បាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់ ដែលម្នាក់គឺជាមុខសញ្ញាចែកចាយយ៉ាងសកម្ម និងម្នាក់ទៀត គឺជាមុខសញ្ញាកាន់កាប់ រក្សាទុក នូវប្រភេទថ្នាំញៀនខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន តាមប្រមាញ់និងឈានដល់ការចាប់ខ្លួន រួមជាមួយនឹងថ្នាំញៀនមួយចំនួនថែមទៀតផង។
កិច្ចប្រតិបត្តិការនេះ បានចាប់ផ្តើមឡើង កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៨ ត្រង់ចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយនៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភឿត សេង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅត្រង់ចំណុចខាងលើ ដែលជនសង្ស័យរូបនេះ គឺពាក់ព័ន្ធនឹងករណីកាន់កាប់ រក្សាទុកនូវប្រភេទថ្នាំញៀនខុសច្បាប់ ព្រមទាំងបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកបានចំនួន ២ កូនថង់ មានទម្ងន់ ៣,២៦ ក្រាម ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ ១ គ្រឿង ម៉ាកវ៉េវ ស៊ែរីឆ្នាំ ២០១៣។
ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័យរូបនេះរួចមក សមត្ថកិច្ចបានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញា នួន សាន ដើម្បីបន្តកិច្ចប្រតិបត្តិការលើកទី២ គឺនៅវេលាម៉ោង ៦និង ៤៥ នាទី ព្រឹក ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងបានចុះទៅកាន់ចំណុចភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ដោយបានឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀនម្នាក់ឈ្មោះ វុធ សុខសួស្តី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅត្រង់ចំណុចខាងលើ រួមជាមួយនឹងវត្ថុតាងមួយចំនួនដូចជា ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ៣ ថង់ មានទម្ងន់ ២៨,៣៥ ក្រាម ទូរស័ព្ទដៃ ១ គ្រឿង ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងថ្នាំញៀន ១ គ្រឿង កាំភ្លើងខ្លីមិនស្គាល់ម៉ាក ១ គ្រឿង គ្រាប់ចំនួន២ គ្រាប់ និងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នមុខសញ្ញាសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរៀបចំឯកសារ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងហើយ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments