អាជ្ញាធរ បាននិយាយនៅព្រហស្បតិ៍ថា កាពីតែនសាឡាងឥណ្ឌូនេស៊ី ដែលលិចចូលក្នុងបឹងដ៏ជ្រៅមួយ ត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីសាកសួរអំពីគ្រោះមហន្តរាយ ដែលបណ្តាលឲ្យមានអ្នកស្លាប់។
ដោយត្រូវបានកំណត់អត្តសញ្ញាណថាមានឈ្មោះ Tua Sagala, កាពីតែនរូបនេះគឺស្ថិតក្នុងចំណោមមនុស្សត្រឹមតែ១៨នាក់ប៉ុណ្ណោះដែលត្រូវបានជួយសង្គ្រោះបន្ទាប់ពីសាឡាងបានក្រឡាប់និងលិចកាលពីរសៀលថ្ងៃចន្ទនៅបឹង Toba នៃកោះស៊ូម៉ាត្រា ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។
ពីដំបូងឡើយ អ្នកដំណើរបួននាក់ត្រូវបានគេអះអាងថាស្លាប់ប៉ុន្តែភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះនៅថ្ងៃព្រហស្បតិ៍បានកែប្រែតួលេខនេះមកនៅត្រឹមបីនាក់វិញ។
ការប៉ាន់ស្មានជាផ្លូវការបានបង្ហាញថា មានមនុស្សចំនួន១៩៣នាក់កំពុងបាត់ខ្លួនគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ដែលជាហេតុបង្កើនការភ័យខ្លាចថា ឧបទ្ទវហេតុនេះអាចក្លាយជាគ្រោះមហន្តរាយសម្លាប់មនុស្សច្រើនបំផុតមួយក្នុងចំណោមគ្រោះមហន្តរាយលិចនាវារបស់ឥណ្ឌូនេស៊ី។
ទូកឈើប្រពៃណីនេះត្រូវបានគេជឿថាបានធ្វើប្រតិបត្តិការខុសច្បាប់ដោយគ្មានការចុះបញ្ជីឬសំបុត្រអ្នកដំណើរឡើយ។
ការប៉ាន់ស្មានជាផ្លូវការអំពីចំនួនអ្នកដំណើរគឺផ្អែកលើរបាយការណ៍ពីក្រុមគ្រួសារនៃអ្នកដែលបាត់ខ្លួន។ បើសិនជាមានការបញ្ជាក់អះអាងមែននោះ សាឡាងដែលក៏មានផ្ទុកម៉ូតូរាប់សិបគ្រឿងផងដែរនេះអាចមានផ្ទុកជាមួយនឹងអ្នកដំណើរលើសចំនួនធម្មតាពី៤ទៅ៥ដង។
ប៉ូលិសបាននិយាយថា កាពីតែនរបស់សាឡាងនេះក៏ជាម្ចាស់នៃសាឡាងនេះផងដែរ។
អ្នកនាំពាក្យប៉ូលិសជាតិលោក Yusri Yunus បានប្រាប់ AFP នៅថ្ងៃព្រហស្បតិ៍ថា “កាពីតែនសាឡាងនេះឥឡូវកំពុងនៅជាមួយប៉ូលិសប៉ុន្តែយើងមិនទាន់សួរនាំគាត់នៅឡើយទេព្រោះគាត់កំពុងតក់ស្លុត”។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រួមទាំងមន្ត្រីដឹកជញ្ជូននិងមេប៉ូលិសជាតិត្រូវបានគេរំពឹងថានឹងទៅដល់កន្លែងកើតហេតុនៅថ្ងៃព្រហស្បតិ៍។
វាមិនច្បាស់ទេថាតើមានជនបរទេសណាម្នាក់នៅលើសាឡាងនោះដែរឬក៏អត់៕ AFP
Source: Kampuchea Thmey Daily
0 Comments