Ad Code

ពួក​ចោរ​០៤​នាក់ មិន​រាងចាល​សោះ ​ធ្លាប់​ចេញពី​គុក​ពេល​ខុសគ្នា តែ​បាន​ចូល​គុក​ជាថ្មី​ថ្ងៃ​ជាមួយគ្នា



ភ្នំពេញ ៖ ពួក​ចោរ​២​ក្រុម​ មាន​គ្នា​០៤​នាក់ សុទ្ធតែ​ធ្លាប់​មាន​ប្រវត្តិ​ជាប់គុក​ដូចគ្នា ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​សាជាថ្មី ក្នុង​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ កន្លងទៅនេះ។

មន្ត្រី​អាវុធហត្ថ​និយាយ​នៅ​ថ្ងៃទី​២១​ មិថុនា​ថា ក្រុម​ចោរ​ទី​១ រួមមាន ឈ្មោះ ថា ចាន់​រ៉ា ហៅ អូន ធ្លាប់​ជាប់គុក​ព្រៃ​ស ពី​បទ​លួច ក្នុង​ឆ្នាំ​២០១៥ ចេញ​វិញ​ក្នុង​ឆ្នាំ​២០១៧​។ ជនសង្ស័យ​ក្រុម​ទី​១​នេះ ត្រូវបាន​អាវុធហត្ថ​ខណ្ឌមានជ័យ​បង្ក្រាប​បាន​ក្នុង​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ បន្ទាប់ពី​ជនសង្ស័យ រូប​នេះ បាន​លួច​ម៉ូតូ​០១​គ្រឿង ម៉ាក​គុប ពណ៌​ទឹកប៊ិច ស្លាក​លេខ ភ្នំពេញ 1J-9012 របស់​ជនរងគ្រោះ ឈ្មោះ បៀ​ន រដ្ឋា នៅ​ចំណុច​មុខ​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពេល​បាត់​ម៉ូតូ ជនរងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្តឹង​ទេ ព្រោះ​ជាប់​ទៅលេង​ឯ​ស្រុកកំណើត​ក្នុង​ខេត្តព្រៃវែង រហូតដល់​ដឹង​ដំណឹង​ថា អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ចោរ​បាន ទើប​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹងសុំ​យក​ម៉ូតូ​ត្រឡប់​ទៅវិញ​។

មន្ត្រី​ដដែល​បន្ត​ថា ក្រុម​ចោរ​ទី​២ រួមមាន ឈ្មោះ ហ៊ុន ផា​ណា ហៅ ក្រឹម ធ្លាប់​ជាប់គុក​ក្នុង​ឆ្នាំ២០១៤ ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ចេញ​វិញ​ក្នុង​ឆ្នាំ​២០១៧, ឈ្មោះ ចាន់ ថា​ន ធ្លាប់​ជាប់គុក​ក្នុង​ឆ្នាំ​២០១៥ ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ចេញ​វិញ ក្នុង​ឆ្នាំ​២០១៧ និង ឈ្មោះ ហុង យូ​រ៉ា ហៅ ជ្រូក​។

ជនសង្ស័យ​ក្រុមទី​២​នេះ ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌមានជ័យ​បង្ក្រាប​បាន ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ក្រោយពេល​ពួកគេ​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ចាម 1I-4373 របស់​ជនរង​គ្រោះ​ឈ្មោះ រឿន សុភា កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុម​១ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ។

នៅ​ទីបំផុត​ក្រុម​ចោរ​ ដែល​ធ្លាប់​មាន​ប្រ​វត្តិ​ចេញពី​គុក​ថ្ងៃ​ខុសគ្នា តែ​បាន​ចូល​គុក​វិញ​ម្តង​ទៀត​ក្នុង​ថ្ងៃ​ជាមួយគ្នា ក្រោម​វិធាន​ការ​ជំនាញ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​ម្ដងទៀត​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu