ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានសំណូមពរដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងរដ្ឋ និងឯកជនចាប់ពីពេលនេះទៅ រហូតដល់ពេលបោះឆ្នោតត្រូវផ្សព្វផ្សាយឱ្យបានច្រើនអំពីសមិទ្ធផលការរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយកាត់បន្ថយព័ត៌មានណាដែលអវិជ្ជមាន ព័ត៌មានដែលអសកម្ម។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា នៅក្រសួងព័ត៌មាន លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ព័ត៌មានផ្សាយទាំងខ្លឹមសារផ្សាយ ទាំងរូបក្តី ទាំងសំឡេងក្តី សុំធ្វើយ៉ាងណាឱ្យព័ត៌មានទាក់ទងនឹងការរីកចម្រើនឱ្យបានច្រើន និយាយពិត និយាយត្រង់ បញ្ជាក់ពីគុណសម្បត្តិជាមូលដ្ឋាននៃការរីកចម្រើនរបស់សង្គមជាតិ ចៀសវាងការផ្សព្វផ្សាយនូវអ្វីដែលគេមិនពេញចិត្ត។ ប្រព័ន្ធផ្សព្វផ្សាយត្រូវប្រកាន់ខ្ជាប់នូវកម្មវិធីផ្សព្វផ្សាយ ត្រូវគោរពកិច្ចសន្យាផ្សព្វផ្សាយជាមួយក្រសួង ក៏ដូចជាគោរពតាមគោលការណ៍នៃច្បាប់បោះឆ្នោតរបស់(គ.ជ.ប)។ ដូចសម្តេចតេជោបានលើកឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រកន្លងទៅនៅគណៈរដ្ឋមន្ត្រី ដែលជាកិច្ចប្រជុំចុងក្រោយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធប្រព័ន្ធផ្សព្វផ្សាយត្រូវផ្សព្វផ្សាយពីការរីកចម្រើនរបស់សង្គមជាតិឱ្យបានច្រើន ហើយព័ត៌មានដែលអវិជ្ជមានត្រូវកាត់បន្ថយ។ ក្នុងនាមក្រសួងព័ត៌មានលោករដ្ឋលេខាធិការក៏បានរម្លឹកថា ក្នុងរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី ៧ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា គឺជាថ្ងៃឃោសនាបោះឆ្នោត ដែលប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវអនុវត្តយ៉ាងណាឱ្យបានល្អ។ ភារកិច្ចសំខាន់ គឺត្រូវគោរពទៅតាមកិច្ចសន្យារបស់ក្រសួង គោរពទៅតាមច្បាប់របស់(គ.ជ.ប)។
ក្រសួងក៏សូមថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលកន្លងមកបានអនុវត្តរាល់សំណូមពរពីក្រសួង ដូចជាសេចក្តីជូនដំណឹងផ្សេងៗចេញដោយអគ្គនាយកដ្ឋានសោតទស្សន៍ក្តី ក្នុងនាមក្រសួងក្តីនូវបំរាមមួយចំនួន តែងសហការអនុវត្ត និងសូមឱ្យបន្តកិច្ចសហប្រតិបត្តិការនេះបន្តទៀត។ ចំពោះប្រធានមន្ទីរព័ត៌មាននៅតាមខេត្ត-ក្រុង ដែលបានមកចូលរួមកិច្ចប្រជុំថ្ងៃនេះដែរ ក៏សូមឱ្យយកការណែនាំក្នុងកិច្ចប្រជុំនេះទៅអនុវត្តឱ្យបានស៊ីជម្រៅផងដែរ ព្រោះថានៅក្នុងខេត្ត-ក្រុងនីមួយៗសុទ្ធតែមានអ្នកសារព័ត៌មាន ទាំងកាសែត វិទ្យុ ទូរទស្សន៍។
បើតាមបទបង្ហាញរបស់លោក សាន ពុទ្ធារី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានសោតទស្សន៍ ស្តីពីបទប្បញ្ញត្តទូទៅនៃការឃោសនាបោះឆ្នោតបានបញ្ជាក់ថា ភារកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយត្រូវផ្សព្វផ្សាយព័ត៌មានដល់សាធារណជន អ្នកបោះឆ្នោតឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីដំណើរការបោះឆ្នោត តាមរយៈការអប់រំ និងកម្មវិធីផ្សព្វផ្សាយ ដើម្បីឱ្យអ្នកបោះឆ្នោតទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ប្រព័ន្ធផ្សព្វផ្សាយត្រូវគោរពសីលធម៌វិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។ ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ពុំទទួលខុសត្រូវចំពោះខ្លឹមសារនៃការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយឡើយ។ គណបក្សនយោបាយត្រូវទទួលខុសត្រូវចំពោះខ្លឹមសារនៃការឃោសនារបស់ខ្លួន។ ក្នុងករណី(គជប) រកឃើញថា ខ្លឹមសារនៃការឃោសនារំលោភលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត គជប មានសិទ្ធិឱ្យកែតម្រូវ ប្រសិនបើមិនកែតម្រូវ គជប មានសិទ្ធិដកហូត ឬបញ្ឈប់មិនឱ្យវិទ្យុ ឬទូរទស្សន៍នោះផ្សាយ និងចាត់វិធានការទៅតាមច្បាប់ជាធរមាន។
មាត្រា១៤២ នៃបទប្បញ្ញត្តនេះ ត្រូវផាកពិន័យជាប្រាក់ពី ៥លាន ទៅ២០លានរៀល ដោយ គជប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលប្រព្រឹត្តអំពើទុច្ចរិត ក្នុងករណីធ្វើឱ្យបាត់បង់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត ធ្វើឱ្យមានការភាន់ច្រឡំនៃការបាត់បង់ទំនុកចិត្ត បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន បង្កការរំខានមិនឱ្យរាប់សន្លឹកឆ្នោតបាន រារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត។ ចំពោះមាត្រា ១៥២ នៃបទប្បញ្ញត្តនេះដែរ ត្រូវផាកពិន័យជាប្រាក់ពី ៥លាន ទៅ១០លានរៀល និងត្រូវព្រមានជាលាយលក្ខណ៍អក្សរដោយ គជប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលប្រើប្រាស់គ្រប់មធ្យោបាយប្រមាថជាសាធារណៈ ចំពោះគណបក្សនយោបាយណាមួយ ឬបេក្ខជនឈរឈ្មោះបោះឆ្នោត ឬញុះញង់ឱ្យមានការរើសអើងទៅលើសមាជិក នៃជាតិពន្ធ ក្រុមជាតិពូជសាសន៍ ឬនៃសាសនាណាមួយនៅក្នុងពេលឃោសនានិងពេលបោះឆ្នោត៕
Source: Kampuchea Thmey Daily
0 Comments