Ad Code

ក្រសួង​ការងារ ​គ្រោង​នឹង​បង្កើត​មុខវិជ្ជា​ជំនាញ​ស្រាវជ្រាវ​ពី​ប្រព័ន្ធ​ផ្កាយរណប​ថ្មី​មួយទៀត​នាពេល​ឆាប់ៗ​ខាងមុខនេះ



ភ្នំពេញ​ ៖ ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​គ្រោង​នឹង​បង្កើត​មុខវិជ្ជា​ជំនាញ​ស្រាវជ្រាវ​ពី​ប្រព័ន្ធ​ផ្កាយរណប​ថ្មី​មួយទៀត​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ ដើម្បី​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ​ស្រប​ទៅតាម​ការ​រីកចម្រើន​របស់​ពិភពលោក។

លោក ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា ​ក្រសួង​ការងារ​នឹង​បង្កើត​មុខវិជ្ជា​ជំនាញ​ស្រាវជ្រាវ​ពី​ប្រព័ន្ធ​ផ្កាយរណប​ថ្មី​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា​ដើម្បី​បណ្តុះបណ្តាល​ដល់​សិស្ស​និស្សិត​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​ប្រទេសជាតិ​។​

ថ្លែង​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​មួយ​រវាង​លោក អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​លោកស្រី ចិន យូ​(Chen You )​ប្រធាន​ក្រុមប្រឹក្សា​សាកលវិទ្យាល័យ ស៊ីន​ហួ​(Tsinghua )​របស់​សាធារណ​រដ្ឋ​ចិន​កាលពី​ព្រឹក​ថ្ងៃទី​២១​ ខែ​មិថុនា​នៅ​ទីស្តីការក្រសួង​លោក​បាន​បន្តថា​ ក្រសួង​នឹងធ្វើ​ការសហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ពិសេស​សាកលវិទ្យាល័យ ស៊ីន​ហួ​ដើម្បី​រៀបចំ​បង្កើត​ថ្នាក់​សិក្សា​ស្តីពី​ប្រព័ន្ធ​ផ្កាយរណប​នេះ​ព្រោះ​ជា​មុខវិជ្ជា​មួយ​ថ្មី​ដែល​ទាមទារ​នូវ​ធនធានមនុស្ស​និង​សម្ភារៈ​បរិក្ខារ​ជាច្រើន​។​

លោក​ថា​ «​បច្ចុប្បន្ន​និស្សិត​យើង​មិនទាន់មាន​ជំនាញ​ផ្កាយរណប​នេះ​នៅលើ​ទេ ប៉ុន្តែ​យើង​នឹង​រៀបចំ​មុខវិជ្ជា​នេះ។ យើង​នឹង ត្រៀម​បណ្តុះបណ្តាល​លើ​ជំនាញ​នេះ នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​ក​ម្ពុ​ជា​(NPIC) ។ នៅពេល​យើង​មាន​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ចិន​ហើយ យើង​នឹង​រៀបចំ​កិច្ចការ​នេះ ឥលូវ​នេះ​យើង​នៅ​ខ្វះ​ទាំង​ធនធានមនុស្ស និង​ទាំង​សម្ភារៈ ​ហើយ​ជា​ផែនការ​ក្រសួង​នឹង​រៀបចំ នាពេល​ឆាប់ៗ​នេះ យើង​ត្រូវ​ត្រៀម​ជាមុន​ជាមួយ​ដៃគូ​សហប្រតិបត្តិការ ហើយ​ផ្នែក​នេះ​វា​ជា​តម្រូវការ​របស់​ប្រទេស​កម្ពុជា​យើង​នាពេល​អនាគត​»​។​

លោក​បាន​បន្ថែមថា ​« បច្ចុប្បន្ន​កម្ពុជា​ប្រើប្រាស់​ទូរស័ព្ទដៃ​តាម​ប្រព័ន្ធ​ខ្សែ​អុ​ប​ទិ​ក នៅ​ប្រទេស​គេ​ជឿនលឿន​គឺ​គេ​ប្រើ​តាមរយៈ​ផ្កាយរណប​នេះ​ហើយ​។​ សូម្បីតែ ការហោះហើរ ក៏​យើង​ត្រូវ​ប្រើ​ផ្កាយរណប​ដែរ អញ្ចឹង​សព្វថ្ងៃនេះ​នៅ​ព្រលានយន្តហោះ​របស់​យើង​ ក៏​មមាញឹក​ខ្លាំង​ណាស់ដែរ ដូច្នេះ​យើង​ត្រូវការ​ធនធានមនុស្ស​ទៅលើ​ផ្នែក​នេះ។ យើង​នឹង​ជជែក​គ្នា​ជាមួយ​ខាង​ភាគី​ចិន​សិន ថា​តើ​យើង​ត្រូវ​រៀបចំ​ធ្វើ​អី​ខ្លះ ដែលជា​តម្រូវការ​ធន​ធាន​មនុស្ស​របស់​កម្ពុ​ជានា​ពេលអនាគត និង​យើង​ត្រូវ ផ្សព្វផ្សាយ ថា​ផ្នែក​នេះ​ជា​តម្រូវការ​ខ្ពស់​របស់​កម្ពុជា​យ៉ាងម៉េច​»​។​

ទន្ទឹមនឹងនេះ​លោក​បាន​បន្ថែមថា​ ក្រសួង​នឹងធ្វើ​ការផ្សព្វផ្សាយ​កម្មវិធី​សិក្សា​ស្តីពី​ប្រព័ន្ធ​ផ្កាយរណប​នេះ​ឲ្យ​បាន​ទូលំទូលាយ​ដល់​សិស្ស​និស្សិត​ដើម្បី​ចុះឈ្មោះ​ចូលរៀន​ឲ្យ​បាន​ច្រើន​នឹង​អាច​បន្ត​ការសិក្សា​នៅ សាកលវិទ្យាល័យ ស៊ីន​ហួ​ប្រទេស​ចិន​ដែលមាន​ការបណ្តុះ​បណ្តា​លើ​ជំនាញ​នេះ​ផងដែរ​។​

ក្រៅពី​ជួយ​បណ្តុះបណ្តាល​ជំនាញ​ប្រព័ន្ធ​ផ្កាយរណប លោក ឡៅ ហ៊ីម​បាន​បញ្ជាក់ថា​សាកលវិទ្យាល័យ​នឹង​បន្ត​ជួយផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​រាជការ​ក្រសួង​ក្នុង​រយៈពេល​វែង​និង​បណ្តុះបណ្តាល​ដល់​គ្រូ​បច្ចេក​ទេស​រយៈពេល​ខ្លី​នៅ​ប្រទេស​ចិន​ផងដែរ​។​ជាក់ស្តែង​កន្លងមក​សាក​ល​វិទ្យាល័យ​នេះ ​បានផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​ក្រសួង​ចំនួន​៣​នាក់​រួចមកហើយ​និង​ត្រៀម​ប​ញ្ជូន​ទៅ​២​នាក់​បន្ថែមទៀត​នាពេល​ខាងមុខនេះ។

គួរ​បញ្ជាក់ថា សាកលវិទ្យាល័យ​ស៊ី​ង​ហួរ ជា​សកល​វិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ​នៅ​ប្រទេស​ចិន ដែលមាន​អាយុ​កាល​ជាង​១០០​ឆ្នាំ​មកហើយ​ ដោយ​ធ្វើការ​បណ្តុះបណ្តាល​លើ​ជំនាញ​ជាច្រើន ដូចជា​វិស័យ​កសិកម្ម សុខាភិបាល បច្ចេកវិទ្យា​ទំនើបៗ ជាពិសេស​ផ្នែក​ផ្កាយរណប​នេះ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu