ភ្នំពេញ ៖ ក្រុមអ្នកលេងតុងទីនចំនួន៤នាក់ តំណាងឲ្យកូនតុងទីនសរុប៣០៥នាក់ បាននាំគ្នាកាន់រូបថតមេតុងទីនមួយសន្លឹកមកបង្ហាញ និង ប្តឹងអាជ្ញាធរមានសមត្ថកិច្ចឲ្យជួយដោះស្រាយ ខណៈពេលមេតុងទីនរូបនោះ ប្រមូលលុយរាប់សិបលានរៀលរត់គេចខ្លួនបាត់ជិតមួយសប្ដាហ៍មកហើយនោះ ដែលពួកគាត់បានមកកាន់សង្កាត់ចោមចៅ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ។
តាមស្ត្រី៣នាក់និងបុរសម្នាក់ ដែលមានវត្តមាននៅសាលាសង្កាត់ចោមចៅ៣ បានអះអាងថា ស្ត្រីមេតុងទីនគ្រាន់តែស្គាល់ឈ្មោះ ហេង ហេង ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីខាងលើធ្វើជាមេតុងទីនចំនួន២ក្បាលក្នុងមួយក្បាល២ម៉ឺនរៀលដោយក្បាលទី១ មានកូនអ្នកលេង១៥០នាក់ និងក្បាលទី២មានកូនចៅអ្នកលេង១៥៥នាក់ សរុបទាំង២ក្បាលចំនួន៣០៥នាក់ ហើយដេញប្រមូលលុយប្រចាំថ្ងៃ។
ការលេងតុងទីនខាងលើទើបតែចាប់ផ្ដើមលេងបានរយៈពេល៤ខែស្រាប់តែនៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៨ កន្លងមកនេះ បែរជាមេតុងទីនវេចលុយរត់គេចខ្លួនបាត់។
ក្រោយពីមេតុងទីនវេចលុយរាប់លានរៀលរត់គេចខ្លួនបាត់បន្សល់ទុកកូនអ្នកលេងតុងទីនរងគ្រោះឆោឡោ រហូតមកដល់ព្រឹកថ្ងៃទី២១ខែមិថុនា នេះជនរងគ្រោះចំនួន៤នាក់ បានត្រឹមតែកាន់រូបថតដែលអះអាងថា មេតុងទីនទៅប្តឹងអាជ្ញាធរសង្កាត់ឲ្យជួយអន្តរាគមន៍ រកដំណោះស្រាយនិងស្រាវជ្រាវតាមស្វែងរកមេតុងទីខាងលើមកដោះស្រាយគ្នានៅចំពោះមុខច្បាប់។
ចំពោះបញ្ហាល្បែងតុងទីននេះ ត្រូវបានមហាជនខ្លះលើកឡើងថា ល្បែងអស់នេះសុទ្ធតែច្បាប់ហាមឃាត់មិនអនុញ្ញាតឲ្យលេងទេតែពួកគាត់នៅតែនាំគ្នាលេងលួចលាក់ដល់ពែលមានបញ្ហាមេបោករត់ចោលបែរនាំគ្នាមកពឹងសមត្ថកិច្ចឲ្យជួយទៅវិញមិនដឹងថាសមត្ថកិច្ចអាចជួយបានកម្រិតណានោះទេ៕
Source: Kampuchea Thmey Daily
0 Comments