អ្នកការទូតមកពីទូទាំងពិភពលោក បានការពារក្រុមប្រឹក្សាសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពីស្ថាប័នមួយនេះ ដែលរិះគន់ថា ស្ថាប័ននេះប្រឆាំងអ៊ីស្រាអែល។
ឯកអគ្គរដ្ឋទូតស្លូវ៉ាគីលោក Vojislav Suc ដែលបច្ចុប្បន្នជាប្រធានប្តូរវេនរបស់ក្រុមប្រឹក្សានេះនិង ជំរុញឲ្យមានកំណែទម្រង់មួយនោះបានពិពណ៌នាស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះថាជាកន្លែងល្អបំផុតដើម្បីបង្កឲ្យមានសកម្មភាពលើវិបត្តិសិទ្ធិដ៏មានគ្រោះថ្នាក់។
គាត់បានប្រាប់សម័យប្រជុំលើកទី៣៨របស់ក្រុមប្រឹក្សានេះប៉ុន្មានម៉ោងក្រោយពីក្រុងវ៉ាស៊ីនតោនប្រកាសដកខ្លួនចេញថា “ខ្ញុំសូមនិយាយយ៉ាងច្បាស់ថា ប្រសិនបើបញ្ហាសិទ្ធិមនុស្សមិនត្រូវបានលើកយកមកពិភាក្សានៅទីនេះ នៅក្នុងបន្ទប់នេះទេនោះ ពួកគេមានឱកាសតិចតួចណាស់ដើម្បីដោះស្រាយវានៅកន្លែងផ្សេងទៀត”។
លោក Suc ថែមទាំងបានកោតសរសើរក្រុមប្រឹក្សាដែលមានសមាជិក៤៧ប្រទេសមួយនេះផងដែរថាជា “ស្ថាប័នអន្តររដ្ឋាភិបាលតែមួយគត់ដែលឆ្លើយតបទៅនឹងបញ្ហានិងស្ថានភាពសិទ្ធិមនុស្សនៅទូទាំងពិភពលោក”។
ក្រុមប្រឹក្សានេះបានបញ្ជាក់កាលពីល្ងាចថ្ងៃពុធថា ខ្លួនបានទទួលការជូនដំណឹងជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោនអំពីការលាលែងពីសមាជិកភាពរបស់ខ្លួន។
ក្រុមប្រឹក្សានេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវនេះមហាសន្និបាតអង្គការសហប្រជាជាតិនឹងចាត់វិធានការដើម្បីជ្រើសរើសសមាជិកថ្មីជំនួសសហរដ្ឋអាមេរិកសម្រាប់
អាណត្តិដែលនៅសេសសល់ដែលត្រូវបានកំណត់ថានឹងផុតនៅឆ្នាំក្រោយ”។
ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវលោក Yu Jianhua បាននិយាយថា“គណៈប្រតិភូទាំងអស់បានផ្សារភ្ជាប់សារៈសំខាន់យ៉ាងខ្លាំងដល់ស្ថាប័ននេះ”។
ចំណែកសហភាពអ៊ឺរ៉ុបឯណោះវិញបានអះអាងថា ខ្លួននៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់ចំពោះក្រុមប្រឹក្សាសិទ្ធិមនុស្សហើយបាននិយាយថា ខ្លួននឹងបន្តព្យាយាមដោះស្រាយបញ្ហារបស់ស្ថាប័ននេះបើទោះបីជាសហរដ្ឋអាមេរិកដកខ្លួនក៏ដោយ។
រីឯក្រសួងការបរទេសរុស្ស៊ីកាលពីពេលមុនបានចោទប្រកាន់សហរដ្ឋអាមេរិកអំពី “ការចំអកឡកឡើយ” និង “មិនគោរព” ចំពោះអង្គការសហប្រជាជាតិ៕ AFP
Source: Kampuchea Thmey Daily
0 Comments