ភ្នំពេញ ៖ អ្នកវិនិយោគិនក្នុងស្រុក បានសម្រេចបោះទុនជាងកន្លះលានដុល្លារអាមេរិក ពង្រីកហាងឡាក់គី បឺរហ្គឺរនៅតាមបណ្តាខេត្តដែលមានសក្តានុពលទេសចរណ៍ខ្ពស់ ដើម្បីបម្រើទៅតាមតម្រូវរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលមកកម្សាន្តនៅប្រទេសកម្ពុជា។
លោកហេង ហាំងម៉េង អគ្គនាយកក្រុមហ៊ុន ឡាក់គី បឺរហ្គឺរ បានមានប្រសាសន៍ថា ការសម្រេចបើកសាខាបន្ថែមនេះគឺដោយសារតែប្រទេសកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនមានសុខសន្តិភាពដែលធ្វើឲ្យចំនួនភ្ញៀវទេសចរចូលមកកម្សាន្តប្រទេសកម្ពុជាយ៉ាងច្រើន។ ជាងនេះទៅទៀតបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាពិសេសយុវវ័យមានការពេញនិយមចូលចិត្តបរិភោគអាហារបែបអឺរ៉ុបដូចជាបឺរហ្គឺរ ការ៉េមត្រជាក់ៗជាដើម ហើយហាងឡាក់គី បឺរហ្គឺរគឺជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។
លោកអគ្គនាយកបានបន្តទៀតថា ដោយមើលឃើញពីកំណើនភ្ញៀវទេសចរ និងការគាំទ្រពីអតិថិជនទើបនៅឆ្នាំ២០១៨នេះ ក្រុមហ៊ុនបានសម្រេចចិត្ត បើកសាខាចំនួន៤ទីតាំងបន្ថែមទៀត ដែលមាន១កន្លែងនៅខេត្តសៀមរាប ១កន្លែងនៅបាត់ដំបង និង២កន្លែងនៅរាជធានីភ្នំពេញ ដែលធ្វើឲ្យហាងឡាក់គី បឺរហ្គឺរ ដែលជាភោជនីយដ្ឋានសេវារហ័សកើនឡើងដល់១៤សាខា ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦រួមទាំងសាខាហាងឡាក់គី បឺរហ្គឺរបុរីប៉េងហួតបឹងស្នោដែលបើកសម្ពោធកាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨នេះផងដែរ។
លោកហេង ហាំងម៉េងបានបញ្ជាក់ថា សាខាដែលត្រៀមរៀបចំបើកចំនួន៤កន្លែងនេះគ្រោងនឹងចំណាយថវិកាប្រមាណជាងកន្លះលានដុល្លារអាមេរិកដោយក្នុង១ហាងៗត្រូវចំណាយប្រមាណ១៥ម៉ឺនដុល្លារអាមេរិក។
ថ្លែងនៅក្នុងពិធីសម្ពោធនាឱកាសនោះលោក ទី ប៊ីវី(Tee Bee Kwee) នាយកគ្រប់គ្រងទូទៅសាខាហាងឡាក់គី បឺរហ្គឺរបុរីប៉េងហួតបឹងស្នោបានប្ដេជ្ញាខិតខំផ្ដល់សេវាជួនដល់ភ្ញៀវជាតិ និងអន្តរជាតិឲ្យបានល្អសក្ដិសមជាហាងដែលមានភាពល្បីល្បាញមានរសជាតិឆ្ងាញ់ សេវាកម្មល្អ និងតម្លៃសមរម្យដើម្បីរក្សាទំនុកចិត្តរបស់អតិថិជនដែលតែងតែគាំទ្រដល់ហាងរបស់យើងតាំងពីដើមរៀងមក៕
Source: Kampuchea Thmey Daily
0 Comments