Ad Code

មនុស្ស​រាប់​លាន​នាក់ ​ជុំវិញ​ពិភពលោក​មើល​ទាំង​ការ​កោតសរសើរ​ នៅពេល​កិច្ចប្រជុំ​កំពូល ត្រាំ​-​គីម ជា​ប្រវត្តិសាស្ត្រ​ចាប់ផ្ដើម



ពិភពលោក​ បាន​មើល​ឃើញ​ពី​ការ​ផ្លាស់ប្តូរ​ ខណៈ​កិច្ចប្រជុំ​លើកដំបូង​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កំពុងកាន់​តំណែង ​និង​ប្រមុខរដ្ឋ​របស់​កូរ៉េខាងជើង​ បានធ្វើ​ឡើង​ក្នុង​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃ​អង្គារ។

ខណៈដែល​ហ្វូងមនុស្ស ​បាន​តម្រង់​ជួរ​នៅតាម​ដងផ្លូវ​នៃ​ប្រទេស​សិង្ហ​បុរី​ដើម្បី​មើល​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន ធ្វើដំណើរ​មក​សម្រាប់​ប្រជុំ​របស់​ពួកគេ​នៅ​ពេល​ព្រឹក​នោះ​, មនុស្ស​រាប់លាន​នាក់​ទៀត​បាន​មើល​ពេលវេលា​ជា​ប្រ​វ​តិ្ត​សាស្ត្រ​នេះ ​ដែល​បាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​។​

ព្រឹត្តិការណ៍​នេះ​ត្រូវបាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នៅក្នុង​រដ្ឋធានី​សេ​អ៊ូ​ល​របស់​កូរ៉េខាងត្បូង​ដែល​នៅ​ទីនោះ មនុស្ស​រាប់ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ស្ថានីយ​រថភ្លើង​នានា​និង​នៅ​កន្លែង​សាធារណៈ​ជាច្រើន​សម្រាប់​ការ​បញ្ចាំង​ជា​សាធារណៈ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​។



ការ​ទះដៃ​អបអរសាទរ​បានកើត​ឡើង​នៅពេល​លោក គីម និង​លោក ត្រាំ ចេញមកក្រៅ​ហើយ​ស្វាគមន៍​គ្នា​ទៅវិញទៅមក​ដោយ​ការ​ចាប់ដៃគ្នា​។​

អេក្រង់​ធំៗ​នៅ​អគារ​ល្បីៗ​ជុំវិញ​ទីក្រុង​សេ​អ៊ូ​ល​ក៏បាន​ផ្សាយ​អំពី​ជំនួប​នេះ​ផងដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​បានបង្ហាញ​ពី​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ញញឹម​នៅពេលដែល​លោក ត្រាំ និង​លោក គីម ចាប់ដៃគ្នា​។​

Yonhap បាន​ដកស្រង់​សម្តី​របស់លោក មូ​ន ដែល​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​ថា “​កិច្ចប្រជុំ​កំពូល​កូរ៉េខាងជើង - អាមេរិក​បានចាប់ផ្តើម​ហើយ​។ ខ្ញុំ​គិតថា មនុស្ស​គ្រប់រូប​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ប្រទេស សិង្ហ​បុរី​”​។​



ប៉ុន្តែ​ក៏មាន​បាតុកម្ម​ផងដែរ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​ដោយ​សកម្មជន​ប្រឆាំង​សង្គ្រាម​បាន​ប្រមូលផ្ដុំ​នៅ​ខាងក្រៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ដើម្បី​អំពាវនាវ​ឲ្យ​មាន​សន្ធិសញ្ញា​សន្តិភាព​មួយ ​និង​ការ​បញ្ចប់​អរិភាព​រយៈពេល​ជិត​៧០​ឆ្នាំ។ សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០-៥៣ ត្រូវបាន​បញ្ចប់​តែ​ជាមួយ​បទ​ឈប់​បាញ់​មួយ​ប៉ុណ្ណោះ ​មិនមែនជា​សន្ធិសញ្ញា​សន្តិភាព​ទេ។​​នៅ Koreatown ក្នុង​ទីក្រុង Los Angeles, មនុស្ស​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា​សម្រាប់​ការមើល​ជា​សហគមន៍​នៃ​កិច្ចប្រជុំ​កំពូល​នេះហើយ​បាន​អបអរសាទរ​និង​ទះដៃ​នៅពេល​លេច​រូបភាព​នៃ​ការ​ចាប់ដៃ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​

Koreatown ជា​កន្លែង​ប្រមូលផ្តុំ​ដ៏​ធំ​បំផុត​មួយ​របស់​ជនជាតិ​កូរ៉េ​នៅ​សហរដ្ឋអាមេរិក​ហើយ​ពលរដ្ឋ​ជាច្រើន​នៅ​ទី​នោះបាន​សម្តែង​នូវ​ក្តីសង្ឃឹម​របស់​ពួកគេ​ចំពោះ​លទ្ធផល​វិជ្ជមាន​នៃ​កិច្ចប្រជុំ​កំពូល​ក្នុងប្រទេស​សិង្ហ​បុរី​។​



នៅ​ឆ្នេរ​ភាគ​ខាងកើត​សហរដ្ឋអាមេរិក ហ្វូងមនុស្ស​ក៏បាន​ចូលរួម​ក្នុងការ​ទស្សនា​ដ៏​ធំ​នៃ​ព្រឹត្តិការណ៍​នេះ​ផងដែរ​ដោយមាន​មនុស្ស​ជាច្រើន​បាន​ប្រមូលផ្តុំ​គ្នា​នៅឯ​ទីលាន Times Square របស់​ទីក្រុង​ញូវយ៉ក​ដើម្បី​មើល​កិច្ចប្រជុំ​កំពូល​នេះ​នៅលើ​អេក្រង់​ទូរទស្សន៍​។​

នៅ​ទីក្រុង​តូ​ក្យូ មនុស្ស​បាន​ប្រញាប់ប្រញាល​ទិញ​លេខ​ពិសេស​របស់​កាសែត​ដែល​ចុះផ្សាយ​អំពី​កិច្ចប្រជុំ​កំពូល​នេះ​ខណៈដែល​ប្រជាជន​ជប៉ុន​កំពុង​ឃ្លាំមើល​ចលនា​របស់​គីម​យ៉ាង​យកចិត្តទុកដាក់​ដែល​កាលពីមុន​បាន​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត​លើ​ប្រទេស​ជប៉ុន​៕ CNA



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu