ភ្នំពេញ ៖ ប្រភពព័ត៌មានពីលោកអនុសេនីយ៍ឯក ម៉ៅ សាវឿន នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១នៃអធិការដ្ឋានខណ្ឌមានជ័យបានដឹងថា កាលពីចន្លោះម៉ោង១៣ដល់ម៉ោង១៤រសៀលថ្ងៃទី៩ខែមិថុនានេះ មានភ្លៀងមួយមេ លាយឡំទាំងខ្យល់កន្ត្រាក់ផង បានធ្វើឲ្យផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម១ បានបាក់ធ្លាក់មកដីគ្របពីលើកំណាត់ផ្លូវមុនីរ៉េតមុខសកលវិទ្យាល័យពាណិជ្ជសាស្ត្រក្បែរផ្សារស្ទឹងមានជ័យថ្មី បង្កឲ្យស្ទះចរាចរណ៍លើផ្លូវម្ខាងទាំងស្រុង។
លោកនាយប៉ុស្តិ៍បានឲ្យដឹងទៀតថា ផ្ទាំងប៉ាណូនេះធំណាស់ ហើយពេលធ្លាក់មកលើផ្លូវបានបង្កឲ្យខូចខាតរថយន្តបាឡែនមួយគ្រឿង ប៉ុន្តែសំណាងណាស់ ដែលមិនបង្កឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ។
លោកបន្តថា ពេលធ្លាក់ភ្លៀងកន្លងមក គេតែងតែឃើញមានអ្នកដំណើរទៅមកតាមដងផ្លូវច្រើនណាស់ ប៉ុន្តែចម្លែកនៅថ្ងៃនេះដោយសារតែមានខ្យល់បោកបក់ខ្លាំងពេក និងរហូតអ្នកជិះម៉ូតូខ្លះដួលច្រងាប់ច្រងិលធ្វើឲ្យអ្នកដំណើរនាំគ្នារកកន្លែងជ្រកទើបនៅពេលផ្ទាំងប៉ាណូធ្លាក់មកលើទ្រូងផ្លូវមិនប៉ះពាល់ដល់អ្នកដំណើរ។
គួរបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើងគេសង្កេតឃើញវត្តមានលោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោកបានចុះទៅពិនិត្យផ្ទាល់និងឲ្យហៅជាងមកកាត់ដែកផ្ទាំងប៉ាណូចេញដើម្បីងាយស្រួលស្ទូចដឹកចេញចៀសវាងការស្ទះចរាចរណ៍៕
Source: Kampuchea Thmey Daily
0 Comments