Ad Code

ការ​មាន​ផ្ទៃពោះ​លើស​ខែ ក៏​ជា​សញ្ញា​គ្រោះថ្នាក់​ចំពោះ​អ្នក​ម្ដាយ​ផង​ដែរ



ភ្នំពេញ ​៖ ​ជាទូទៅ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​គ្រប់​ខែ គឺ​ត្រូវ​ធ្វើ​ការ​សម្រាល​បុត្រ​នៅ​គភ៌​មាន​អាយុ​ចន្លោះ​ពី ៣៧ ទៅ ៤០​សប្តាហ៍។

ក្នុងករណី​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ធ្វើការ​សម្រាល​បុត្រ​លើស​ពី​អាយុ ៤១​សប្តាហ៍​ឡើង​ទៅ នោះគេ​ហៅថា​ផ្ទៃពោះ​លើស​ខែ​។ ការ​មាន​ផ្ទៃពោះ​លើស​ខែ​នេះ គឺ​មិន​ត្រឹម​តែ​មាន​គ្រោះថ្នាក់​សម្រាប់​ទារក​នោះ​ទេ អ្នក​ម្តាយ​ក៏​នឹង​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ផងដែរ។

ចំពោះ​ផលវិបាក​វិញ​សម្រាប់​ស្ត្រី​ជា​ម្តាយ អាច​ប្រឈម​ដូចជា​ការវះកាត់​យក​កូន​កាន់តែ​ច្រើនឡើង ការ​ដាច់​រហែក​ទ្វារមាស​កម្រិត ៣ និង ៤​ដង ការធ្លាក់​ឈាម​ក្រោយ​សម្រាល ឬ​មាន​ជំងឺ Chorioamniotite​ និង​ការបង្ក​រោគ​នៅក្នុង​ភ្នាស​ស្បូន​។​ ដូច្នេះហើយ​ការតាមដាន​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​លើស​ខែ​គឺត្រូវធ្វើ​ការ​តាមដាន​ផ្ទៃពោះ​អោយ​បាន​កាន់តែ​ជាប់​លាប់ ចាប់ពី​អាយុ​គភ៌ ៤១​សប្តាហ៍​និង​គួរ​ធ្វើការ​តាមដាន ២-៣​ដង ក្នុង​១​សប្តាហ៍។

វិធីសាស្ត្រ​ក្នុង​ការ​ធ្វើការ​តាមដាន ការថយចុះ​នៅ​ចលនា​បម្រាស​របស់​កូន​ក្នុង​ពោះ ដែល​ធម្មតា​ស្ត្រី​ត្រូវការ​តាមដាន​ក្នុង​មួយថ្ងៃ (​កូន​ត្រូវ​មាន​ចលនា​បម្រាស​លើស​ពី ៣​ដង​ក្នុង​រយៈពេល ១​ម៉ោង​)​។​ ការ​ធ្វើ​ការវិភាគ​តាមរយៈ​លើ​ចង្វាក់បេះដូង​កូន​ ការ​ធ្វើ​ការវិភាគ Iformatisé du RCFរួម​នឹង​​ការ​ធ្វើ​អេកូ​សាស្ត្រ ដើម្បី​ស្វែងរក​នៅ​ការ​ថយ​ចុះ​បរិមាណ​ទឹកភ្លោះ​ដែល​ត្រូវ​ធ្វើ ២ ទៅ ៣​ដង ក្នុង​១​សប្តាហ៍ ចាប់ពី​អាយុ​គភ៌​៤១​សប្ដាហ៍​ឡើង​ទៅ (​ករណី​មានការ​ខ្វះ​ទឹកភ្លោះ ត្រូវធ្វើ​ការ​ជំរុញអោយ​ឈឺពោះ​សម្រាល និង​បន្ថែម​ការ​តាមដាន​)​។​

ចំណាំ អ្នក​ម្តាយ​ទាំងឡាយ​ត្រូវ​ចងចាំ​អំពី​កាលបរិច្ឆេទ​នៃ​ពេល​សម្រាល ដែល​កំណត់​ដោយ​គ្រូពេទ្យ​ជំនាញ និង​ទុកដាក់​ឯកសារ​អោយ​បាន​ត្រឹមត្រូវ ក្នុងករណី​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​លើស​ខែ គួរ​គប្បី​រួសរាន់​មកជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្ភព​ដើម្បី​ធ្វើការ​ពិនិត្យ និង​តាមដាន​ឲ្យ​បាន​ត្រឹមត្រូវ ដែល​អាច​ជៀស​ផុត​ពី​គ្រោះថ្នាក់​ដល់​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu