Ad Code

ជក់​គ្រឿងញៀន​រួច​វ៉ៃ​ប្រពន្ធ​ទ្រោម​ខ្លួន ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន



សៀមរាប ​៖ ​កម្លាំង​នគរបាល​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប បាន​ធ្វើ​ការ​សហការ​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ និង​ករណី​ជក់​គ្រឿងញៀន​រួច​បញ្ចេញ​កំហឹង​វ៉ៃ​ប្រពន្ធ​រហូត​ទ្រោម​ខ្លួន​។

លោក​អនុសេនីយ៍ឯក ចែម ចំណាន អធិការរង​នគរបាល​ក្រុង​សៀមរាប ទទួលបន្ទុក​គ្រឿងញៀន បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២១ នេះ​ថា ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សាលា​កំរើក និង​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រុង ព្រមទាំង​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រុង ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សៅ រតនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ឡាន រស់នៅ​ក្រុមទី​១ ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

លោក​បន្ត​ថា ដំណើររឿង នៅ​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ ​ខែមិថុនា​ ឆ្នាំ​២០១៨​នៅ​ចំណុច​ក្នុង​បន្ទប់ដេក​ក្នុង​រោង​ជួសជុល​រថយន្ត​ហួរ ម៉េង​គ្រី ក្នុង​ក្រុម​ទី​១ ភូមិ​ជន្លង់ ឈ្មោះ សៅ រតនា ភេទ​ប្រុស បាន​ធ្វើ​សកម្មភាព​ប្រើ​ហិង្សា​វ៉ៃតប់​ទៅលើ​ប្រពន្ធ​របស់​គេ ឈ្មោះ នូ ច​រិ​យ៉ា ភេទ​ស្រី អាយុ​២១​ឆ្នាំ ដោយ​បាន​ក្តាប់ដៃ​ដាល់​ទៅលើ​ផ្ទៃមុខ បណ្តាល​ឲ្យ​មាន​ស្នាម​ជាំ​លើ​រង្វង់​ភ្នែក​ទាំងសងខាង​ហើម និង​មាន​ហូរឈាម​តាម​ច្រមុះ​។

ក្រោយពេល​កើតហេតុ​ភ្លាមៗ​ឈ្មោះ នូ ច​រិ​យ៉ា ត្រូវជា​ប្រពន្ធ បានមក​ដាក់​បណ្តឹង​ឲ្យ​សមត្ថកិច្ច​យើង​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់​។

លោក​បន្ថែម​ថា បន្ទាប់មក​នៅ​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃ​ដដែល​ សមត្ថកិច្ច​យើង​បាន​ទៅ​នាំ​យក​ឈ្មោះ សៅ រតនា នោះ​មក​សួរនាំ​ ទើប​ឈ្មោះ សៅ រតនា បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​ហិង្សា​វាយតប់​ទៅលើ​ប្រពន្ធ​ខ្លួន​ឈ្មោះ នូ ច​រិ​យ៉ា នោះ​ប្រាកដ​មែន​។ ដោយមាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​បន្ថែម យើង​បាន​ធ្វើ​ការពិនិត្យ​ទឹកនោម​របស់​ឈ្មោះ សៅ រតនា ក៏​ឃើញ​មាន សញ្ញា​វិជ្ជមាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​មែន ហើយ​ឈ្មោះ​សៅ រតនា បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ប្រាកដ​មែន​។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​ ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu