ភ្នំពេញ ៖ ប្រព័ន្ធលូមេមួយខ្សែប្រវែង២.៦៥០ម៉ែត្រ,មុខកាត់១ម៉ែត្រ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងដំណើរការស្ថាបនាលើកំណាត់ផ្លូវលេខ២៧៨ដល់ផ្លូវលេខ៥០៨ឆ្លងកាត់សង្កាត់បឹងកេងកងទី១ និងសង្កាត់បឹងត្របែកខណ្ឌចំការមនក្រោមការត្រួតពិនិត្យបច្ចេកទេសពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ប្រព័ន្ធលូថ្មីនេះ អាចរំដោះទឹកនៅតំបន់មហាវិថីព្រះមុនីវង្ស,ផ្លូវត្រសក់ផ្អែម និងតំបន់រងទឹកភ្លៀងនៅជុំវិញដើម្បីនាំទឹកចាក់ទៅស្ថានីយបូមទឹកបឹងត្របែកឲ្យទាន់ពេលវេលា។
លោកនាយកមន្ទីរបញ្ជាក់ថា នៅទីតាំងនេះ កន្លងមកមានប្រព័ន្ធលូតូច.ធំខុសៗគ្នា ហើយប្រព័ន្ធលូភាគច្រើនជាប្រព័ន្ធលូចាស់សល់ពីសម័យអាណានិគមនិយមបារាំង ដែលមានអាយុកាលលើសពី៥០ឆ្នាំ ដែលធ្វើឲ្យលូចាស់ទាំងនោះ តែងបាក់ស្រុតជាញឹកញាប់ និងបណ្ដាលឲ្យខូចផ្លូវ និងចិញ្ចើមផ្លូវ ដែលទាមទារឲ្យមានការស្ថាបនាប្រព័ន្ធលូថ្មី ដែលមានទំហំធំជាងមុន ទើបសមស្របទៅនឹងតម្រូវការនៃការបង្ហូរទឹកដែលមានបរិមាណធំ នៅពេលចំនួនប្រជាពលរដ្ឋក្នុងទីក្រុងក៏ចេះតែកើនឡើងយ៉ាងគំហុក។
តំណាងក្រុមហ៊ុនCCEF ដែលទទួលម៉ៅការស្ថាបនាប្រព័ន្ធលូនេះ បានឲ្យដឹងថា ការដ្ឋានស្ថាបនាប្រព័ន្ធលូនេះ បានចាប់ដំណើរការតាំងពីថ្ងៃទី២៨ ខែឧសភា និងគ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០១៨ខាងមុខ។
សូមបញ្ជាក់ថា ប្រព័ន្ធលូក្នុងរាជធានីភ្នំពេញទាំងតូចទាំងធំ មានប្រវែងប្រមាណ៤៦០គីឡូម៉ែត្រ៕
Source: Kampuchea Thmey Daily
0 Comments