នៅថ្ងៃសៅរ៍ ប្រទេសចិនបានបើកកិច្ចប្រជុំកំពូលសន្តិសុខថ្នាក់តំបន់រយៈពេល២ថ្ងៃមួយ ដោយមានការចូលរួមពីសំណាក់ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តដទៃទៀត ដែលកំពុងប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក ជុំវិញការធ្វើពាណិជ្ជកម្មនិងការដកខ្លួនរបស់ក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
រថពាសដែកបានតម្រង់ជួរនៅតាមដងផ្លូវនៃទីក្រុងឆ្នេរសមុទ្រ Qingdao ខណៈដែលមេដឹកនាំពិភពលោកបានមកដល់កាលពីថ្ងៃសុក្រសម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី១៨របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាប្លុកសន្តិសុខក្នុងតំបន់ដឹកនាំដោយចិននិងរុស្ស៊ី។
បណ្តារដ្ឋជាសមាជិករបស់ខ្លួនក៏រួមមានសាធារណរដ្ឋអាស៊ីកណ្តាលចំនួន៤ដែលជាអតីតសហភាពសូវៀតព្រមទាំងប៉ាគីស្ថាននិងឥណ្ឌាផងដែរ។ ប្រទេសអ៊ីរ៉ង់គឺជាសមាជិកសង្កេតការណ៍។
អាជ្ញាធរបានបោសសម្អាតទីក្រុងនេះទាំងមូលដោយបញ្ឈប់អ្នកលក់ដូរ ពលរដ្ឋនិងអ្នកដើរលេងដើម្បីបើកផ្លូវឲ្យប្រធានាធិបតីចិនលោក Xi Jinping, សមភាគីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani។ ប្រធានាធិបតីប៉ាគីស្ថានលោក Mamnoon Hussain និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ក៏នឹងចូលរួមកិច្ចប្រជុំនេះផងដែរ។
កិច្ចប្រជុំ SCO បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump ដកក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ជាមួយប្រទេសអ៊ីរ៉ង់ដែលកិច្ចព្រមព្រៀងនោះបានដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។
បើទោះបីជាមិនមានរបៀបវារៈជាផ្លូវការក៏ដោយ ក្រុមអ្នកវិភាគបាននិយាយថា ប្រធានបទសំខាន់មួយនៃកិច្ចពិភាក្សាក្នុងឆ្នាំនេះគឺអាចផ្តោតទៅលើថាតើអ៊ីរ៉ង់នឹងត្រូវបានអនុញ្ញាតឲ្យឡើងឋានៈពីជាអ្នកសង្កេតការណ៍របស់ SCO ដើម្បីក្លាយទៅជារដ្ឋសមាជិកពេញលេញដែរឬក៏អត់ដែលដំណើរការនេះត្រូវបានប្រទេសអ៊ីរ៉ង់ស្វែងរកចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ ប៉ុន្តែមិនអាចសម្រេចបានខណៈពេលដែលខ្លួនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
ទោះបីជាយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥បានលុបចោលឧបសគ្គនោះ។
លោក Dawn Murphy សាស្ត្រាចារ្យផ្នែកសន្ដិសុខអន្តរជាតិនៅមហាវិទ្យាល័យសង្គ្រាមអាកាសអាមេរិកបាននិយាយថា ឥឡូវនេះក្រោយពីការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ, សមាជិករបស់ SCO អាចនឹងប្រើប្រាស់ការប្រគល់ភាពជាសមាជិកពេញលេញទៅឲ្យប្រទេសអ៊ីរ៉ង់ដើម្បីបង្ហាញពីការគាំទ្រដល់ទីក្រុងតេអេរ៉ង់និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
ភាពតានតឹងជុំវិញប្រទេសអ៊ីរ៉ង់បានកើតមានឡើងនៅពេលដែលបញ្ហានុយក្លេអ៊ែរមួយទៀតបានលេចឡើងខណៈដែលលោក Trump និងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនកំពុងរៀបចំកិច្ចប្រជុំកំពូលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសសិង្ហបុរី៕ AFP
Source: Kampuchea Thmey Daily
0 Comments