ភ្នំពេញ ៖ តារាចម្រៀងជើងចាស់ម្ចាស់បទ ទូរស័ព្ទប្រាប់ផង និង ជាប់រវល់ លោក សាន ផានិត ស្របពេលដែលបង្ហោះរូបថតចំនួន២សន្លឹកព្រមជាមួយពាក្យមួយឃ្លានិយាយពីជីវិតអ្នកធ្វើការងារតាមរថយន្តស៊ីនទ្រី(រថយន្តដឹកសំរាម)នៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ ពេលនេះកំពុងទទួលបានការចាប់អារម្មណ៍និងគាំទ្រពីសំណាក់មហាជន។
ប្រយោគដ៏មានអត្ថន័យរបស់លោក សាន ផានិតនិងការបង្ហាញពីទឹកចិត្តដ៏ល្អរបស់តារាចម្រៀងលោក សាន ផានិត មួយនេះគឺអាចបញ្ជាក់ឲ្យឃើញពីភាពមិនរើសអើង ខណៈកន្លងមកលោកក៏ធ្លាប់ឆ្លងកាត់នូវជីវិតកម្សត់បែបនេះដូចគ្នា នឹងរូបភាពរបស់ក្មេងបម្រើការងារជាបុគ្គលិកក្រុមហ៊ុនស៊ីនទ្រីនេះផងដែរ។
លោក សាន ផានិត បានសរសេររៀបរាប់ប្រយោគខ្លីថា ខ្ញុំដើរទៅសុំពួកគាត់ថត ខ្ញុំអោយគាត់ម្នាក់១០០០០រៀល។ ប្អូនអាវក្រហមសួរខ្ញុំថាម៉េចបានបងថតជាមួយខ្ញុំ ខ្ញុំឆ្លើយតបវិញមកពីបងធ្លាប់ជាក្មេងម្នាក់ក្នុងចំណោមពួកប្អូនកាលពីបងមកភ្នំពេញដំបូងនាឆ្នាំ១៩៨៩។
តាមរយៈការបញ្ចេញសាររបស់តារាចម្រៀងប្រុសលោក សាន ផានិត ខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្របញ្ចេញមតិថា ពិតជាអស្ចារ្យណាស់ មិនភ្លេចអ្នកកម្សត់មែន។ បងប្រុសគឺជាតារាម្នាក់ដែលមានចិត្តបុណ្យ មិនប្រកាន់ នូវការងាររបស់ពួកគាត់ ពិតជារំភើបខ្លាំងណាស់ Idol។ ពាក្យមួយម៉ាត់ នេះ មានន័យណាស់។
សូមបញ្ជាក់ថា តារាចម្រៀងលោក សាន ផានិត គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលកន្លងមកដណ្តើមបានទីផ្សារគាំទ្រច្រើនពីសំណាក់ទស្សនិកជន។ ប៉ុន្តែក្រោយមក លោកក៏បានបាត់មុខមួយសន្ទុះធំ និងបានប្រកាសវិលចូលសិល្បៈវិញ អំឡុងពេលប្រមាណ២ឆ្នាំចុងក្រោយនេះដោយភ្ជាប់ជាមួយនឹងការបង្ហាញសកម្មភាពមនុស្សធម៌ជួយសង្គមដ៏គួរឲ្យសរសើរផងដែរ៕
Source: Kampuchea Thmey Daily
0 Comments