Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​កងទ័ព កម្ពុជា​-​ថៃ រួមគ្នា​ជួយ​គាំទ្រ​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​កាន់តែ​ធំ



ភ្នំពេញ​ ៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​ឲ្យ​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ថៃ បន្ត​កិច្ចសហប្រតិបត្តិការ​គ្នា​ឲ្យ​បានល្អ​នៅតាម​ព្រំដែន ដើម្បី​ចូលរួម​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​កំណើន​កាន់តែ​ធំ និង ធានាបាន​នូវ​ស្ថិរភាព ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បច្ចុប្បន្ន​មាន​ប្រមាណ​ជាង ៦.០០០ លាន​ដុល្លារ​។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជំរុញ​បែបនេះ​ទៅកាន់ លោកនាយ​ឧត្ដម​សេនីយ៍ តាន​ឆៃ​យ៉ាន ស្រ៊ី​សូវ​ណ្ណ Tarnchaiyan SrisuWan អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​ភូមិន្ទ​ថៃ​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលជួប​សំដែង​ការគួរសម​នា​ល្ងាច​ថ្ងៃទី ២២ ខែ មិថុនា​នេះ​នៅ​វិមាន​សន្តិភាព​។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា លោក​ឧ​ត្ត​ម​សេនីយ៍ តាន​ឆៃ​យ៉ាន បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​កម្ពុ​ជានា​ពេលនេះ​គឺ​ដើម្បី​ធ្វើ​គារវកិច្ច​ចំពោះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង លោកនាយ​ឧ​ត្ត​ម​សេនីយ ប៉ុល សារឿន និង ជាពិសេស​ការធ្វើ​គារវកិច្ច​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងពេលដែល​រូបលោក​ត្រូវបាន​ជ្រើសតាំង​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពល​ភូមិន្ទ​ថៃ។



លោក​បាន​បន្តថា ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ។ លោក​ក៏បាន​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​លទ្ធផល​នៃ​ជំនួប​របស់លោក​ជាមួយ​សម្តេច​ទៀ បាញ់​និង លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន។

លោក តាន​ឆៃ​យ៉ាន បន្ត​ថា ពាក់ព័ន្ធ​ទៅ​និង​សកម្មភាព​និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ ដើម្បី​ធ្វើយ៉ាងណា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ផង និង ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​សម្រាប់​ភាគី​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ផង​។



ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​សំដែង​នូវ​ការ​រីករាយ និង​មោទនភាព​ចំពោះ​ការ​រីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា នៅ​ពេល​នេះ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​បាន​ឈាន​ដល់​ជាង​៦​ពាន់​លាន​ដុល្លារ តាមរយៈ​នេះ​គប្បី​ភាគី​ទាំងពីរ ពិសេស​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​រួមគ្នា​យកចិត្តទុកដាក់​គាំទ្រ​ធ្វើ​យ៉ាង​ណា​ឲ្យ កំណើន​ពាណិជ្ជ កម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​រយៈពេល​វែង។

សម្តេច​តេ​ជោ​មានប្រសាសន៍​ដែរ​ថា កម្ពុ​ជាមាន​យុទ្ធសាស្ត្រ​ពីរ​គឺ​ទី​១-​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ប្រយុទ្ធ​ឲ្យ​ទៅជា​តំបន់​អភិវឌ្ឍន៍ និង ទី​២-​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ក្លាយទៅជា​តំបន់​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍ និង មួយវិញទៀត​គឺ​ជំរុញ​ការតភ្ជាប់​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ប្រជាជន​និង​ប្រជាជន ដើម្បី​ធ្វើ​យ៉ាង ណា​រក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព ស្ថេរភាព ជាប្រចាំ​សម្រាប់​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu