ភ្នំពេញ ៖ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានប្រកាសអំពីគោលនយោបាយតម្លៃប្រេង ដែលបានធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោហ៊ុនសែនបានលើកឡើងថាចាប់ពីថ្ងៃទី ១ កក្កដា ទៅ តម្លៃប្រេងគ្រប់ប្រភេទនឹងត្រូវបានបញ្ចុះ ៤ សេនដុល្លារក្នុង ១លីត្រ។ ដោយរដ្ឋាភិបាលត្រូវបំពេញខាត ២ សេនដុល្លារ និង វិស័យឯកជនបំពេញខាត ២ សេនដុល្លារ ក្នុង១លីត្រ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសបែបនេះនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែ មិថុនា នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោមានប្រសាសន៍ថា ខ្ញុំសុំប្រកាសចេញសម្រាប់វិស័យរដ្ឋក៏ដូចជាវិស័យឯកជនដែលកាលបរិច្ឆេទនឹងត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែកក្កដាឆ្នាំ ២០១៨។ ថ្ងៃនេះប្រកាសចេញអំពីបញ្ហាប្រេងឡើងថ្លៃនៅក្នុងប្រទេសរបស់យើង ។ សម្តេចតេជោបន្តថា ក្នុងរយៈពេល ៥ ខែកន្លងមកនេះរាជរដ្ឋាភិបាលបានឧបត្ថម្ភទុនដោយស្ងាត់ស្ងៀមសម្រាប់រក្សាតម្លៃប្រេងនៅក្នុងស្រុកកុំឲ្យឡើងជ្រុល រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ចំនួន ៨២,៨ លានដុល្លារឧបត្ថម្ភទុន។ សម្តេចតេជោ ហ៊ុន សែន បានបន្តថាវិធានការនេះវាមិនគ្រប់គ្រាន់ទេ យើងត្រូវមានវិធានការបន្ថែមទៀតតាមរយៈការរៀបចំពីរបែប ទី១.កំណត់តម្លៃមូលដ្ឋានគិតពន្ធឲ្យសមស្របតម្លៃទីផ្សារអន្តរជាតិ និង ទី២. បញ្ចុះអត្រាអាករពិសេសប្រេងសាំងពី ៣៥ ភាគរយមក ១៥ភាគរយ , ប្រេងម៉ាស៊ូតពី១៥ ភាគរយ មក ៥,៥ ភាគរយ និង ប្រេងកាតពី ១៥ ភាគរយ មក ១០ ភាគរយ។ តាមរយៈវិធានការនេះរដ្ឋត្រូវខាតប្រមាណ ៣០ លានដុល្លារក្នុង១ឆ្នាំបន្ថែមទៀតជា មួយការឧបត្ថម្ភទុនដោយស្ងាត់ស្ងៀមកន្លងមក។ ដូចនេះរដ្ឋនឹងត្រូវរួមចំណែកកាត់បន្ថែយថ្លៃប្រេង២ សេនដុល្លារក្នុងមួយលីត្រ និង ផ្នែកក្រុមហ៊ុនប្រេងឯកជនទាំងអស់ជួយបំពេញខាត ២ សេនដុល្លារក្នុង១លីត្រ។
ដូចនេះចាប់ពីថ្ងៃទី ១ ខែ កក្កដា តទៅតម្លៃប្រេងត្រូវចុះថោកចំនួន ៤ សេនដុល្លារក្នុង ១ លីត្រ ស្មើ នឹង ១៦០ រៀលក្នុង១លីត្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា នេះជាការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃប្រេងដើម្បីកាត់បន្ថយផលប៉ះពាល់ពីការឡើងថ្លៃប្រេង។ ដូចនេះប្រសិនជាតម្លៃប្រេងនៅទីផ្សារអន្តរជាតិចុះថ្លៃ ប្រេងនៅកម្ពុជាក៏ត្រូវតែបន្តចុះថ្លៃ។ សម្តេចបន្តថា ពីមុនប្រេងឡើងថ្លៃវាប៉ះពាល់តែទៅលើអ្នកជិះរថយន្តតែប៉ុណ្ណោះ តែបច្ចុប្បន្នការឡើងថ្លៃប្រេងវាបានធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើនរាប់ទាំងវិស័យកសិកម្មផងដែរ ដោយសារតែប្រជាជនកម្ពុជាបានប្រើប្រាស់គ្រឿងយន្តសម្រាប់ធ្វើកសិកម្មជំនួសសត្វពាហនៈមានដល់ ៩៨ ភាគរយ។
ជាមួយនេះសម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រសួងពាណិជ្ជកម្មពិនិត្យតាមដាមឲ្យបានម៉ត់ ចត់ចំពោះតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ និង តម្លៃប្រេងនៅក្នុងស្រុក។ ជាមួយនេះសម្តេចក៏បានអំពាវនាវឲ្យក្រុមហ៊ុនប្រេងក្នុងស្រុក ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាជននាពេលកន្លងមក រឿងប្រេងឡើងលឿន ដល់ពេលចុះវាយឺត។ បានសេចក្តីថា នៅពេលដែលប្រេងនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ គឺប្រេងនៅក្នុងស្រុកឡើងភ្លាមដែរ ប៉ុន្តែនៅពេលដែលប្រេងអន្តរជាតិចុះថោកនៅកម្ពុជាមិនបានចុះទេគឺ ១០ ថ្ងៃក្រោយទើបចុះថ្លៃ។ សម្តេចបានលើកឡើងថា នៅពេលដែលប្រេងនៅទីផ្សារអន្តរជាតិឡើងថ្លៃតាមពិតទៅ ស្ថានីយប្រេងនៅកម្ពុជាមានស្តុកប្រេងចាស់នៅឡើយទេដូចនេះមិនគួរឡើងថ្លៃនោះទេ ហើយនៅពេលដែលតម្លៃប្រេងទីផ្សារអន្តរជាតិឡើងថ្លៃក៏ប្រេងនៅក្នុងស្ថានីយក្នុងស្រុកមិនបាននាំចូលភ្លាមនោះដែរ។ ដូចនេះគួរតែលក់តម្លៃចាស់បានហើយមិនគួរឡើងថ្លៃនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា អនុក្រឹត្យទាក់ទងទៅពន្ធប្រេងនិងត្រូវដាក់ឲ្យអនុវត្តនៅថ្ងៃទី១ ខែកក្កដា។
សម្តេចតេជោបានបន្តថា ការឡើងថ្លៃប្រេងមិនមែនជារដ្ឋាភិបាលជាអ្នកកំណត់នោះទេគឺវាទាក់ទង អង្គការ អូរពិជ្រ ដែលជាអ្នកផលិតប្រេងតែប៉ុណ្ណោះ។ តែយើងក៏ត្រូវមានវិធានការទប់ទល់ការឡើងថ្លៃប្រេងនេះ ដើម្បីទប់ស្កាត់ផលប៉ះពាល់អំពីការដំឡើងថ្លៃប្រេង។ ប្រជាជនអាចពិនិត្យមើលអំពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការខិតខំកាត់បន្ថយនូវប្រាក់ ចំណូលនានាដើម្បីបំពេញតម្រូវការដោយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសដែលធ្វើឲ្យជីវភាពរបស់គ្រួសារប្រជាពលរដ្ឋមានការកើនឡើង និងកាត់បន្ថយចំណាយ៕
Source: Kampuchea Thmey Daily
0 Comments