគ និង​រៀបចំ​ឯកសារ​ធ្វើដំណើរ​ដល់​ស្ត្រី​ខ្មែរ ទាំង​៧​នាក់ ហើយ​ពួកគេ​នឹង​មកដល់​កម្ពុជា​វិញ នៅ​យប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu