Ad Code

ព្រឹត្តិការណ៍​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​ឆ្នាំនេះ មាន​អ្នកចូលរួម​ជាង​៤.០០០​នាក់



ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​អន្តរជាតិ​ឆ្នាំ​២០១៨​នេះ នឹងធ្វើ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧​ខែ​មិថុនា ដោយ​កំណត់​ការចេញដំណើរ និង​ដល់​ទី​នៅមុខ​ព្រះបរមរាជវាំង​ដូច​រៀងរាល់​ឆ្នាំ។

រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​អន្តរជាតិ ជា​ព្រឹត្តិការណ៍​មួយ ធ្វើឡើង​ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ដើម្បី​មនុស្សធម៌ សុខភាព មិត្តភាព សាមគ្គីភាព និង​កិច្ចការពារ​បរិស្ថាន។

ក្នុង​សន្និសីទកាសែត​នា​ព្រឹក នៅ​​ថ្ងៃ​ទី​១២​ មិថុនា លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​កន្លងទៅ​មាន​អ្នកចូលរួម​រត់​ជាង​៤.០០០​នាក់​សម្រាប់​ឆ្នាំនេះ​លោក​មាន​ជំនឿ​ចិត្ត​ថា ចំនួន​អ្នករត់​នឹង​កើនឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ។​

លោក​ពន្យល់​ថា មូលហេតុ​ ដែល​ចំនួន​អ្នកចូលរួម ពិសេស​ជនបរទេស​ចូលរួម​មិនសូវ​ច្រើន​នោះ ដោយសារតែ​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​ធំៗ​នៅ​ក្រៅ​ប្រទេស​ ទើបតែ​បញ្ចប់ ហើយ​អ្នកចូលរួម​រត់​ចម្ងាយ​ឆ្ងាយ​បែបនេះ​គេ​ត្រូវការ​សម្រាក​តិច​បំផុត ដើម្បី​ស្ដារ​កម្លាំង​ឡើងវិញ​អញ្ចឹង​ហើយ​ទើប​ជនបរទេស​ដែល​មក​ចូលរួម​មិនសូវមាន​ច្រើន​នោះ។

ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​គេ​សង្កេត​ឃើញ​ថា គិត​ត្រឹម​ពេលនេះ​អ្នកចូលរួម​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​ជា​ជនបរទេស​មាន​ចំនួន​ជាង​២០០​នាក់ ខ្មែរ​ជាង​១០០​នាក់ រត់​១០​គីឡូម៉ែត្រ​បរទេស​ជាង​២០០​នាក់ ខ្មែរ​ជាង​១.០០០​នាក់ និង​រត់ ៣​គីឡូម៉ែត្រ​បរទេស​ជាង​៥០​នាក់ និង ខ្មែរ​ជាង​១.០០០​នាក់។ បរទេស​គឺ​មកពី​ប្រទេស​ចំនួន​៣៦។

លោក​អគ្គលេខាធិការ បាន​ធ្វើការ​កត់សម្គាល់​ថា នេះ​ជា​ព្រឹត្តិការណ៍​រត់​ប្រចាំ​ឆ្នាំ ដើម្បី​អបអរ​ពិធី​បុណ្យចម្រើនព្រះជន្ម​សម្ដេចម៉ែ។ ថវិកា​ដែល​បាន​ពី​ការ​រត់​នេះ នឹង​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការងារ​មនុស្សធម៌​នោះ​គឺ​ការ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។​ លោក​អគ្គលេខាធិការ​បា​ន​ចាត់ទុកថា អ្វីដែល​ប្លែក​សម្រាប់​ឆ្នាំនេះ គឺ​ជនជាតិ​កម្ពុជា​ចូលរួម​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង និង​១០​គីឡូម៉ែត្រ​ច្រើនជាង​ឆ្នាំ​កន្លងទៅ។ នេះ​បញ្ជាក់ថា សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​ពួកគេ​កាន់តែ​កាន់ ប្រសើរ​ជាង​មុន។​

លោក​សែម ផល្លា ដែល​ជា​មន្ត្រី​ទទួលបន្ទុក​ខាង​រៀបចំ​បច្ចេកទេស​ប្រកួត​បាន​បញ្ជាក់ថា ឆ្នាំនេះ​ការរត់​២១​គីឡូម៉ែត្រ​មិន​មាន​ឆ្លងស្ពាន​ឡើយ ព្រោះ​ស្ពាន​ជ្រោយ​ចង្វារ​មានតែ​មួយ​បើ​រត់​ឆ្លង​ស្ពាន​នឹង​បង្ក​ឲ្យ​ស្ទះ​ចរាចរ។ ការ​រត់​គឺ​ធ្វើ​ត្រឹមតែ​រង្វង់​ត្រើយ​ខាងលិច​ដោយ​ឆ្លងកាត់​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ និង​តំបន់​កោះ​ពេជ្រ​តែប៉ុណ្ណោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu