យោងតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបញ្ជាក់ថា អ្នកជំនាញមកពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ទទួលបន្ទុកផ្នែកដោះដូរកីឡាករ បានចុះមកចែករំលែកបទពិសោធន៍រយៈពេល២ថ្ងៃដល់ក្លិបជាសមាជិកពានរង្វាន់ពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018 ទាំង១២។
ប្រភពបានបញ្ជាក់ថា មន្ត្រីរដ្ឋបាលទទួលបន្ទុកផ្នែកផ្ទេរកីឡាករជាតិ និង អន្តរជាតិ ពីបណ្ដាក្លិបបាល់ទាត់អាជីពទាំង១២នៅក្របខណ្ឌ Metfone Cambodian League 2018 បានចូលរួមសិក្ខាសាលាស្ដីពីការផ្ទេរកីឡាករកម្រិតថ្នាក់ជាតិ (Domestic Transfer Matching System) នៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានការិយាល័យក្នុងពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។
ប្រភពបានបន្តថា សិក្ខាសាលាពិសេសនេះ មានការចូលរួមពីគ្រូឧទ្ទេស៣រូបពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) គឺលោក ប៊ែរី រ៉ូបឺត, លោកស្រី អាណាបេល បេលហ្ស៊ន វីយ៉ាណូវ៉ា និង លោកស្រី សឺមីរ៉ា យ៉ដាត ដែលបានប្រព្រឹត្តទៅពីថ្ងៃអង្គារ ទី១៩ និង ពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។ លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃ CNCC ប្រាប់ថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺចែករំលែករបៀបផ្ទេរកីឡាករកម្រិតថ្នាក់ជាតិតាមលក្ខណៈប្រព័ន្ធ។
សម្រាប់ទីផ្សារដោះដូរកីឡាករសម្រាប់ជុំទី២នៃក្របខណ្ឌ Metfone Cambodian League រដូវកាល២០១៨ កំពុងតែដំណើរការនៅឡើយដោយមានរយៈពេល១៥ថ្ងៃគត់ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៨នេះ។ ដូច្នេះសិក្ខាសាលានៃការចែករំលែកនេះគឺចំពេលនៃការដោះដូរកីឡាករប្រចាំលីគកំពូលកម្ពុជា តែម្តង។
សូមរំលឹកថា កន្លងមកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្លាប់បានសហការជាមួយមន្ត្រីជំនាញពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បង្កើតវគ្គសិក្សាផ្នែក«អាជ្ញាប័ណ្ណក្លិប ឬ Club Licensing » និងវគ្គរបៀបចុះឈ្មោះកីឡាកររបស់ខ្លួននីមួយៗតាមរយៈប្រព័ន្ធអ៊ីនធើណែត ឬអនឡាញ (FIFA Connect) ដល់ក្លិបទាំង១២ជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជា ម្តងរួចមកហើយដើម្បីទទួលបានការទទួលស្គាល់ពី AFC ថាតើក្លិបនោះត្រូវមានលក្ខខណ្ឌអ្វីខ្លះមានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ ដើម្បីក្លាយជាក្លិបអាជីពមួយអាចលេងក្នុងពានរង្វាន់រង្វាន់ AFC Cup បាន៕
Source: Kampuchea Thmey Daily
0 Comments