លោក កែវ សារិន គ្រូបង្គោលក្លិបបាល់ទាត់ស៊ីម៉ាក់យូណាយធីត សមាជិកពានរង្វាន់លីគលំដាប់ទី២ (Cambodan 2nd League) ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) អះអាងថា លោកបានចូលវះកាត់ដុំគីស នៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីនៅថ្ងៃអង្គារ ទី១៩ មិថុនា សប្ដាហ៍នេះ។
កីឡាករ កែវ ឧត្តម ដែលជាកូនប្រុសរបស់លោក កែវ សារិន បានបញ្ជាក់ថា ដុំគីសរបស់ឪពុកគេបានកើតឡើងយូរណាស់មកហើយ តែទើបសម្រេចចិត្តវះកាត់មួយរយៈចុងក្រោយនេះ និង ទទួលបានជោគជ័យផងដែរ មិនប៉ះពាល់ដល់អាយុជីវិតទេ។ លោកនឹងបន្តសម្រាកមួយរយៈមុនវិលចូលទីលានបង្ហាត់កូនក្រុម។ លោក កែវ សារិន បានកាន់តំណែងគ្រូបង្គោលក្លិបស៊ីម៉ាក់យូណាយធីត កាលពាក់កណ្ដាលរដូវកាល២០១៦ មុនឡើងតំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម។
ក្រុមស៊ីម៉ាក់ បានឡើងមកលេងក្នុងលីគកំពូលកម្ពុជា នៅឆ្នាំ២០១៥ ហើយនៅឆ្នាំជាមួយគ្នានោះដែរស៊ីម៉ាក់បានរក្សាកៅអីគង់ដោយឈរចំណាត់ថ្នាក់លេខ៩ ក្នុងចំណោមក្លិបទាំង១២ ហើយនៅឆ្នាំ២០១៦ ក្រុមនេះបន្តរក្សាកៅអីនៅក្នុងពានរង្វាន់នេះបានទៀតក្រោយក្រុមបៀលប្រាយ និងក្រុមគីរីវង់សុខសែនជ័យ សម្រេចដកខ្លួន ទើបលីគកំពូលកម្ពុជានៅសល់តែ១០ក្រុមក្នុងនោះឆ្នាំ។
ចំណែករដូវកាលឆ្នាំ២០១៧ វិញក្រុមស៊ីម៉ាក់ បានបញ្ចប់រដូវកាលរបស់ខ្លួនក្នុងពានរង្វាន់លីគកំពូលកម្ពុជា ប្រកួតបាន២២លើក ឈ្នះបាន៣លើក ស្មើ៥លើក និងចាញ់១៤លើក មាន១៤ពិន្ទុ ឈរលេខ១១ក្នុងតារាងរួមដែលមានក្រុមទាំង១២។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមនេះធ្លាក់ចេញតាំងពីវគ្គជុំទី៣មកម្ល៉េះក្រោយចាញ់ក្រុមអាស៊ីអឺរ៉ុប ទាំង២ជើងដោយលទ្ធផល ៥ទល់០។
ចូលដល់ឆ្នាំ២០១៨នេះនៅមិនទាន់ប្រកួតក្នុងពានរង្វាន់លីគលំដាប់ទី២នោះទេ ខណៈក្នុងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៨នេះ ក្រុមនេះបានឡើងដល់វគ្គ៨ក្រុមចុងក្រោយ ថ្នាក់ខេត្ត តែធ្លាក់ក្រោមថ្វីជើងយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៨ឆ្នាំ៕
Source: Kampuchea Thmey Daily
0 Comments