ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ដល់លើស្ពានជ្រោយចង្វា ទាក់ដៃចង្កូតនឹងម៉ូតូរ៉ឺម៉កកង់បីបណ្ដាលឲ្យដួលម៉ូតូខ្ទាតប្រពន្ធចូលកង់រថយន្តក្រុងរបស់រដ្ឋកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៥និង១៥នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។
រថយន្តក្រុងពណ៌សលាយខៀវពាក់ស្លាកលេខរដ្ឋ37 3.0017 អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។ ម៉ូតូរងគ្រោះម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1B 8124 ជិះដោយប្តីប្រពន្ធ២នាក់ ប្តីឈ្មោះចិន្តា អាយុ៣០ឆ្នាំ។ សពស្ត្រីជាប្រពន្ធមានឈ្មោះម៉ន ពៅ អាយុ២៨ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រអ្នកទាំង២មានទីលំនៅភូមិព្រៃក្រឡាញ់ ឃុំព្រៃស្រលិត ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីប្តីនារីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូឌុបប្រពន្ធឆ្លងស្ពានជ្រោយចង្វា ដោយបើកស្របទិសគ្នាជាមួយរថយន្តក្រុងខាងលើពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុម៉ូតូគាត់បានគេចម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង បណ្តាលឲ្យទាក់ដៃចង្កូតម៉ូតូទៅប៉ះជាមួយរថយន្តក្រុងខាងលើដួលខ្ទាតប្រពន្ធចូលកង់រថយន្តកិនបែកក្បាលស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញមកយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
 
 
0 Comments