Ad Code

អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​អំពើ​ហិង្សា​ក្រុម​ជើង​កាង ​លែង​ជា​មូលដ្ឋាន​សម្រាប់​ការ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក​ទៀតហើយ



អគ្គមេធាវី​អាមេរិក​លោក Jeff Sessions បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ជនរងគ្រោះ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​និង​អំពើហិង្សា​ដោយ​ក្រុមជើងកាង ​នឹង​លែងមាន​សិទ្ធិ​ជ្រកកោន​ទៀតហើយ​។ នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​កាត់បន្ថយ​លំហូរ​នៃ​ក្រុមគ្រួសារ​ជនអន្តោប្រវេសន៍​ខុសច្បាប់​មកពី​តំបន់​អាមេរិក​កណ្តាល​។​

នៅក្នុង​ការសម្រេចចិត្ត​លើ​ករណី​នៃ​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​មកពី​ប្រទេស​អែល​សាល់​វ៉ា​ឌ័​រដែ​ល​ត្រូវបាន​ចាប់រំលោភ​និង​ធ្វើបាប​ដោយ​ស្វាមី​របស់​នាង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​, លោក Sessions បាន​និយាយថា អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ត្រូវតែ​បង្ហាញថា ពួកគេ​បាន​ទទួលរង​ការ​បៀតបៀន​ដែល​កើតចេញពី​សមាជិកភាព​របស់​ពួកគេ​នៅក្នុង​ក្រុម​ខុសគ្នា​។​

លោក Sessions បាន​និយាយថា “​ជនបរទេស​ម្នាក់​អាច​រង​ការគំរាមកំហែង​និង​អំពើ​ហិង្សា​នៅក្នុង​ប្រទេសក្រៅ ​ដោយសារ​ហេតុផល​មួយចំនួន​ទាក់ទង​នឹង​សង្គម សេដ្ឋកិច្ច គ្រួសារ​ឬ​ស្ថានភាព​ផ្ទាល់ខ្លួន​ដទៃទៀត​របស់​នាង​។ ប៉ុន្តែ​លក្ខន្តិកៈ​សុំ​សិទ្ធិ​ជ្រកកោន​គឺ​មិនបាន​ផ្តល់​ការ​ដោះស្រាយ​សម្រាប់​សំណាងអាក្រក់​ទាំងអស់នេះ​ឡើយ​”​។​

នេះ​ជាការ​បដិសេធ​ចំពោះ​សេចក្តីសម្រេច​សុំ​សិទ្ធ​ជ្រកកោន​កាលពី​លើក​មុន​ដែល​បាន​ទទួលយក​ស្ត្រី​រៀបការ​ហើយ​ដែលជា​ជនរងគ្រោះ​នៃ​ទំនាក់ទំនង​អំពើហិង្សា​។​

សេចក្តីសម្រេច​នេះ​បានកើត​ឡើងជា​ផ្នែក​មួយ​នៃ​ការ​រុញច្រាន​ចំពោះ​ការមកដល់​របស់​ជន​អន្តោប្រវេសន៍​រាប់ពាន់នាក់​ពី​ប្រទេស​ហុង​ឌូ​រ៉ា​ស់ ហ្គា​តេ​ម៉ា​ឡា​និង​អែល​សាល់​វ៉ា​ឌ័​រកា​លពី​ឆ្នាំមុន​ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​អំពើហិង្សា​រីក​រាលដាល​នៅក្នុង​ប្រទេស​របស់​ពួកគេ​។​

ភាគច្រើន​នៃ​ពួកគេ​បាន​ឆ្លងកាត់​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​ហើយ​បាន​សុំ​សិទ្ធិ​ជ្រកកោន​ភ្លាមៗ​។​
​កាលពីដើម​ខែឧសភា លោក Sessions បានប្រកាសថា អ្នក​ឆ្លងដែន​ខុសច្បាប់​រួមទាំង​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ផងដែរ​គឺ​នឹង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ហើយ​ឪពុកម្តាយ​និង​កូនៗ​នឹងត្រូវ​បាន​បំបែក​គ្នា​។​

គោលនយោបាយ​នេះ​បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា​និង​ការចោទប្រកាន់​ពី​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ថា សិទ្ធិ​កុមារ​កំពុង​ត្រូវបាន​រំលោភបំពាន​ដោយ​គោលនយោបាយ​នេះ​។​

គួរ​បញ្ជាក់ថា ការដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​មាន​ជាង​៧,៨០០​ត្រឹមតែ​ក្នុង​ខែមីនា​តែមួយ​ហើយ​តុលាការ​អន្តោប្រវេសន៍​បាន​ប្រឈមមុខ​នឹង​បញ្ជី​មិនទាន់​ធ្វើ​ហើយ​ដែលមាន​ប្រហែលជា ៧០០,០០០​នៃ​ករណី​គ្រប់​ប្រភេទ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu