សៀមរាប៖មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា ការងារកំណាយស្រាវជ្រាវនៅស្រះខាងជើងមុខអង្គរវត្ត ជាលទ្ធផលបឋមក្រុមការងារបានរកឃើញរចនាសម្ពន្ធស្រះដែលមានកាំជណ្តើរធ្វើអំពីថ្មបាយក្រៀមនៅតួស្រះនិងថ្មភក់នៅមាត់ស្រះ ក្រៅពីនោះមានការចាក់បង្គរដីជាស្រទាប់ៗខុសៗគ្នាដើម្បីរក្សាស្ថិរភាពផ្ទៃស្រះទាំងមូល។
នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣០របស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចការគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ អ្នកស្រី នេត ស៊ីមន បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការធ្វើកំណាយនេះមានចំនួន២ទីតាំង។ ទីតាំងទី១ដែលកំពុងកំណាយមាន៣រណ្តៅជាប់គ្នា ហើយលទ្ធផលបឋមបានបង្ហាញអំពីការរៀបចំគ្រឹះ មាត់ស្រះនិងជណ្តើរ៣កាំចុះក្រោមសាងអំពីថ្មភក់ និងកាំជណ្តើរក្រោមៗទៀតធ្វើអំពីថ្មបាយក្រៀមកប់ដីដែលមានសភាពទ្រុឌទ្រោមខូចខាតរូបរាងក្នុងទម្រង់មិនច្បាស់លាស់ ពិបាកសន្និដ្ឋានថាជាកាំជណ្តើរឬជាដីបុកបង្ហាប់ធ្វើជាបាតស្រះ។
អ្នកស្រីបានបញ្ជាក់ទៀតថា តាមរយៈការសិក្សាស្រទាប់ដីនេះ បានបង្ហាញទម្រង់ពិសេសៗ៣ចំណុចសំខាន់ៗ។ ទី១. ការចាក់បង្គរដីយ៉ាងធំនៅផ្ទៃខាងក្រៅស្រះដែលបានបុកបង្ហាប់ឆ្លាស់គ្នា ដោយមានស្រទាប់ថ្មបាយក្រៀមលាយដីឥដ្ឋ លាយថ្មភ្នំ ស្របតាមបណ្តោយមាត់ស្រះ រីឯផ្ទៃខាងក្រោម មានការបុកបង្ហាប់ជាមួយដីខ្សាច់លាយដីឥដ្ឋ លាយថ្មបាយក្រៀម។ ទី២. រចនាសម្ពន្ធស្រះទាំងមូលបានរៀបកាំជណ្តើរថ្មភក់នៅមាត់ស្រះ ព្រមទាំងរៀបថ្មបាយក្រៀមផ្នែកខាងក្រៅនៅបាតស្រះមានការបុកបង្ហាប់ដី មានខ្សាច់លាយថ្មភ្នំ នៅស្រទាប់នេះ ដែលពិបាកកំណត់តួនាទីនៃការប្រើប្រាស់ ដោយសារថ្មភ្នំនិងថ្មបាយក្រៀមមានការពុកផុយជាអន្លើៗ។ ទី៣. ការចាក់បង្គរសម័យថ្មី រកឃើញកំណាត់ឈើ បន្ទះក្តារប្រើប្រាស់សម័យមុននិងលាយឡំដោយសម្ភារៈសម័យថ្មី។ បន្ទាប់ពីបញ្ចប់គម្រោងកំណាយរណ្តៅទីមួយនេះ ក្រុមការងារនឹងបន្តកំណាយនៅស្រះផ្នែកខាងកើតឆៀងខាងត្បូងដែលជារណ្តៅទី២។
សូមបញ្ជាក់ដែរថា ការធ្វើកំណាយនេះមានគោលបំណងលើកតម្លៃស្រះ ដែលជាផ្នែកមួយនៃស្ថាបត្យកម្មប្រាសាទអង្គរ ទម្រង់ស្ថាបត្យកម្មប្រាសាទសម្រាប់ការពង្រឹងជួសជុលលើសោភណភាពស្រះ និងទម្រង់ទស្សនីយភាពទេសចរ។ គូររំឭកដែរថា កន្លងមកស្រះខាងជើងនិងខាងត្បូងមុខអង្គរវត្តត្រូវបានបំផ្លាញដោយធម្មជាតិ នៅក្នុងឆ្នាំ១៩២០-២១ សាលាបារាំងចុងបូព៌ា មានលោក HENRI Machal (ហង់រី ម៉ាហ្សាល់) បានធ្វើកំណាយ និងជួសជុលឡើងវិញ។ នៅឆ្នាំ២០០៥-២០០៧ ក្រុមការងារបុរាណវិទ្យាក៏បានសិក្សារចនាសម្ពន្ធស្រះខាងត្បូងរកឃើញជណ្តើរចំនួន៦កាំដែលមានស្ថានភាពល្អនិងជណ្តើរថ្មបាយក្រៀមពុកផុយ និងបាតគ្រឹះមានសភាពនៅល្អនៅឡើយ៕
Source: Kampuchea Thmey Daily
0 Comments