តាកែវ ៖ ប្រជាកសិករនៅតាមបណ្តាភូមិឃុំមួយចំនួននៅក្នុងស្រុកសំរោង ខេត្តតាកែវ បាននិងកំពុងធ្វើស្រែបង្កើនរដូវដើមឆ្នាំ២០១៨នេះ បន្ទាប់ពីមានទឹកភ្លៀងធ្លាក់ស្រោចស្រព បានល្អនៅដើមឆ្នាំនេះ។
កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លោកពូម្នាក់ ជាកសិករប្រកបរបរធ្វើស្រែ បាននិយាយប្រាប់កម្ពុជាថ្មីថា ធម្មតាយើងជាកសិករឲ្យតែមានទឹកភ្លៀងធ្លាក់ស្រោចស្រពគ្រប់គ្រាន់ទាំងគេទាំងខ្ញុំត្រេកអរណាស់ ពីព្រោះបានទឹកធ្វើបង្កើនរដូវដើម្បីចិញ្ចឹមពូជស្រូវទុកធ្វើស្រែប្រាំងទៀត។
លោកបានអះអាងទៀតថា ការធ្វើស្រែបង្កើនរដូវនេះ មិនបានធ្វើច្រើនទេ នាំគ្នាធ្វើតែបន្តិចបន្តួចគ្រាន់បន្តពូជធ្វើស្រែប្រាំងតែប៉ុណ្ណោះ ក៏ប៉ុន្តែបើដើមឆ្នាំនេះភ្លៀងបានបន្តធ្លាក់បន្តបន្ទាប់បានល្អបង្គួរដូច្នេះប្រហែលបងប្អូនយើងគាត់នាំគ្នាធ្វើស្រែបង្កើនរដូវបានច្រើនជាងឆ្នាំមុនៗ ពីព្រោះអីឆ្នាំនេះក្នុងខែឧសភា ឆ្នាំ២០១៨ យើងឃើញមានទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ទោះបី តិច ឬ ច្រើនហើយបើក្រឡេកទៅមើលតាមបណ្តាវាលស្រែនីមួយៗឃើញមានទឹកដក់ជោកជាំ តែពេលនេះបងប្អូនយើងខ្លះក៏គាត់ធ្វើទើបពង្រោះស្រូវហើយ មានមួយចំនួនផងដែរ ហើយមានបងប្អូនខ្លះទៀតគាត់ក៏បានទម្លាក់ស្រូវពូជត្រាំដើម្បីសាបជាសំណាបដើម្បីដកយកទៅ ធ្វើស្រូវវស្សាខាងមុខនេះដែរ។
ប្អូនម្នាក់គាត់បានបញ្ជាក់ឲ្យដឹងទៀតថា ការធ្វើស្រែដើមរដូវនេះគាត់ធ្វើតែបន្តិចបន្តួចនោះទេ ដើម្បីយកពូជស្រូវស្រែស្រួល គឺស្រូវអ៊ីអ៊ែរ ទុកបន្តទៅធ្វើស្រែប្រាំងនៅពេលរដូវទឹកស្រក។ ទាក់ទិនទៅបញ្ហាខាងលើនេះបងប្អូនប្រជាពលរដ្ឋពួកគាត់អ្នកប្រកបរបរធ្វើស្រែគាត់បានសំណូមពរតាមរយៈកម្ពុជាថ្មីសូមអាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាកុំឲ្យជីគីមីឡើងថ្លៃពេកបាទ៕
Source: Kampuchea Thmey Daily
0 Comments