ព្រះសីហនុ ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការកំពង់ផែពហុបំណងក្រុងព្រះសីហនុ ។ កំពង់ផែពហុបំណងថ្មីនេះមានតម្លៃប្រមាណជា ៧៤ លានដុល្លារ ដែលជាកម្ចីការប្រាក់ទាបពីទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន (JICA)។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា កំពង់ផែទឹកជ្រៅពហុបំណងថ្មីនេះនឹងមានលទ្ធភាពឱ្យនាវាដែលផ្ទុកទំនិញចំណុះរហូតដល់៤ម៉ឺនទៅ ៥ម៉ឺនតោន អាចចូលចតបាន ដែលនឹងធ្វើឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនឹងកើនឡើង ២ ដង ទៅលើសមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែចាស់។
គូរំលឹកផងដែរថាចំណតផែពហុបំណងនេះមានទីតាំងស្ថិតក្នុងបរិវេនកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយបានចាប់ផ្ដើមសាងសង់ឡើងនៅដើមឆ្នាំ ២០១៥ និង ជាកម្ចីការប្រាក់ទាបពីទីភ្នាក់ងារអភិវឌ្ឍន៍ជប៉ុន JICA។
ចំណតផែពហុបំណង ដែលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែកនេះ រួមមាន៖ ចំណតផែទំនិញរាយប្រវែង ៣៣០ម៉ែត្រ ជម្រៅទឹក ១៣,៥ម៉ែត្រ, ចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក ៧,៥ម៉ែត្រ និងការផ្គត់ផ្គង់នាវាសណ្តោង (Tugboat) ក្រោមហិរញ្ញប្បទានសម្បទានមានទឹកប្រាក់សរុបចំនួនប្រមាណ ៧៤លានដុល្លារអាមេរិក ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងក្របខណ្ឌ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែពហុបំណងកំពង់ផែក្រុងព្រះសីហនុ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ទទួលបន្ទុកលើការបង់ពន្ធ និងអាករផ្សេងៗ។
សូមបញ្ជាក់ថាកំពង់ផែពហុបំណងថ្មីនេះគឺជាគម្រោងអាទិភាពមួយ ដែលត្រូវបានកសាងឡើងដើម្បីជួយជំរុញដល់វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និង ជាពិសេស ការនាំចេញនូវកសិផលរបស់កម្ពុជាដូចជាចំណិតដំឡូងមីស្ងួត ទំនិញរាយ និង ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រពង្រីកទីផ្សារនាំចេញអង្កររបស់រាជរដ្ឋាភិបាលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments