Ad Code

ពិធីករ​កម្មវិធី​អាហារ​ទូរទស្សន៍​ និង​ជា​មេ​ចុងភៅ​ល្បីឈ្មោះ​លោក Anthony Bourdain បានទទួល​មរណភាព​នៅ​អាយុ​៦១​ឆ្នាំ



លោក Anthony Bourdain ដែលជា​មេ​ចុងភៅ​ដ៏​ល្បីល្បាញ​ជនជាតិ​អាមេរិក​ និង​ជា​អ្នកនិពន្ធ​ដែល​បាន​ចែករំលែក​នូវ​ចំណាប់អារម្មណ៍​ដ៏​ខ្លាំងក្លា​របស់គាត់​ចំពោះ​អាហារ​និង​វប្បធម៌​របស់​ពិភពលោក​ជាមួយ​មនុស្ស​រាប់លាន​នាក់​តាមរយៈ​កម្មវិធី​ទូរទស្សន៍​ដ៏​មាន​ប្រជាប្រិយភាព​របស់គាត់​នោះ ​គឺ​បានទទួល​មរណភាព​នៅ​អាយុ​៦១​ឆ្នាំ​។​

បណ្តាញ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក Bourdain បានធ្វើ​អត្តឃាត ​ខណៈ​ស្ថិតនៅ​ប្រទេស​បារាំង​ដើម្បី​ថត​កម្មវិធី​អាហារ​និង​ដំណើរ​កម្សាន្ត “Parts Unknown” របស់ CNN ។​

អាជ្ញាធរ​បារាំង​បាន​និយាយថា លោក Bourdain បាន​ស្លាប់​ដោយ​ចង​.​ក​នៅឯ​សណ្ឋាគារ​ប្រណីត Chambard ក្នុងភូមិ Kaysersberg នៃ​តំបន់ Alsace​។​

ទូរទស្សន៍ CNN បាន​និយាយថា សព​របស់លោក Bourdain ត្រូវបាន​រកឃើញ​នៅក្នុង​បន្ទប់​សណ្ឋាគារ​របស់គាត់​ដោយ​មិត្ត​ជិតស្និទ្ធ​របស់គាត់​ឈ្មោះ Eric Ripert ដែលជា​មេ​ចុងភៅ​ប្រតិបត្តិ​របស់​បារាំង​នៅ​ភោជនីយដ្ឋាន​ក្រុង​ញូវយ៉ក Le Bernardin ។​

លោក Bourdain បាន​លើកកម្ពស់​ម្ហូបអាហារ​បែប​លោកខាងលិច​និង​ម្ហូប​តាម​ចិញ្ចើមថ្នល់​នៅក្នុង​ការធ្វើដំណើរ​រប​ស់​គាត់​ដោយ​លើកទឹកចិត្ត​ទស្សនិកជន​ឲ្យ​បរិភោគ​និង​ផឹក​ជាមួយ​មនុស្ស​ដោយ​គ្មាន​ការភ័យខ្លាច​និង​ការរើសអើង​។​

លោក Bourdain បាន​និយាយ​នៅក្នុង​សុន្ទរកថា​ទទួល​ពានរង្វាន់ Peabody ឆ្នាំ​២០១៤​ថា “​យើង​សូម​សួរ​សំណួរ​សាមញ្ញៗ : តើ​អ្វីដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​? តើ​អ្នក​ចូលចិត្ត​ញ៉ាំ​អ្វី​? តើ​អ្នក​ចូលចិត្ត​ចម្អិន​អ្វី​? ។ ហើយ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក យើង​ទៅ​ហើយ​សួរ​សំណួរ​សាមញ្ញៗ​ទាំងនេះ​។ យើង​មាន​ទំនោរ​ចង់​ទទួលបាន​នូវ​ចម្លើយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​”​។​

លោក Bourdain មាន​ភាព​រីករាយ​ក្នុង​ការ​ណែនាំ​មនុស្ស​ឲ្យ​មានមុខ​ម្ហូប​ថ្មី​។ នៅ​ក្នុង​វគ្គ​មួយ​នៃ​កម្មវិធី “Parts Unknown”, គាត់​បានបង្ហាញ​លោក​ប្រធានាធិបតី Barack Obama អំពី​វិធី​បរិភោគ​គុយទាវ​វៀតណាម​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ហាណូយ​។​

បន្ទាប់ពី​ចាប់ផ្ដើម​ពី​ការ​លាងចាន​នៅក្នុង​ភោជនីយដ្ឋាន​មួយ លោក Bourdain ដែលមាន​ដើមកំណើត​នៅ​ទីក្រុង​ញូវយ៉ក​គឺ​បាន​កើនឡើង​បន្តិច​ម្ដងៗ​ដើម្បី​ក្លាយទៅជា​ចុងភៅ​មួយរូប​។​

គាត់​បាន​បន្សល់ទុក​កូ​ន​ស្រី​វ័យក្មេង​ម្នាក់​ឈ្មោះ Ariane ពី​ទំនាក់ទំនង​របស់គាត់​ជាមួយ​អតីត​ប្រពន្ធ​ឈ្មោះ Ottavia Busia ។​

គាត់​បាន​ទាក់ទង​ជាមួយ​តារា​សម្តែង​អ៊ីតាលី​ឈ្មោះ Asia Argento ចាប់តាំងពី​ឆ្នាំ​២០១៧​មក​និង​បាន​ក្លាយជា​អ្នកតស៊ូ​មតិ​ឥត​សំចៃមាត់​សម្រាប់​ចលនា #MeToo ។

ការស្លាប់​របស់ Bourdain បាន​កើតឡើង​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ការធ្វើអត្តឃាត​របស់​អ្នកល្បីឈ្មោះ​ជនជាតិ​អាមេរិក​ម្នាក់ទៀត​គឺ​អ្នក​រចនា​ម៉ូដ​កាបូប Kate Spade ក្នុង​អាយុ​៥៥​ឆ្នាំ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu