Ad Code

សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះ​សេះ ​​ ​រៀបចំ​ការប្រកួត​ កីឡា​ជិះ​សេះ​ចម្ងាយ​ឆ្ងាយ​អាណាចក្រ​អង្គរ​២០១៨​នៅ​ខេត្ត​សៀមរាប



សៀមរាប​ ​​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែ​មិថុនា​​ សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះ​សេះ ​បាន​រៀបចំ​ការ​ប្រកួត​កីឡា​ជិះ​សេះ​ចម្ងាយ​ឆ្ងាយ​អាណាចក្រ​អង្គរ​២០១៨ ដែល​មាន​កីឡាករ​កីឡា​ការិនី​ជំនាញៗ​ចំនួន​១១​នាក់​ចូលរួម​ ហើយ​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​phnom krom eco resort ក្នុង​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប។ ក្នុង​ព្រឹត្តិការណ៍​នេះ ​ក៏​មាន​វត្តមាន​អាជ្ញាធរ​ និង​សិស្សានុសិស្ស​ជាច្រើន​នាក់​ចូលរួម​ផង​ដែរ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោកស្រី ទេព ម៉ូ​ណា ប្រធាន​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ បាន​មានប្រសាសន៍ថា ទស្សនវិស័យ​របស់​ស​ហ​ព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ គឺ​ការថែរក្សា និង​សង្គ្រោះ​សេះ​កម្ពុជា គឺ​គិតពី​សុខុមាលភាព​របស់​សត្វ​ពាហនៈ​នៅ​កម្ពុជា ជាពិសេស​នោះ​គឺ​សត្វ​សេះ​។ ​​ចំពោះ​បេសកកម្ម​របស់​យើង គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​ចិញ្ចឹម​សត្វ​ពាហនៈ​ឲ្យ​ពួកគាត់​មើលថែ​បាន​ត្រឹមត្រូវ។

លោកស្រី​បន្តថា ចំណុច​សំខាន់​ដែល​ទាក់ទង​ទៅ​នឹង​កីឡា​ជិះ​សេះ​រយៈ​ចម្ងាយ​នេះ​(Enurance)​ គឺ​ចង់​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​កីឡា​ប្រពៃណី​នេះ​ឡើងវិញ​នៅ​ក្នុង​ទឹកដី​នៃ​ខេត្ត​សៀមរាប បន្ទាប់ពី​បាត់បង់​យូរ ហើយក៏​ត្រូវបាន​អតីត​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​សីហនុ ព្រះអង្គ សើរើ​ និង​ផ្តួចផ្តើម​យកមក​វិញ​។ ​ចាប់តាំងពី​ឆ្នាំ​២០១១​មកក្រោម​ការផ្តួចផ្តើម​របស់លោក វ៉ាន់ សូ​អៀង និង​ក្រោម​ការគាំទ្រ​ដោយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ក្រុមកីឡា​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ បាន​ទៅ​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​បាន​ចំនួន​៣​លើក​នៅតាម​ប្រទេស​មួយចំនួន​ផងដែរ​។​ ការ​ជិះសេះ​ចម្ងាយ​២០​គីឡូម៉ែត្រ​ទៅ​៣០​គីឡូម៉ែត្រ នេះ​វា​គឺជា​ចម្ងាយ​ឆ្ងាយ ហើយ​យើង​ក៏​មិនអាច​ឲ្យ​សេះ​រត់លឿន​ពេក​នោះទេ ដូច្នេះ​យើង​រត់​ម្ត​ង​ពាក់កណ្តាល​តែប៉ុណ្ណោះ​។​

លោកស្រី​បន្តថា យើង​សង្ឃឹមថា នឹង​ទទួលបាន​បទពិសោធន៍​៥​ឆ្នាំ​បន្ថែម​ទៀត​ ដែល​អាច​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ទាំង​នេះ​​ ​ឈាន​ទៅ​ប្រកួត​យក​មេដៃ​មាស​នៅ​ក្នុង​ឆ្នាំ​២០២៣​ខាងមុខនេះ​ជូន​ប្រទេសជាតិ​យើង។

លោកស្រី​បាន​ថ្លែងអំណរគុណ​ដល់​សហព័ន្ធ​បង្ហាត់​ជិះសេះ​ថៃ និង សហព័ន្ធ​បង្ហាត់​ជិះសេះ​អាស៊ីអាគ្នេយ៍ ដែល​បាន​ចូលរួម​ជាមួយ​សហព័ន្ធ​ជិះសេះ​កម្ពុជា នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ។​ក្នុង​នោះ​លោកស្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នកចូលរួម​ឧបត្ថម្ភ​ដល់​កម្មវិធី​នេះ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu