ព្រះវិហារ ៖ ក្នុងគោលបំណងអោយមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មានការស្ងប់ចិត្តពីរឿងតែងតាំងមន្ត្រី និងដើម្បីបញ្ចប់កាrរិះគន់នានា ពីសំណាក់ប្រភពមិនច្បាស់លាស់ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអញ្ជើញលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មកធ្វើជាសាក្សី និងផ្តល់ភាពយុត្តិធម៌ក្នុងការតែងតាំងមន្ត្រីរាជការនៃមន្ទីរនេះ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអះអាងថា ការដែលមន្ទីរអនុវត្តការតែងតាំងមុខតំណែងមន្ត្រីដោយសមូហភាពជ្រើសរើសបែបនេះគឺបញ្ចប់ការរិះគន់ ក្នុងការតែងតាំងមន្ត្រី, ថ្ងៃនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ អញ្ជើញថ្នាក់ដឹកនាំខេត្ត ចូលរួមធ្វើជាសាក្សី និងផ្តល់ភាពយុត្តិធម៌។
លោក សំ លាងទ្រី បានថ្លែងទៀតថា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសទុក្ខកង្វល់មន្ត្រីរាជការ, មន្ទីរបានដាក់រាល់កិច្ចការទាំងអស់ ឲ្យអង្គប្រជុំដើម្បីធ្វើការអនុម័ត ទុកពេលវេលាឲ្យមន្ត្រីរាជការម្នាក់ៗ បញ្ចេញមតិ លើកអំពីទុក្ខលំបាកបញ្ហាប្រឈមនានា។ មន្ទីរសាធារណការ អនុវត្តតាមសមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ រាល់បញ្ហាតែងតាំងមន្ត្រីរាជការទាំងអស់ គឺតែងដាក់នៅក្នុង អង្គប្រជុំដើម្បី ពិភាក្សាគ្នាជាសមូហភាព ថាតើមន្ត្រីរាជការនីមួយៗ គួរមានឧបនិស្ស័យក្នុងការតែងតាំងអត់ ជៀសវាងការវាយប្រហារពីមជ្ឈដ្ឋានខាងក្រៅ មកលើមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
ជាក់ស្ដែង នៅថ្ងៃនេះមន្ត្រីរាជការទាំងអស់ ដែលមានវត្តមាននៅទីនេះ ដោយកន្លងមកមន្ទីរតែងធ្វើការតែងតាំង មន្ត្រីដោយឆ្លងកាត់របៀបនេះ (តាមរយៈអង្គប្រជុំ) ដោយការបោះឆ្នោតដោយយុត្តិធម៌ និងសុក្រឹតបំផុត ហើយបេក្ខភាពដែលមន្ទីរបានលើក គឺអង្គប្រជុំជាអ្នកសម្រេច ទោះជាអ្នកនោះសមត្ថភាពប៉ុណ្ណាក៏ដោយ ឲ្យតែអង្គប្រជុំឯកភាព អនុម័តគឺត្រូវធ្វើការតែងតាំង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏មានមជ្ឈដ្ឋានមួយចំនួនលាបពណ៌ វាយប្រហារតាមរយៈប្រភពព័ត៌មានមិនច្បាស់លាស់មួយចំនួនតូច ថា ការតែងតាំងមន្ត្រីជាការតែងតាំងដោយបក្ខពួកនិងតាមខ្សែរយៈទៅវិញ។
ជាមួយគ្នានោះលោក សំ លាងទ្រី បានបន្តថា ថ្ងៃនេះមន្ទីរសាធារណការមានកិត្តិយសដោយបានថ្នាក់ដឹកនាំខេត្ត អញ្ជើញចូលរួមត្រួតពិនិត្យការតែងតាំងមន្ត្រី ថាតើ ពិតដូចការចោទប្រកាន់អត់ ដូច្នេះទោះបីជាការ លើកឡើងរបស់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យនានាចំពោះបេក្ខភាព ដែលត្រូវតែងតាំងនោះយ៉ាងណាក៏ដោយ គឺអង្គប្រជុំសម្រេចលើការអនុមត័តាមថ្នាក់ដឹកនាំខេត្ត ដូច្នេះមិនអាចចោទថា មន្ទីរតែងតាំងនេះវាមិនយុត្តិធម៌ បក្ខពួកទៀតនោះទេ។
ក្នុងពិធីនោះដែរ លោក ប្រធានមន្ទីរក៏បានថ្លែងនូវការកោតសរសើរ ចំពោះមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ទទួលបានជោគជ័យនាពេលកន្លងមកហើយ យើងនឹងរួមសាមគ្គីគ្នាដើម្បីឲ្យការងាររបស់យើងបានទទួលជោគជ័យជាបន្តទៀត។
លោក គោ ស៊ុប៊ុនសឿត បានលើកឡើងរបស់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យនានាជុំវិញ ការវាយតម្លៃលើបេក្ខភាពចំនួន២រូប ដែលត្រូវតែងតាំងជាអនុប្រធានការិយាល័យ ចុះបញ្ជីយានយន្តនោះ លោកក៏សម្រេចជ្រើសរើសយកបេក្ខភាពមួយរូប ដែលមានការគាំទ្រច្រើនពីថ្នាក់ដឹកនាំមន្ទីរការិយាល័យនានាឲ្យកាន់តំណែងជាអនុប្រធានការិយាល័យ ចុះបញ្ជីយានយន្ត។
នៅចំពោះមុខមន្ត្រីរាជការមន្ទីរសាធារណការខេត្តនោះ លោកអភិបាលរងខេត្តក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារថា មន្ត្រីរាជការស៊ីវិលត្រូវមានគុណសម្បត្តិ៤ជាចម្បង។ ទី១ ឆន្ទៈម្ចាស់ការបានន័យថា ទឹកចិត្តស្រឡាញ់ការងារមានគំនិតផ្តួចផ្តើមច្នៃប្រឌិត បំពេញកាតព្វកិច្ចក្នុងស្មារតីជាក្រុម ធ្វើការជាក្រុម ឈ្មុសឈ្មុល និងការងារ និងជម្នះរាល់ឧបសគ្គ។ ទី២ ភក្តីភាពចំពោះស្ថាប័ន និងចំពោះបងប្អូនប្រជាពលរដ្ឋ។ ទី៣ មនសិការវិជ្ជាជីវៈនេះ គឺចង់សំដៅលើមន្ត្រីរាជការទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រង នៃច្បាប់ ហើយមនសិការវិជ្ជាជីវៈនេះបានបែងចែករហូត១៥ចំណុច ក្នុងនោះលោកបានលើកយក ចំណុចទី១០ ចែងថា មន្ត្រីរាជការត្រូវប្រកាន់ភ្ជាប់កាតព្វកិច្ចលាក់ការ មានន័យថា មិននិយាយអ្វី ឫសរសេរអ្វីដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់អង្គភាព ឫសមត្ថកិច្ចថ្នាក់ដឹកនាំ ឡើយ។ នេះជាគោលការណ៍ដ៏ចម្បងមួយរបស់មនសិការវិជ្ជាជីវៈមន្ត្រីរាជការ គឺមិននិយាយអ្វីឲ្យប៉ះពាល់ដល់ស្ថាប័ន ឬបុគ្គលនៅក្នុងអង្គភាព។
លោកអភិបាលរងខេត្តលើកឡើងទៀតថា ជាក់ស្តែងដូចថ្ងៃនេះ អង្គភាពថា សម្រេចយ៉ាងម៉េចយើងបានឯកភាពគ្នាហើយ ការផ្តល់ឱកាសឲ្យមន្ត្រីរាជការបានបញ្ចេញមតិ មានតែនៅទីនេះ បើចេញទៅក្រៅយើងនិយាយអីនោះ បានន័យថា ខុស និងគោលការណ៍វិជ្ជាជីវៈហើយ នេះចូលដល់បរិហារកេរ្តិ៍អង្គភាព ដែលអង្គភាព និងស្ថាប័ននីមួយៗមានបទបញ្ជាផ្ទៃក្នុង នៅទីនេះយើងអាចនិយាយបាន តែដល់ពេលនិយាយខាងក្រៅគឺចូលដល់បទបរិហារកេរ្តិ៍គេហើយ ដូច្នេះអង្គភាពអាចដាក់ទោសទណ្ឌ បានលើសពីនេះអាចប្រឈម និងផ្លូវច្បាប់ក៏មាន។
ចំពោះការងារនេះលោកអភិបាលរងខេត្ត ក៏បានធ្វើការសំណូមពរឲ្យមន្ត្រីយើងត្រូវមានការស្មោះត្រង់ មានកិច្ចការអីយើងត្រូវលើកយកមកពិភាក្សាគ្នាលើតុ មិនត្រូវដើរទៅនិយាយខាងក្រៅនោះទេ៕
Source: Kampuchea Thmey Daily
0 Comments