Ad Code

ខ្យល់​កន្ត្រាក់ ​បាក់​ប៉ាណូ​១​ផ្ទាំង​ធំ​នៅ​ខាង​មុខ​ប៉ុស្តិ៍​ប៉ូលិស​ចតុមុខ​ខណ្ឌ​ដូនពេញ​ ខូច​ម៉ូតូ​១​គ្រឿង



ភ្នំពេញ ​៖​ ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង ​មុន​ពេល​​ភ្លៀង​ បាន​ធ្វើ​ឲ្យ​ដែក​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​មួយ​ផ្ទាំង​ធំ ​បាន​បាក់​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ ហើយ​ក្នុង​ហេតុការណ៍​នេះ​ មិន​បណ្ដាល​ឲ្យ​មាន​អ្នក​គ្រោះថ្នាក់​ឡើយ​ ប៉ុន្តែ​ម៉ូតូ​សង់​កូរ៉េ​១​គ្រឿង ​ត្រូវ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង។

ខ្យល់​កន្ត្រាក់ ខណៈ​មេឃ​រលឹម​តិចៗ​ ធ្វើ​ឲ្យ​បាក់​រលំ​ដើមឈើ ​និង​ជាពិសេស​បាក់​ប៉ាណូ​មួយ​ផ្ទាំង​ធំ​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៤០​នាទី​នៅ​ចំណុច​ស្ថិត​ខាងមុខ​ប៉ុស្តិ៍​រដ្ឋបាល​ចតុមុខ​ខណ្ឌ​ដូនពេញ ​ក្បែរ​រង្វង់​មូល​សម្តេច​សង្ឃរាជ​ជូន ណាត​នៅ​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​។​

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ ដែល​គាត់​ប្រកប​របរ​លក់​នៅ​ក្បែរ​ប៉ាណូ​មួយ​ផ្ទាំង​ធំ​ស្ថិត​ខាងមុខ​ប៉ុស្តិ៍​រដ្ឋបាល​ចតុមុខ​នោះ​ បាន​ឲ្យ​ដឹង​ថា​ ខណៈ​ដែល​គាត់​កំពុងតែ​លក់ដូរ​ ស្រាប់តែ​មេឃ​ងងឹត​ស្លុប ​ហើយ​​​ធ្លាក់​ខ្យល់​កន្ត្រាក់ ​​​ស្របពេល​មេឃ​​​ធ្លាក់​ភ្លៀង​តិចៗ​ផង​នោះ ​បាន​ធ្វើ​ឲ្យ​ដែក​ប៉ាណូ​មួយ​ផ្ទាំង​ធំ​ នៅ​លើ​កន្លែង​គាត់​លក់​ដូរ​ ​​ បាក់​ធ្លាក់​មក​ផ្លូវ​លាន់​ក្រាំង​តែ​ម្ដង។

ស្ត្រី​រូប​នោះ​បាន​បន្ត​ថា ​ខណៈ​ដែល​ឃើញ​សភាព​មិន​ស្រួល​គាត់​ក៏​ប្រញាប់​រត់​ចេញទៅ​ជ្រក​ក្បែរ​ប៉ុស្តិ៍​ប៉ូលិស​ តែ​ក៏​ចាត់ទុកជា​សំណាង​ហើយ ​ដែល​របស់របរ​លក់ដូរ​របស់គាត់​មិន​រង​ការខូចខាត​នោះ​។​ប៉ុន្តែ​ម៉ូតូ​ម៉ាក​C១០០​កូរ៉េ​មួយ​គ្រឿង​មិន​ដឹង​ជា​របស់​អ្នកណា​នោះ​ទេ ​បាន​រង​ការខូចខាត​ដោយសារតែ​ដែក​ប៉ាណូ​នោះ​ធ្លាក់​សង្កត់​ចំ​នោះ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ដែរ​ថា ​ខណៈ​ដែល​មេឃ​ធ្លាក់​ខ្យល់​កន្ត្រាក់​នោះ​ដែរ ​ក៏​ចាត់ទុកជា​សំណាង​មួយ​ហើយ ​ដែល​អ្នកដំណើរ​ដែល​បើក​បរ​ឆ្លង​កាក់​ក្រោម​ប៉ាណូ​មួយ​ផ្ទាំង​ធំ​ដែល​បាក់​ធ្លាក់​នោះ​ ចៃដន្យ​គ្មាន​អ្នកណា​គ្រោះថ្នាក់​នោះ។

អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹងថា​ ក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់​នោះ​ដែរ​ សម្រាប់​នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​គឺ​មាន​បាក់​ដើមឈើ បាក់​បង្គោល​ភ្លើង​នៅ​កន្លែង​ផ្សេងទៀត​រួម​ទាំង​ប៉ើង​ដំបូលផ្ទះ​រួម​ទាំង​កាដ្ឋាន​សំណង់​នានា ​ត្រូវ​ប៉ើង​ធ្លាក់​របស់របរ​ផ្សេងៗ​ផង​ដែរ​ និង​ជាពិសេស​ការ​បាក់​ធ្លាក់​ដែក​ប៉ាណូ​នោះ ​សរុប​ជារួម​មិន​បណ្តាល​ឲ្យ​មាន​អ្នក​គ្រោះថ្នាក់​នោះទេ​។​

អាជ្ញាធរ​ខណ្ឌដូនពេញ​បញ្ជាក់ទៀតថា​ ចំពោះ​បាក់​​​ដើម​ឈើ​ និង​បាក់​ប៉ាណូ​នេះ​ដែរ​ កម្លាំង​អាជ្ញាធរ​បាន​ចាត់ចែង​រើ​ចេញ​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នកដំណើរ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu