Ad Code

Watcharalek សងសឹក នី សុ​ភី មិនបាន​សម្រេច ខ​ណៈ​ចាន់ ប៊ុន​ហឿន​ផ្តួល​Jakpetch​ទឹក​៥​ ​



Watcharalek Site Kolab អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ ដែល​សុំ​ឡើង​សងសឹក នី សុ​ភី អ្នក​ប្រដាល់​កម្ពុជា ក្លិប​សាល​វ័​ន្ត​កីឡា កាលពី​យប់​ថ្ងៃ​សុក្រ​ទី​០៨ ខែ​មិថុនា ​ឆ្នាំ​២០១៨ នៅក្នុង​កម្មវិធី​ប្រដាល់​គូ​បូ​តា​លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នោះ គឺ​ពុំបាន​សម្រេច​នោះឡើយ។​

នី សុ​ភី ដែលជា​ម្ចាស់​ខ្សែក្រវាត់​លី​អូ​ទម្ងន់​៧០​គីឡូក្រាម បាន​ប្រើពេល​មិន​ដល់​២​ទឹក​ទេ ផ្តួល Watcharalek អោយ​សន្លប់​ក្រោក​លែងរួច ។ នៅក្នុង​ការប្រកួត​ដើម​ទឹក​ទី​២​នោះ Watcharalek ត្រូវ​នី សុ​ភី អុក​ជង្គង់​ចូល​ពោះ​ទឹកជា​ច្រើន​ជង្គង់ ដែល​ធ្វើ​ឲ្យ Watcharalek ចង់​គាំង​ទៅហើយ ។​តែ​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ នៅ​ស៊ូ​បន្ត​ការប្រកួត​ទៀត ប៉ុន្តែ​មិនបាន​មួយ​ដង្ហើមចង្រិត​ផង ក៏ត្រូវ​នី សុ​ភី ពុះ​កែង​ត្រូវចំ​មុខ​មួយ​កែង បណ្តាលអោយ​ដួល​ដេក​លើ​រេញ ។​លោក​ធន សុភា អាជ្ញាកណ្តាល​បាន​បញ្ឈប់​ការប្រកួត បន្ទាប់ពី​មើលឃើញ Watcharalek មាន​លក្ខ​ណះ​ធ្ងន់ធ្ងរ មិនអាច​បន្ត​ការប្រកួត​ទៀត​បាន​នោះ ហើយក៏​បានផ្តល់​ជ័យជម្នះ​អោយ នី សុ​ភី ឈ្នះ​ក្នុង​ទឹក​ទី​២​នេះ​តែម្តង ។​

Watcharalek Site Kolab ធ្លាប់​វាយ​ចាញ់​នី សុ​ភី ដោយ​ពិន្ទុ​ពីរលើក​រួចទៅហើយ​កន្ល​ង​មក ។ តែ លើក​ទី​៣​នេះ Watcharalek ចាញ់​រាង​ធ្ងន់ធ្ងរ​ដោយ​សន្លប់​ក្រោម​កែង​របស់​នី សុ​ភី ។ អ្នក​ប្រដាល់​ទាំងពីរ​ជួបគ្នា ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម ។
Watcharalek​នេះ គេ​ជា​ជើង​ខ្លាំង​មួយរូប​ក្នុងចំណោម​កីឡាករ​ថៃ ដែល​ឡើងមក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះ ។ គេ​ទើប​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ខ្សែក្រវាត់​លី​អូ​ទម្ងន់​៧០​គីឡូក្រាម ។​អ្នក​ប្រដាល់​ថៃ​រូបនេះ មានកំនត់​ត្រា​ប្រកួត​តែ​ចំនួន​១៥១​លើក ឈ្នះ​១២២​លើក ចាញ់​២៥​លើក ស្មើ​០៤​លើក និង​ធ្លាប់​វាយ​ដៃ​គួ​អោយ​សន្លប់​២៦​លើក​ឯណោះ។​

ចំណែក ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​ចំណាយពេល​រហូតដល់​ទឹក​ទី​៥ ទើប​ផ្តួល​អ្នក​ប្រដាល់​ថៃ Jakphetch Phor.Silak អោយ​សន្លប់ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០ គ​.​ក្រ ។​
ក្នុងការ​ប្រកួត​ទឹក​ទី​២ ចាន់ ប៊ុន​ហឿន ប៉ិះ​តែ​សន្លប់​ក្រោម​កណ្តាប់ដៃ​របស់​ថៃ ដោយសារ​ត្រូវ​មួយ​ដៃ​របស់​Jakphetch​ចំ​មុខ ប៉ុន្តែ​ក្រោយ​អាជ្ញាកណ្តាល​រាប់​ដល់​៨ ប៊ុន​ហឿន គេ​អាច​បន្ត​ការប្រកួត​ទៀត​បាន​។​ចាប់ពី​ទឹក​ទី​៣​ទៅ ចាន់​ប៊ុន​ហឿន បាន​សម្រុក​វាយ​កែង ជង្គង់​និង​ដាល់​ទៅលើ Jakphetch សឹងតែ​អ្នក​ប្រដាល់​ថៃ​រូបនេះ តដៃ​មិនទាន់ ។​

តែ​យ៉ាងណា Jakphetch គេ​អាច​ទប់​ការវាយប្រហារ​របស់​ប៊ុន​ហឿន រហូតដល់​ទឹក​ទី​៥ ។ ទោះជា​យ៉ាងនេះ​ក្តី Jakphetch ក៏​នៅតែ​គេច​មិន​ផុតពី​សន្លប់​ក្រោម​សន្ទុះ​ជង្គង់​និង​កែង​របស់​ចាន់​ប៊ុន​ហឿន បានដែរ គឺ​ត្រូវ​សន្លប់​ដដែល បន្ទាប់ពី​ត្រូវ​ជង្គង់​និង​កែង​ប៊ុន​ហឿន​វាយ​ចំ​ពេញៗ​នោះ ។​ជា​លើក​ទី​២០ របស់​ប៊ុន​ហឿន​ហើយ ដែល​គេ​បាន​វាយ​ឈ្នះ​ថៃ​នេះ ។

​ចំពោះ ប៊ុន សុធា អ្នក​ប្រដាល់​វ័យក្មេង នៃ​សមាគម​កីលាប្រដាល់​ក្រសួងការពារជាតិ បាន​ផ្តួល​បឺត សង្ឃឹម អ្នក​ប្រដាល់​វ័យក្មេង​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក អោយ​សន្លប់​ក្នុង​ទឹក​ទី​២ ដោយសារ​កែង និង​ជង្គង់​នោះ ។ ឯ អ្នក​ប្រដាល់​ជុន សាវុធ ក្លិប​កុសល​កីឡា គេ​សន្លប់​នៅក្នុង​ទឹក​ទី​១ តែ​គេ​ជា​អ្នក ឈ្នះ ដោយសារ​ដៃគូ​គឺ វុត្ថា ណាវី ក្លិប​អង្គរ​ធំគុន​ខ្មែរ បាន​វាយ​ខុស​លក្ខ​ណះ​បច្ចេកទេស ដោយ​វាយ​កែង​ពីក្រោយ​ក្បាល​នោះ ដូច្នេះ​គេ​ត្រូវ​ចាញ់​ដោយ​ស្វ័យប្រវត្តិ ។ រិ​ទ្ធ ផៃ​ឡុ​ក ក្លិប​អាណាចក្រ​គុន​ខ្មែរ​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ ប៉ុក វិបុល ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu