Ad Code

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា ​រិះគន់​ធ្ងន់​ៗ​លើ​រដ្ឋាភិបាល​អូស្ត្រាលី ដែល​រៀបចំ​ច្បាប់​មិន​ឱ្យ​ប្រទេស​ដទៃ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន



ភ្នំពេញ ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ រិះគន់​ធ្ងន់ៗ​ទៅលើ​រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី ដែល​រៀបចំ​ច្បាប់​មិនឱ្យ​ប្រទេស​ដទៃ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន ខណៈ​ប្រទេស​នេះ បាន​វាយប្រហារ​យ៉ាងខ្លាំង​ក្លា លើ​វិធានការ​នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើឡើង​ក្នុង​គោលបំណង ការពារ​ដល់​សុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ និង​ការពារ​អធិបតេយ្យភាព​របស់ខ្លួន​។​

លោក ខៀវ កាញារីទ្ធ លើកឡើង​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ និង​បន្ទាប់ពី​សភា​អូស្ត្រាលី គ្រោង​នឹង​អនុម័ត​ច្បាប់​មួយ ដែល​គេ​ហៅថា The Espionage and Foreign Interference bill ដែល​សំដៅ​ទប់​ការ​លូកលាន់​របស់​បរទេស ទៅក្នុង​ឆាកនយោបាយ​របស់ខ្លួន ដោយ​ផ្តោតជាសំខាន់​លើ​ការចូល​ជ្រៀតជ្រែក ក្នុង​ដំណើរការ​បោះឆ្នោត​។​

លោក ខៀវ កាញារីទ្ធ បញ្ជាក់​យ៉ាងនេះ​ថា “​នៅក្នុង​អាទិត្យ​នេះ សភា​អូស្ត្រាលី នឹង​អនុម័ត​ច្បាប់​ដែល​គេ​ហៅថា The Espionage and Foreign Interference bill ដែល​សំដៅ​ទប់​ការ​លូកលាន់​របស់​បរទេស ទៅក្នុង​ឆាកនយោបាយ​របស់​អូស្ត្រាលី ដោយ​ផ្តោតជាសំខាន់​លើ​ការចូល​ជ្រៀតជ្រែក​ក្នុង​ដំណើរការ​បោះឆ្នោត (​ការគាំទ្រ និង​ការផ្តល់​អំណោយ​បរទេស​ដល់​គណបក្ស​នានា ការជួយ​កាសែត​នានា សរសេរ​គាំទ្រ​គណបក្សនយោបាយ​...) “​។ លោក​លើកឡើង​ទៀតថា “​គាត់​ចេញ​ច្បាប់​ក្នុងស្រុក​គាត់​ទប់​មិនអោយ​គណបក្សនយោបាយ​ស្រុក​គាត់​មានការ​ទាក់ទង និង​ទទួល​ជំនួយ​ពី​បរទេស តែ​មក​រិះគន់​កម្ពុជា ដែលមាន​វិធានការ​ចំពោះ​បក្ស ដែល​ប្រកាស​ជា​ចំហ​ថា មាន​បរទេស​នៅ​ពីក្រោយ​ខ្លួន​។ គិត​ទៅ​ម្យ៉ាងដែរ អ្នកធំ​ផោម​គេ​ថា តេជគុណ​ដើរខ្យល់​ស្រួល​ណាស់ អ្នកតូច​ផោម​គេ​ដេញ​ធាក់​តែ​អញ្ចឹង​”​។​

សូមបញ្ជាក់ថា កន្លងមក​រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី ក៏ដូចជា​សមាជិកសភា​របស់​អូស្ត្រាលី មួយចំនួន​តែងតែ វាយប្រហារ​មិន​សំចៃ​មកលើ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា លើ​វិធានការ​មួយចំនួន ដែល​ធ្វើឡើង​ក្នុង​គោលបំណង ការពារ​ដល់​សុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ និង​ការពារ​អធិបតេយ្យភាព​របស់ខ្លួន ជាពិសេស​ការចាត់វិធានកា​រ​ក្តៅ​ចំពោះ​ក្រុម​ចលនា​ឧទ្ទាម​ក្រៅច្បាប់ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu