ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យអ្នកនយោបាយទាំងអស់ប្រកាន់យកការឃោសនាបែបការផ្សាយពាណិជ្ជកម្មទំនិញ គឺលើកសរសើរតែពីទំនិញខ្លួនឯងបានហើយ កុំបង្អាប់ទំនិញរបស់អ្នកដទៃ។
សម្តេចតេជោបានលើកឡើងបែបនេះ បន្ទាប់ពីមានសមាជិកនៃគណបក្សមួយបានចូលទៅ Comment នៅក្នុង Facebook របស់សម្តេចដោយប្រៀបធៀបបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សខ្លួន ជាមួយបេក្ខជននាយករដ្ឋមន្ត្រីគណបក្សកាន់អំណាចមាន៧ចំណុចខុសគ្នា ។ សម្តេចបានប្រាប់ទៅអ្នកដែលចូលមក Comment ក្នុងហ្វេសប៊ុកនោះថា បេក្ខជនគណបក្សលោកគឺជាមនុស្សដែលសម្តេចធ្លាប់បានបញ្ជូនទៅរៀននៅអាឡឺម៉ង់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តាំទៅបុគ្គលនោះទៀតថា សូម្បីសាមីខ្លួននៅឆ្នាំ ២០១១ ក៏ធ្លាប់បានអរគុណចំពោះសម្តេចដែលបានរំដោះខ្លួនឲ្យរស់រានមានជីវិតពីរបបខ្មែរក្រហម និងបានបញ្ជូនគាត់ទៅរៀននៅប្រទេសអាឡឺម៉ង់ ចាំទេនៅក្នុងឆ្នាំ ២០១១ ក្រោយមានទឹកជំនន់រាជរដ្ឋាភិបាលប្រជុំជាមួយអង្គការមិនមែនរដ្ឋាភិបាល។
សម្តេចបន្តថា ចរិតមនុស្សវាមិនដូចគ្នាទេ សុំកុំអាលអីក្មួយ ប្អូនអើយកុំអាលអី វាមិនទាន់ប្រាកដទេ អ្នកគ្រាន់តែចេះដាំដុះ អ្នកគ្រាន់តែចេះគិតគូរ តែអ្នកមិនទាន់អនុវត្តជាក់ស្តែងនៅឡើយទេ អ្នកមិនទាន់ច្បាស់ទេ កុំអាលប្រថុយប្រថានអី ហើយប្រសិនជាអ្នកគ្រាន់តែលើកអំពីតួអង្គបេក្ខជនរបស់អ្នកទៅបានហើយ អ្នកកុំបន្ទុះបង្អាប់អ្នកដទៃ”។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះនៅព្រឹកថ្ងៃទី ២២ ខែ មិថុនា ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
បើទោះបីសម្តេចមិនបញ្ចេញឈ្មោះគណបក្សនោះ តែគេអាចដឹងបានថា គណបក្សមួយនោះគឺ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សនេះគឺ លោក យ៉ង់ សែមកុមារ ដែលមានជំនាញខាងកសិកម្ម។
សម្តេចតេជោបានសុំឲ្យអ្នកនយោបាយនានាតាំងខ្លួនជាអ្នកលក់ទំនិញ ដោយឃោសនាតែពីដំណឹងល្អរបស់ខ្លួនបានហើយ កុំបង្អាប់ទំនិញអ្នកដទៃ ។ ប្រសិនបើបង្អាប់ទំនិញរបស់គេ អ្នកអាចនឹងទទួលការតបតវីញដែលនាំឲ្យមានជម្លោះ។
សម្តេចបន្តថា អ្នកខ្លះមិនទាន់បានបង្ហាញស្នាដៃមួយណាឲ្យចេញជារូបរាងផង តែបានអួតក្អេងក្អាង។ ខ្ញុំស្គាល់ ខ្ញុំយល់ ប៉ុន្តែអ្នកមិនទាន់ចេះគ្រប់គ្រងមនុស្សសូម្បីតែអង្គការមួយ អ្នកឯងមិនទាន់អាចគ្រប់គ្រងបានផង កុំថាឡើយគ្រប់គ្រងប្រទេសមួយដែលមានប្រជាជនរាប់លាននាក់នោះ។ ខ្ញុំដឹងថា អ្នកកំពុងជំពាក់លុយគេ អ្នកកំពុងចង់លក់ម៉ាស៊ីនកិនស្រូវ និងលក់ដី។ ដូច្នេះយកល្អលើកតែពីគោលនយោបាយរបស់ខ្លួនបានហើយ កុំបង្អាប់អ្នកដទៃឲ្យសោះ។ ខ្ញុំចង់ឲ្យអ្នកនយោបាយទាំងអស់ក្លាយទៅជាអ្នកឃោសនាពាណិជ្ជកម្មទំនិញ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា " ខ្ញុំគ្រាន់តែផ្តាំត្រឡប់ទៅវិញថា មេរបស់អ្នកឯងត្រូវបានខ្ញុំបញ្ជូនទៅរៀន ទើបមានសញ្ញាបត្រ ត្រូវបានខ្ញុំរំដោះចេញពីរបបប៉ុលពត។ ឥឡូវបើយកសម្លេងដែលថតទុកមកចាក់ឲ្យអ្នកឯងស្តាប់ឡើងវិញក៏អ្នកឯងអាចយល់បានដែរ។ សុំកុំប្រធានជាងប្រធាន ប្រធានអត់ធ្វើទេ តែសមាជិកជាអ្នកធ្វើ ក្នុងពេលដែលប្រធានអរគុណដែលបានរំដោះគេ បញ្ជូនគេទៅរៀន។ អ្នកណាអ្នកធ្វើឲ្យគេក្លាយទៅជាបណ្ឌិត ទៅជាបញ្ញវ័ន្ត នោះគឺសម្តេច ដែលគេកំពុងប្រៀបធៀបជាមួយបេក្ខជនរបស់គេនោះ ...តែបេក្ខជននេះហើយដែលបានបណ្តុះបណ្តាលបេក្ខជនរបស់គេនោះ ត្រូវយល់អំពីបញ្ហាខ្លះផង ហើយចាំមើលលទ្ធផលក្រោយថ្ងៃ ២៩ កក្កដា ទើបវាច្បាស់កុំអាលអួតក្រែងវាជ្រុល”។ តែទោះបីយ៉ាងណា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា នេះមិនមែនជាការលើកឡើងរបស់ប្រធាននោះទេ គឺគ្រាន់តែជាសមាជិកបក្សម្នាក់ប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments