កណ្តាល ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងទីបញ្ជាការដ្ឋានអង្គរក្សដែលមានតម្លៃជាង ៤ លានដុល្លារនៅព្រឹកថ្ងៃទី ២១ ខែមិថុនានេះ នៅទីបញ្ជាការដ្ឋាន អង្គរក្សទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល។
នាយឧត្តមសេនីយ៍ផ្កាយមាស ៤ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សបានមានប្រសាសន៍ឲ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះរួមមានអគារស្នាក់នៅរបស់ យុទ្ធជន ,អគារការិយាល័យមេបញ្ជាការ មេបញ្ជាការរង បញ្ជាការដ្ឋានកងអង្គរក្ស ,សាលប្រជុំ ,សាលទទួលភ្ញៀវ និង សមិទ្ធផលជាច្រើនទៀត រួមទាំងការ បំពាក់សម្ភារៈផងដែរ។
បើយោងតាមនាយឧត្តមសេនីយ៍ផ្កាយមាស ៤ ហ៊ីង ប៊ុនហៀង សមិទ្ធផលទាំងនេះត្រូវបានចំណាយថវិកាសាងសង់អស់ជាង ៤ លានដុល្លារជាថវិការបស់សប្បុរសជន និង ថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ទីតាំងអគារទីបញ្ជាការដ្ឋានអង្គរក្សនេះអតីតជាតំបន់បឹង ដែលប្រឈមនឹងការបាក់ស្រុត ដូច្នេះហើយក្នុងឆ្នាំ២០១៨នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឲ្យធ្វើការសាងសង់ទីតាំងនេះឡើងវិញដើម្បីបំពេញតម្រូវការតាមសំណូមពររបស់បងប្អូនកងកម្លាំងនៅក្នុងបញ្ជាការដ្ឋានអង្គរក្សដើម្បីទទួលបានអគារស្នាក់នៅ និងការិយាល័យធ្វើការបានល្អប្រសើរ ព្រមទាំងមានសម្ភារៈយោធាគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មការពារជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា កម្លាំងទីបញ្ជាការកងអង្គរក្សមានកាតព្វកិច្ចការពារជាតិមាតុភូមិរបស់យើង និងសន្តិសុខសម្រាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងក្រុមគ្រួសារ ពិសេសគឺជាកងកម្លាំងសេនាផ្ទាល់សម្រាប់គណៈបញ្ជាការរាជធានីភ្នំពេញនិងចល័តកងទ័ពទៅគ្រប់កន្លែងទូទាំងប្រទេសកម្ពុជានៅពេលដែលមានសភាពការណ៍ជាក់ស្តែងចាំបាច់។ ដើម្បីទប់ស្កាត់រាល់សភាពការណ៍នានាដែលកើតឡើងជាយថាហេតុ។ បញ្ជាការដ្ឋានអង្គរក្សត្រូវបានបង្កើតឡើងដាក់ឲ្យចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
បញ្ជាការដ្ឋានអង្គរក្សបានបង្កើតឡើងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៩ ត្រូវបានបែងចែកកងឯកភាពផ្សេងៗគ្នាជាច្រើនផ្នែកចាប់តាំងពីផ្នែកសិល្បៈ អន្តរាគមន៍ សង្គ្រោះ កសិកម្ម ពេទ្យ រហូតកងឯកភាពប្រយុទ្ធ។ កងអង្គរក្សសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីមានរថយន្តតូចៗសម្រាប់អមការពារគណៈប្រតិភូថ្នាក់ដឹកនាំ កងអង្គរក្សនេះក៏មានបំពាក់ដោយអាវុធធុនធ្ងន់ស្មើនឹងកងខេមរភូមិន្ទថ្នាក់ជាតិដែរ គឺមានយន្តហោះ រថក្រោះ រថពាសដែក និងកាំជ្រួចហ្វូង បេ.អឹម២១ ជាអាវុធប្រតិកម្មរហ័សជាច្រើនគ្រឿងទៀតផង៕
Source: Kampuchea Thmey Daily
0 Comments