ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថា្នក់ជាតិ នៃរាជរដ្ឋាភិបាល ចុះជួយខណ្ឌសែនសុខ បានអំពាវនាវដល់ប្រជាពលរដ្ឋពិសាអាហារ ដែលមានរសជាតិ ប្រៃពេក ផ្អែមពេក និងខ្លាញ់ច្រើន ដើម្បីជៀសវាង កើតជំងឺមិនឆ្លងមួយចំនួនរួមមានជំងឺទឹកនោមផ្អែម លើសឈាមនិងជំងឺបេះដូងជាដើម។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨លោក រដ្ឋមន្ដ្រីបានណែនាំដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមនៅក្នុងរដូវភ្លៀងធ្លាក់នេះពោលគឺត្រូវបោសសម្អាតលំនៅដ្ឋានឲ្យបានស្អាតពិសេសលុបបំបាត់របស់របរដែលអាចដក់ទឹកបាន ដូចជា សំបកកង់ឡាន ម៉ូតូ កង សំបកដូងនិងសម្រាប់សំបកកំប៉ុងជាដើម ព្រោះវត្ថុទាំងនោះជាប្រភពកកើតនៃដង្កូវទឹក ក្លាយទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
លោកសាស្ត្រាចារ្យម៉ម ប៊ុនហេងបានឲ្យដឹងទៀតថា ចំពោះលោកយាយលោកតាដែលមានវ័យចំណាស់ពេលក្រោកពីដំណេកកុំប្រញាប់ប្រញាល់ងើបភ្លាមៗ ត្រូវងើបអង្គុយ ដើម្បីឲ្យសរសៃឈាមដើរបានស្រួល ទើបយើងងើបចេញពីគ្រែ។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេងបានបន្ថែមទៀតថា «បើសិនជាបងប្អូនមាន សុខភាពមិនស្រួល សូមប្រញាប់ទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលនៅជិតលោកអ្នក ដើម្បីព្យាបាលឲ្យទាន់ពេលវេលា។
ពាក់ព័ន្ធនឹងការចុះពិនិត្យព្យាបាលជំងឺនេះដែរ បងប្អូនប្រជាពលរដ្ឋទទួលសេវាព្យាបាលសុខភាព ដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់សាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល ដែលមានពិនិត្យព្យាបាលជំងឺជាច្រើនដូចជា ៖ ជំងឺទូទៅ ជំងឺលើសឈាម បេះដូង ទឹកនោមផ្អែម ពិនិត្យអេកូ ធ្មេញ ភ្នែក ព្យាបាលដោយចលនា និងជំងឺផ្សេងៗទៀត ខណៈដែលក្រុមគ្រូពេទ្យរបស់យើង បានយកសេវាព្យាបាលនេះ មកជិតផ្ទះរបស់បងប្អូនស្រាប់នោះ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបន្តថា «ការចុះព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋយើង ដើម្បីផ្ដល់នូវភាពងាយស្រួល ដល់ប្រជាជនកាន់តែច្រើន ក្នុងការការពារសុខភាព ឲ្យបានកាន់តែប្រសើរ ដូច្នេះសូមមកទទួលយកនូវសេវាកម្មនេះ ឲ្យបានគ្រប់ៗគ្នា ពិសេសយើងនឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីបម្រើសេវាកម្ម ជូនដល់ប្រជាពលរដ្ឋ យើងឲ្យបានកាន់តែល្អថែមទៀត ពេលដែលយើងមកពិនិត្យព្យាបាលនៅក្រោយទៀត»។
ជាមួយគ្នានេះដែរលោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកតាលោកយាយ មា មីងពូ និងក្មួយៗដែលបានអញ្ជើញមកពិនិត្យនិង ព្យាបាលជំងឺនៅទីនេះ ព្រោះថាសម្តេច តែងតែមានក្តីកង្វល់ខ្លាំងណាស់ ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។
ចុងក្រោយលោកសាស្ត្រាចារ្យម៉មប៊ុនហេងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅលេខរៀងទី២០ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments