Ad Code

ឯម ឡេង​លី ជួប Laypayak ឯ រិ​ទ្ធ ភូ​លូ ជួប Senmuengnoy នៅ​សង្វៀន​ស្ទឹង មានជ័យ​



អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ឯម ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Laypayak Phumpanmoung នា​យប់​ថ្ងៃអាទិត្យ ទី​១០ ខែ​​មិថុនា​ ឆ្នាំ​២០១៨​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។ ពួកគេ​ទាំងពីរ​នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧០​គីឡូក្រាម។

Laypayak គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ម្តង​ពីរដង​ហើយ​កន្លងមក ។ អ្នក​ប្រដាល់​ថៃ​រូបនេះ បើ​ប្រៀប​ជាមួយ​ឯម ឡេង​លី គឺ​មិនដឹងថា​យ៉ាងណា​នោះទេ ព្រោះថា​ឡេង​លី គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ។ Laypayak គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៤៥​លើក ចាញ់​២០​លើក​និង​ស្មើ​០៤​លើក ។​

យ៉ាងណា Laypayak ប៉ះ​ជាមួយ​ឯម ឡេង​លី ក៏​ប្រហែលជា​ជួប​ការលំបាក​ដែរ ព្រោះថា​ឡេង​លី ថ្វីត្បិតតែ​មាន​ប្រវត្តិ​ប្រកួត​ត្រឹមតែ​ជាង​៣០​លើក តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង​ទើបតែ​ស្គាល់​ចាញ់​៥​លើក​ប៉ុណ្ណោះ។ តែ​យ៉ាងណា ឯម ឡេង​លី ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។​ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង​ឯម​ឡេង​លី និង Laypayak នេះ ?។

ឡេង​លី គេ​មាន​កំនត់ត្រា​ប្រកួត​ទើបតែ​៣៥​លើក​ប៉ុណ្ណោះ តែ​គេ​វាយ​ឈ្នះ​២៧​លើក​ទៅហើយ ដោយ​ចាញ់​តែ ០៧ លើក​និង​ស្មើ​០១​លើក​ប៉ុណ្ណោះ ។ គេ​ប្រកួត​ចុងក្រោយ បាន​ផ្តួល​អ្នក​ប្រដាល់​រុស្សី​Arthur Shushinsky អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៣ កាលពី ថ្ងៃទី​១៩​ឧសភា​កន្លងទៅនេះ។​

ចំពោះ រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Senmuengnoy Por. Awthalebangsare ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០ គ​.​ក្រ ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ម្តងណា​នៅឡើយ​ទេ​កន្លងមក​។​

រិ​ទ្ធ ភូ​លូ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់ ។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​៤​លើក និង​ឡាវ​២​លើក​ប៉ុណ្ណោះ ។​ដូច្នេះ លើក​នេះ​ជា​លើក​ទី​៥ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ។

ភូ​លូ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៦៩​លើក ក្នុងនោះ​វាយ​ឈ្នះ​៥៤​លើក ចាញ់​១១ លើក និង​ស្មើ ០៤​លើក ហើយ​គេ​ធ្លាប់​ផ្តួល​ដៃគូ​ប្រកួត​អោយ​សន្លប់​បាន​ចំនួន​១៧​លើក ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ភូ​លូ​អាច​យកឈ្នះ Senmuengnoy បាន​ឬក៏​អត់​នោះទេ​?។​
Senmuengnoy ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ​។ ដូច្នេះ រិ​ទ្ធ​ភូ​លូ ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង ។ តែបើ​អាច​ឈ្នះ​បាន គឺមាន​តែ​ការ​វាយ​ប្តូរ​កែង​មួយ​មុខ​គត់ ដែល​ប្រថុយ​ដូរ​ជាមួយនឹង​ជ័យជំនះ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧២​លើក ឈ្នះ​៦១​លើក ចាញ់​១០​លើក និង ស្មើ​០១​លើក ។ ចាំមើល រវាង​រិ​ទ្ធ ភូ​លូ និង Senmuengnoy តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu