ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូលឿនវ៉ារថយន្តមួយគ្រឿង ជ្រុលចង្កូតចូលទ្រូងផ្លូវ ត្រូវរថយន្តកុងតឺន័រកៀរដួលមួយត្រឡប់ទៅហើយ ភ្លាមៗនោះត្រូវម៉ូតូជិះមកវាក់អើចាប់ហ្វ្រាំងមិនទាន់ បុកកិនមួយត្រឡប់ទៀត រងរបួសធ្ងន់ធ្ងរ កាលវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តកុងតឺន័រម៉ាក FREIGHTLINERពណ៌សលាយពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ3B-5621បើកបរក្នុងទិសដៅពីលិចទៅកើត។ ចំណែកម៉ូតូរងគ្រោះ ម៉ាក វីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ1D-2852 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័របើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនគួរសម លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែឃើញម៉ូតូជនរងគ្រោះបើកបរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នា ដោយម៉ូតូរងគ្រោះកំពុងវ៉ារថយន្តមួយគ្រឿងទៀត ដែលបើកស្របគ្នា ហើយម៉ូតូនោះបានរេចង្កូតទៅផ្នែកខាងឆ្វេងជាងពាក់កណ្ដាលទ្រូងផ្លូវ បន្ទាប់មកស្រាប់តែរថយន្តកុងតឺន័របុកកៀរបណ្តាលអោយជនរងគ្រោះខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់។
ប្រភពបន្ដទៀតថា ពេលភ្លាមៗផងដែរ ជនរងគ្រោះត្រូវបានម៉ូតូមួយគ្រឿងទៀត បើកមកដល់មិនបានចាប់អារម្មណ៍ ក៏បុកបន្ថែមបណ្តាលអោយរងរបួសរឹតតែធ្ងន់ថែមទៀត ហើយតៃកុងរថយន្តកុងតឺន័របានឈប់ រួចចុះពីរថយន្តរត់គេចខ្លួនបាត់។ ជនរងគ្រោះត្រូវបានរថយន្តសាមុយឯកជនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈដើម្បីព្យាបាល។
ក្រោយពេលកើតហេតុជំនាញចរាចរណ៍រាជធានីភ្នំពេញធ្វើការវាស់វែងយកម៉ូតូនិងរថយន្តកុងតឺន័រទៅរក្សាទុករង់ចាំធ្វើការដោះស្រាយថ្ងៃក្រោយ៕
Source: Kampuchea Thmey Daily
0 Comments