Ad Code

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​នៅ​កម្ពុជា​ ចូលរួម​ចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស លើ​វិស័យ​ទេសចរណ៍



ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ធនាគារ​ឯកទេស​នៃ​វិស័យ​ឯកជន​នៅ​កម្ពុជា​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​តាមរយៈ​ការផ្តល់​ប្រាក់កម្ចី​មានការ​ប្រាក់​ទាប​ដល់​និស្សិត​ដែល​ចង់​សិក្សា​លើ​វិស័យ​ទេសចរណ៍ ខណៈដែល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​កំពុង​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៦​លាន​នាក់​នៅ​ឆ្នាំ ២០១៨​នេះ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​បែបនេះ ​នៅក្នុង​ពិធី​បិទ​សន្និសីទ​អន្តរជាតិ​លើក​ទី​២ ស្តីពី «​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​» នៅ​សណ្ឋាគារ​សុខា​រ៉េស៊ីដង​-​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់ ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​ទទួលស្គាល់​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន ពិតជា​យន្តការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ ចូលរួម​កាត់បន្ថយ​នូវ​គម្លាត​ចំណេះដឹង​និង​ជំនាញ​រវាង​អ្នកជំនាញ​ដូចគ្នា​ក្នុង​តំបន់ សម្រួលការ​ផ្លាស់ប្តូរប​ទ​ពិសោធន៍​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​រវាង​ប្រទេស​សមាជិក​ទាំងអស់។ ដូច្នេះ​ស្ថាប័នរដ្ឋ ឯកជន អង្គការ​ជាតិ​-​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​នានា​គួរ​ផ្តល់​កិច្ចសហការ និង គាំទ្រ​បន្ថែម​ទៀត​សំដៅ​ចូលរួម​អនុវត្ត​ស្មារតី​កិច្ចព្រមព្រៀង​អាស៊ាន​នេះ​ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង សម្រេច​គោលដៅ​រួម​របស់​អាស៊ាន។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “​ខ្ញុំ​ចង់​អំពាវនាវ​ទៅកាន់​ធនាគារ​ឯកទេស​ទាំងឡាយ ​នៃ​វិស័យ​ឯកជន​សូម​ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការ​ផ្ដល់​ប្រាក់កម្ចី​ដែលមាន​ការ​ប្រាក់​ទាប​សម្រាប់​និស្សិត​ ដែល​ចង់​រៀន​នៅក្នុង​វិស័យ​ទេសចរណ៍​នេះ​”។ ​



សម្តេច​តេ​ជោ​បាន​បន្ត​ថា យើង​បានឃើញ​ហើយ​ថា ​កំណើន​នៃ​ទេសចរណ៍​ចូល​មក​កាន់​ប្រទេស​កម្ពុជា​យើង​កាន់តែច្រើន ហើយ​ភាព​ប្រទាក់ក្រឡា​រវាង​កម្ពុជា ជាមួយនឹង​បណ្ដា​ប្រទេស​នៅក្នុង​ក្របខណ្ឌ​អាស៊ាន​ក៏ដូចជា​លោក​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន។ ដូច្នេះ​នៅក្នុង​ពេលវេលា​នេះ​តម្រូវការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​កាន់​តែ​ច្រើន​នៅពេលដែល​និស្សិត​របស់​យើង​ចង់​ចូលរៀន តែ​ពួកគេ​ខ្វះ​លទ្ធភាព​ដូច្នេះ​រដ្ឋ​មិន​មាន​តួនាទី​ណាមួយ​នៅក្នុង​ការដាក់ចេញ​នូវ​ទុន​សម្រាប់​ការ​បណ្ដុះបណ្ដាល​ក្រៅពី​សាលា​ដែល​ខ្លួន​មាន​នោះទេ។ ក៏ប៉ុន្តែ​យើង​ក៏​សូម​អំពាវនាវ​ឲ្យ​ធនាគារ​ឯកទេស​ទាំងឡាយ​នៅក្នុង​វិស័យ​ឯកជន​ដែល​អាចរួម​ចំណែក​ផ្ដល់​នូវ​ប្រាក់កម្ចី​សម្រាប់​និស្សិត​ដែលមាន​ការប្រាក់​ទាប។ ដូច្នេះ​សុំ​ឲ្យ​លោក រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្វើ​ទំនាក់ទំនង​ជាមួយនឹង​ធនាគារ​ឯកទេស​នៃ​វិស័យ​ឯកជន សម្រាប់​រៀបចំ​បែបបទ​និង​ពិភាក្សា​ទាក់ទង​ទៅនឹង​អត្រា​ការប្រាក់ តើ​ត្រូវធ្វើ​បែបណា​នោះ​ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​សង់លុយ​ទៅ​ធនាគារ​វិញ​ នៅ​ពេលដែល​ពួកគេ​បញ្ចប់​ការសិក្សា និង មិន​ធ្វើ​ឲ្យ​ធនាគារ​មានការ​ខាតបង់ នោះ​ទេ ហើយ​ធនាគារ​មាន​ប្រាក់ចំណេញ​ផងដែរ​ពី​ប្រាក់កម្ចី​ដែល​បាន​ផ្តល់​ឲ្យ​និស្សិត​ផងដែរ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu