Ad Code

ចាប់ខ្លួន​មេ​តុងទីន​បោក​លុយ​២​លាន​៦​សែន​ដុល្លារ​ បញ្ជូន​ឡើង​តុលាការ



ភ្នំពេញ​ ៖​ ស្ត្រី​មេ​តុងទីន​ម្នាក់ ​ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ពាក់ព័ន្ធ​ករណី​ប្រមូល​លុយ​តុងទីន​ចំនួន​២​លាន​៦​សែន​ដុល្លារ​មិន​សង​មក​អ្នកលេង​ជាមួយ​វិញ។

ជនជាប់ចោទ​ឈ្មោះ លី គឹម​ហួរ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៧ Ceo E1 ​ផ្លូវ​លេខ​៣៥៨ ភូមិ​៤ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​ចំការមន។

លី គឹម​ហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​មក​សាលាដំបូង​កាលពី​ថ្ងៃទី​២៣​ ខែ​មិថុនា ឆ្នាំ​២០១៨ ក្នុង​នោះ​ក្រោយពី​បាន​សាកសួរ​រួច លោកហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​តាម​មាត្រា ៣៩១ មាត្រា​៣៩២ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ដាក់​អោយ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​ស្នើ​អោយ​ចៅក្រម​​ស៊ើបសួរ​ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន។ រហូតមកដល់​ថ្ងៃ​ទី​២៤​ ខែ​មិថុនា ឆ្នាំ​២០១៨​ចៅក្រម​ស៊ើបសួរ​ឈ្មោះ កូយ សៅ មិនទាន់​សម្រេច​បែប​ណា​ទេ។

ពាក់ព័ន្ធ​ការ​ចាប់​ខ្លួន ​និង​ចោទប្រកាន់​មេ​តុងទីន​ឈ្មោះ លី គឹម​ហួរ ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បាន​អោយ​ដឹង​ថា កាលពី​ឆ្នាំ​២០១៤ ឈ្មោះ តាំង គឹម​ហួង ហៅ​ចែ​ស្រួយ ឈ្មោះ​កែវ មួយ​លី និង​ឈ្មោះ លី គឹម​ហួរ បាន​លួងលោម​ឈ្មោះ ប៊ុន សុភាព ភេទ​ស្រី អោយ​លេង​តុងទីន​ជាមួយ​ពួកគេ​ចំនួន​១៥​ក្បាល ដោយ​ពួកគេ​ជា​អ្នកធ្វើ​មេ​តុងទីន​នោះ​រហូត ដោយ​លើក​ទី​១​តុងទីន​ក្បាល ៣០០​ដុល្លារ ចាប់​ប្រមូល​ថ្ងៃ​ទី​១៩ ខែ​​មេសា ឆ្នាំ​២០១៤​មួយខែ​ដេញ​ម្ដង មាន​កូន​៤២​នាក់។

លើក​ទី​២ ក្បាល​៥០០​ដុល្លារ មាន​គ្នា​៤២​នាក់។ លើក​ទី​៣​តុងទីន​ក្បាល​៣០០​ដុល្លារ មាន​គ្នា ៥៤​នាក់។ លើក​ទី​៤ តុងទីន​ក្បាល​៣០០​ដុល្លារ មាន​គ្នា​៥៤​នាក់។ លើក​ទី ៥ តុងទីន​ក្បាល​២០០​ដុល្លារ មាន​កូន​៦២​នាក់។ លើក​ទី ៦ តុងទីន​ក្បាល​៥០០​ដុល្លារ មាន​គ្នា​៥៤​នាក់។ លើក​ទី​៧ តុងទីន​ក្បាល ២០០​ដុល្លារ មាន​គ្នា​៦៦​នាក់។ លើក​ទី​៨ តុងទីន​ក្បាល ៥០០​ដុល្លារ មាន​គ្នា​៤៤​នាក់។ លើក​ទី ៩ តុងទីន​ក្បាល ៣០០​ដុល្លារ មាន​គ្នា ៥៤​នាក់។ លើក​ទី​១០ តុងទីន​ក្បាល ៣០០​ដុល្លារ មាន​គ្នា​៤២​នាក់។ លើក​ទី​១១ តុងទីន​ក្បាល ២០០​ដុល្លារ មាន​គ្នា​៥៧​នាក់។ លើក​ទី ១២ តុងទីន​ក្បាល ៥០០​ដុល្លារ មាន​គ្នា​៥៣​នាក់។ លើក​ទី ១៣ តុងទីន​ក្បាល ៣០០​ដុល្លារ មាន​គ្នា ៤៤​នាក់។ លើក​ទី​១៤ តុងទីន​ក្បាល ២០​ដុល្លារ​មាន​គ្នា​១៣៤​នាក់ ដេញ​រាល់ថ្ងៃ។ លើក​ទី ១៥ តុងទីន​ក្បាល ២០​ដុល្លារ មាន​គ្នា​១៣៨​នាក់ ដេញ​រាល់ថ្ងៃ។

ចាប់តាំងពី​លេង​តុងទីន​នោះមក​ឈ្មោះ​ប៊ុន សុភាព បាន​បង់លុយ​អោយឈ្មោះ តាំង គឹម​ហួង ឈ្មោះ​កែវ មួយ​លី និង​ឈ្មោះ លី គឹម​ហួរ សរុប​ជា​ទឹកប្រាក់​ចំនួន ២ ៦០០ ០០០ ដុល្លារ លុះដល់​ពាក់​កណ្ដាលខែ​មីនា ឆ្នាំ​២០១៧ ឈ្មោះ​តាំង គឹម​ហួង​ និង​ឈ្មោះ​កែវ មួយ​លី បាន​លួច​រត់​ចេញទៅ​ក្រៅ​បរទេស​មិនអោយ​អ្នកលេង​តុងទីន​ទាំងអស់​ដឹង​ឡើយ ដោយ​ទុកអោយ​កូន​ឈ្មោះ លី គឹម​ហួរ នៅ​ដើរ​ប្រមូល​លុយ​តុងទីន​យក​ទៅទុក​រហូត ហើយ​នៅពេលដែល​អ្នកលេង​តុងទីន​ទៅ​ទារ​យកលុយ​មកវិញ​ស្រាប់តែ​ពួកគេ​គេច​មុខ​មិន​ព្រម​ជួប​ទើប​ឈ្មោះ​ប៊ុន សុភាព​ដាក់ពាក្យ​ប្ដឹង​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង។​

ក្នុង​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ​បាន​ទាមទារ​ប្រាក់​ដើម​ចំនួន​២ ៦០០ ០០០​ដុល្លារ ​និង​ជំងឺ​ចិត្ត​ចំនួន​៥០​​ម៉ឺន​ដុល្លារ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu