ក្រុមឧទ្ទាម Huthi របស់ប្រទេសយេមែន បានប្តេជ្ញាប្រយុទ្ធប្រឆាំងជាបន្ត បន្ទាប់ពីកងកម្លាំងគាំទ្ររដ្ឋាភិបាលបានរឹបអូសអាកាសយានដ្ឋាន Hodeida ពីពួកគេកាលពីថ្ងៃពុធនៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដណ្តើមមកវិញនូវទីក្រុងកំពង់ផែមួយនេះ ក្រោយពេលការប្រយុទ្ធគ្នារយៈពេលមួយសប្តាហ៍។
មេដឹកនាំឧទ្ទាមលោក Abdulmalik al-Huthi បានអំពាវនាវឲ្យមានការពង្រឹងដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់កងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប់រួមបន្ទាប់ពីការប្រយុទ្ធគ្នាជាបន្តបានបណ្តាលឲ្យមនុស្សជិត៣៥០នាក់ស្លាប់។
គាត់បាននិយាយតាមរយៈកាសែត Al-Masirah របស់ពួកឧទ្ទាមថា “យើងនឹងប្រឈមមុខនឹងការលុកលុយទាំងអស់នៅលើដីគោក។ ការប្តេជ្ញាចិត្តរបស់យើងនឹងមិនត្រូវកាត់បន្ថយនោះទេ”។
កងកម្លាំងគាំទ្ររដ្ឋាភិបាលបានប្រកាសពីការចាប់យកអាកាសយានដ្ឋាន Hodeida កាលពីព្រឹកថ្ងៃពុធ។ អាកាសយានដ្ឋាននេះត្រូវបានគេទុកចោលប៉ុន្តែវាជាមូលដ្ឋានឧទ្ទាមដ៏សំខាន់មួយ។
ប្រភពពីកងទ័ពយេមែនបាននិយាយថា ក្រោយមក ការប៉ះទង្គិចគ្នាថ្មីៗបានផ្ទុះឡើងរវាងកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប់រួមនិងពួកឧទ្ទាមសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅលើផ្លូវមួយដែលតភ្ជាប់ព្រលានយន្តហោះទៅកាន់កំពង់ផែ Hodeida នៅលើឆ្នេរសមុទ្រក្រហម។
ប្រធានាធិបតីយេមែនលោក Abedrabbo Mansour Hadi បាននិយាយថា ប្រតិបត្តិការយោធានឹងបន្តនៅលើផ្នែកផ្សេងៗគ្នារហូតដល់រដ្ឋធានី Sanaa និងទឹកដីទាំងមូលត្រូវបានដណ្តើមពីពួកឧទ្ទាមវិញ។
នៅថ្ងៃទី១៣ខែមិថុនា កងទ័ពរបស់យេមែននិងសម្ព័ន្ធមិត្តរបស់ខ្លួនបានបើកការវាយលុកដើម្បីបោសសម្អាតទីក្រុង Hodeida ដែលពួកឧទ្ទាមបានកាន់កាប់វាចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះដែលជាហេតុធ្វើឲ្យមានក្តីព្រួយបារម្ភពីអង្គការសហប្រជាជាតិចំពោះការដឹកជញ្ជូនជំនួយនិងការនាំចូលស្បៀងអាហារតាមរយៈទីក្រុងកំពង់ផែមួយនេះ។
យោងតាមប្រភពមន្ទីរពេទ្យក្រុង Hodeida បានឲ្យដឹងថា អ្នកប្រយុទ្ធក្រុម Huthi យ៉ាងតិច១៥៦នាក់និងទាហាន២៨នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាសម្រាប់ព្រលានយន្តហោះនេះ។
ចំនួននោះបានកើនឡើងដល់៣៤៨នាក់ហើយ។ ចំនួនជនស៊ីវិលដែលស្លាប់និងរបួសមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments